កម្ពុជាសង់កំពង់ផែកម្រិតអន្តរជាតិ ក្នុងខេត្តកំពត ចាយទុនប្រមាណ ១,៥០០លានដុល្លារ ដើម្បីពង្រីកសក្តានុពលនៃការដឹកជញ្ជូនតាមសមុទ្រ


(កំពត)៖ កំពង់ទឹកជ្រៅកម្រិតអន្តរជាតិដ៏ថ្មីសន្លាងមួយនៅក្នុងខេត្តកំពត ត្រូវបានបើកការដ្ឋានសាងសង់ជាផ្លូវការជាមួយទុនវិនិយោគដ៏សន្ធឹកសន្ធាប់ ១,៥០០លានដុល្លារអាមេរិក។ កំពង់ផែកម្រិតអន្តរជាតិដែលមានផ្ទៃដីរហូតដល់ទៅ ៦០០ហិកតានេះ ត្រូវបានរំពឹងថានឹងក្លាយជាសរសៃឈាមដ៏សំខាន់សម្រាប់ការដឹកជញ្ជូនផ្លូវសមុទ្ររបស់កម្ពុជា។

ពិធីបើកការដ្ឋានសាងសង់កំពង់ផែសមុទ្រទឹកជ្រៅកម្រិតអន្តរជាតិ ត្រូវបានធ្វើឡើងយ៉ាងមហោឡារិកនាព្រឹកថ្ងៃព្រហស្បតិ៍ ទី០៥ ខែឧសភា ឆ្នាំ២០២២ ក្រោមអធិបតីឯកឧត្តមឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីកម្ម និងសំណង់ តំណាងដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា។

កំពង់ផែនេះ ត្រូវបានគេប្រសិទ្ធនាមថា «មជ្ឈមណ្ឌលភស្តុភារកម្ម និងកំពង់ផែពហុបំណងកំពត» ត្រូវបានវិនិយោគដោយក្រុមហ៊ុន «កំពត ឡូជីស្ទីក អេន ផត»។ «មជ្ឈមណ្ឌលភស្តុភារកម្ម និងកំពង់ផែពហុបំណងកំពត» មានទីតាំងនៅភូមិចង្ហោន សង្កាត់ព្រែកត្នោត ក្រុងបូកគោ ខេត្តកំពត។

ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូ ន បានថ្លែងក្នុងពិធីបើកការដ្ឋានសាងសង់កំពង់ផែនេះថា ទីតាំងដីនៃគម្រោងវិនិយោគនេះជាទីតាំងដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ មានសក្តានុពលខ្ពស់សម្រាប់មជ្ឈមណ្ឌលភស្តុភារកម្មនិងកំពង់ផែពហុបំណង ដោយមានកត្តាអំណោយផលពីធម្មជាតិ រួមមាន៖ ជាតំបន់សមុទ្រទឹកជ្រៅ និងជាតំបន់ពុំសូវរងផលប៉ះពាល់ពីគ្រោះធម្មជាតិ ដោយមានរបាំងការពារព្យុះ រលក ពីកោះថ្មី កោះសេះ និងកោះត្រល់ ជាពិសេស ក្រុមហ៊ុនក៏បានសាងសង់ឃ្លងនាវាចរណ៍រួចជាស្រេចផងដែរ។

ឯកឧត្តមទេសរដ្ឋមន្ត្រី បានបង្ហាញពីលក្ខខណ្ឌអំណោយផលនៃទីតាំងកំពង់ផែនេះទៀតថា ជាទីតាំងស្ថិតនៅក្នុងតំបន់ដែលមានអំណោយផល ក្នុងការតភ្ជាប់ប្រព័ន្ធដឹកជញ្ជូនផ្លូវទឹក ផ្លូវគោក និងផ្លូវដែក មកកាន់រាជធានីភ្នំពេញ និងបណ្តាខេត្តនានា តាមរយៈផ្លូវជាតិលេខ៣ ផ្លូវជាតិលេខ៤១ ផ្លូវជាតិលេខ៤ ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ ផ្លូវជាតិលេខ៤៨ និងតភ្ជាប់ផ្លូវដែកភាគខាងត្បូង ទៅភាគខាងជើងនៃប្រទេស។

បើតាមឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល គម្រោងវិនិយោគខ្នាតយក្សមួយនេះ មានផែនការអនុវត្តជា ៣ដំណាក់កាល ជាមួយនឹងដើមទុនវិនិយោគសរុបប្រមាណ ១,៥០០លានដុល្លារអាមេរិក។ នៅក្នុងផែនការដំណាក់កាលទី១ មានការចាយទុនប្រមាណ ២០០លានដុល្លារអាមេរិក។

ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានឱ្យដឹងផងដែរថា គម្រោងនេះនឹងរួមបញ្ចូលនូវ៖ ទីលានកុងតឺន័រ តំបន់សេដ្ឋកិច្ចពិសេស តំបន់ពាណិជ្ជកម្មសេរី មជ្ឍមណ្ឌលភស្តុភាកម្ម ឃ្លាំងស្តុកទំនិញគ្រប់ប្រភេទ ឃ្លាំងភណ្ឌាគារគយ រោងចក្រផលិតនិងចែកចាយ រោងចក្រចម្រាញ់ប្រេងឥន្ធនៈ និងមជ្ឈមណ្ឌលប្រេងឥន្ធនៈ តំបន់លំនៅឋាន និងចំណតនាវាដឹកអ្នកដំណើរទេសចរ ព្រមទាំងចំណតនាវាប្រភេទជាសាឡង់ ដែលភ្ជាប់ការដឹកជញ្ជូនជាមួយកំពង់ផែស្វយ័តភ្នំពេញ ក្នុងករណីរាជរដ្ឋាភិបាលអភិវឌ្ឍគម្រោងផ្លូវនាវាចរណ៍ និងប្រព័ន្ធភស្តុភារកម្មទន្លេបាសាក់។

បន្ថែមពីលើនោះទីតាំងកំពង់ផែពហុបំណងនេះ មានជម្រៅទឹកប្រមាណ ១៥ម៉ែត្រ និងអាចឱ្យនាវាចំណុះ១០០.០០០ តោន អាចចូលចតបាន។ កំពង់ផែពហុបំណងនេះ នឹងមានសមត្ថភាពខ្ពស់ក្នុងការលើកដាក់ទំនិញចេញ-ចូល បានចំនួនប្រមាណ ៣០០.០០០ TEU នៅក្នុងឆ្នាំ២០២៥ និងប្រមាណ ៦០០.០០០ TEU នៅក្នុងឆ្នាំ២០៣០។

ឯកឧត្តមរដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ក៏បានលើកឡើងផងដែរថា គម្រោងវិនិយោគអភិវឌ្ឍន៍មជ្ឈមណ្ឌលភស្តុភារកម្ម និងកំពង់ផែពហុបំណងកំពតនេះ នឹងដើរតួនាទីយ៉ាងសំខាន់សម្រាប់លើកដាក់ ផ្ទេរ ទំនិញចេញ-ចូល ទៅកាន់ទីផ្សារអន្តរជាតិ ដែលនឹងនាំមកនូវភាពងាយស្រួល និងប្រសិទ្ធភាពខ្ពស់ដល់ពាណិជ្ជករ និងអ្នកវិនិយោគ នៅក្នុងការនាំចេញផលិតផលកសិកម្ម ឧស្សាហកម្ម និងនេសាទ ទៅលក់នៅទីផ្សារនៅក្នុងតំបន់ និងពិភពលោក។

បន្ថែមពីលើនោះ គម្រោងនេះ ក៏នឹងចូលរួមចំណែកអភិវឌ្ឍវិស័យភស្តុភាកម្ម និងកំពង់ផែនៅកម្ពុជា សំដៅជួយលើកកម្ពស់ជីវភាពរស់នៅជូនប្រជាពលរដ្ឋ និងការអភិវឌ្ឍសេដ្ឋកិច្ចជាតិ ដើម្បីសំរេចបាននូវទិសដៅកំណើនសេដ្ឋកិច្ចតាមការរំពឹងទុក ជាពិសេស ជួយរាជរដ្ឋាភិបាលក្នុងការសម្រេចទិសដៅ «ប្រែក្លាយកម្ពុជា ទៅជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងជាប្រទេសដែលមានចំណូលខ្ពស់នៅឆ្នាំ ២០៥០»

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា ថ្ងៃនេះ បានចាត់ទុកការសាងសង់ «មជ្ឈមណ្ឌលភស្តុភារកម្ម និងកំពង់ផែពហុបំណងកំពត» គឺជាការបើកឡើងនូវទំព័រប្រវត្តិសាស្ត្រថ្មីមួយទៀតនៅក្នុងខេត្តកំពត និងប្រទេសកម្ពុជា។ ឯកឧត្តមចាត់ទុកគម្រោងនេះ ជាគម្រោងដ៏ធំទីមួយលំដាប់អន្តរជាតិមិនធ្លាប់មាន ក្រោមការវិនិយោគដោយក្រុមហ៊ុនឯកជនក្នុងស្រុក ដែលនឹងបំពេញបន្ថែមទៅលើតម្រូវការនៃការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមជាតិ បើទោះបីកម្ពុជា មានកំពង់ផែធំពីររបស់រដ្ឋគឺ៖ កំពង់ផែស្វយ័តក្រុងព្រះសីហនុ និងកំពង់ផែស្វយ័តភ្នំពេញ ក៏ដូចជា កំពង់ផែឯកជនមួយចំនួនទៀតក៏ដោយ។

«យើងសង្ឃឹមថា គម្រោងវិនិយោគអភិវឌ្ឍន៍មជ្ឈមណ្ឌលភស្តុភារកម្ម និងកំពង់ផែពហុបំណងកំពតនេះ នឹងលើកកម្ពស់សេវាភស្តុភារកម្ម និងកំពង់ផែរបស់កម្ពុជាឱ្យកាន់តែសម្បូរបែប និងអាចប្រកួតប្រជែងជាមួយនឹងកំពង់ផែប្រទេសជិតខាងបានផងដែរ»។ នេះជាការបញ្ជាក់របស់ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានលើកឡើងផងដែរថា រាជរដ្ឋាភិបាលកម្ពុជា កំពុងរៀបចំ «ផែនការមេដើម្បីអភិវឌ្ឍខេត្ដព្រះសីហនុ ទៅជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង» ដែលបានកំណត់ក្នុងគោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្មកម្ពុជាឆ្នាំ២០១៥-២០២៥។ ដូច្នេះគម្រោងវិនិយោគអភិវឌ្ឍន៍មជ្ឈមណ្ឌលភស្តុភារកម្ម និងកំពង់ផែពហុបំណងកំពត ក៏នឹងជាផ្នែកមួយដើរតួនាទីយ៉ាងសំខាន់ក្នុងការជួយអនុវត្តឱ្យសម្រេចជោគជ័យនូវផែនការមេនេះ ដែលនឹងជួយប្រែក្លាយកម្ពុជាទៅជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងជាប្រទេសដែលមានចំណូលខ្ពស់នៅឆ្នាំ ២០៥០។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានឱ្យដឹងទៀតថា គម្រោងវិនិយោគអភិវឌ្ឍន៍មជ្ឈមណ្ឌលភស្តុភារកម្ម និងកំពង់ផែពហុបំណងកំពត នឹងផ្តល់ឱកាសការងារដោយផ្ទាល់ និងដោយប្រយោលជូនប្រជាពលរដ្ឋប្រមាណ ១០,០០០កន្លែង នៅពេលគម្រោងវិនិយោគនេះ ត្រូវបានសាងសង់រួច និងដាក់ឱ្យដំណើរការនាពេលខាងមុខ។

សម្រាប់ឯកឧត្តមឧបនាយករដ្ឋមន្ត្រី គម្រោងវិនិយោគមជ្ឈមណ្ឌលភស្តុភារកម្ម និងកំពង់ផែពហុបំណងកំពត ក៏នឹងចូលរួមចំណែកយ៉ាងសកម្មផងដែរនៅក្នុងការអនុវត្តនូវ «ផែនការមេស្តីពីការតភ្ជាប់ប្រព័ន្ធដឹកជញ្ជូនពហុមធ្យោបាយ និងភស្តុភារកម្ម»។ លើសពីនេះ គម្រោងវិនិយោគនេះ ក៏នឹងជួយបំពេញនូវគោលដៅអភិវឌ្ឍន៍តំបន់ឆ្នេរសមុទ្រនៃគណៈកម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍន៍តំបន់ឆ្នេរសមុទ្រកម្ពុជាផងដែរ៕