ឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន និងអគ្គលេខាធិការអាស៊ាន ដឹកនាំកិច្ចប្រជុំពិគ្រោះយោបល់ ស្តីពីជំនួយមនុស្សធម៌របស់អាស៊ានសម្រាប់មីយ៉ាន់ម៉ា


ឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៃកម្ពុជា និងជាប្រេសិតពិសេសរបស់ប្រធានអាស៊ានសម្រាប់មីយ៉ាន់ម៉ា និងលោក លឹម ចុក ហ៊ុយ អគ្គលេខាធិការអាស៊ាន ក្នុងឋានៈជាអ្នកសម្របសម្រួលជំនួយមនុស្សធម៌របស់អាស៊ាន នៅថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២២ បានធ្វើជាសហប្រធានដឹកនាំកិច្ចប្រជុំពិគ្រោះយោបល់ ស្តីពីជំនួយមនុស្សធម៌របស់អាស៊ានសម្រាប់មីយ៉ាន់ម៉ា។

កិច្ចប្រជុំពិគ្រោះយោបល់ ត្រូវបានអញ្ជើញចូលរួមដោយផ្ទាល់នៅរាជធានីភ្នំពេញ និងតាមប្រព័ន្ធវីដេអូ ដោយតំណាងជាន់ខ្ពស់មកពីប្រទេសជាសមាជិកអាស៊ានទាំងអស់ ដៃគូខាងក្រៅរបស់អាស៊ាន ទីភ្នាក់ងារជំនាញអង្គការសហប្រជាជាតិ និងបណ្តាអង្គការអន្តរជាតិពាក់ព័ន្ធនៅក្នុងប្រទេសមីយ៉ាន់ម៉ាផងដែរ។

សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស បានឱ្យដឹងថា កិច្ចប្រជុំពិគ្រោះយោបល់នេះ ផ្តល់ជាវេទិកាកម្រិតខ្ពស់មួយសម្រាប់អាស៊ានធ្វើការពិភាក្សាផ្តួចផ្តើម ឱ្យមានកិច្ចសន្ទនាមួយ ដែលមានការចូលរួមពីភាគីពាក់ព័ន្ធ ដើម្បីផ្តល់នូវមគ្គុទេ្ទសក៍អំពីរបៀបក្នុងការជំរុញជំនួយមនុស្សធម៌របស់អាស៊ាន ឱ្យទៅដល់ប្រជាជនមីយ៉ាន់ម៉ា ដែលកំពុងត្រូវការបំផុត ដោយឈរលើគោលការណ៍មនុស្សធម៌ និងគ្មានការរើសអើង។

កិច្ចប្រជុំពិគ្រោះយោបល់នេះ រៀបចំឡើងក្នុងគោលបំណងដើម្បីពិភាក្សាស្វែងរកដំណោះស្រាយ ដែលមានការព្រមព្រៀងគ្នាទៅវិញទៅមកលើវិធីសាស្រ្ត ក្នុងការពង្រឹងបន្ថែមនូវការផ្តល់ជំនួយមនុស្សធម៌នៅមីយ៉ាន់ម៉ា ដើម្បីធានាបានថានឹងពុំមាននរណាម្នាក់ត្រូវបានទុកចោលនោះទេ, ដំណោះស្រាយ ចំពោះបញ្ហាប្រឈមនានា ដែលពាក់ព័ន្ធទៅនឹងប្រតិបត្តិការរបស់មជ្ឈមណ្ឌលសម្របសម្រួលអាស៊ានសម្រាប់ជំនួយមនុស្សធម៌ ស្តីពីការគ្រប់គ្រងគ្រោះមហន្តរាយ (AHA Centre), និងវិធីសាស្រ្តនានាដែលជួយគាំទ្រទៅដល់ការផ្តល់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ទៅដល់សហគមន៍នានានៅមីយ៉ាន់ម៉ា៕