អភិបាលខេត្តកំពង់ធំ អំពាវនាវដល់កម្មករកម្មការិនីទាំងអស់ ទៅចូលរួមចាក់វ៉ាក់សាំងដុសជំរុញដើម្បីការពារជំងឺកូវីដ


ឯកឧត្តម ងួន រតន: អភិបាលខេត្តកំពង់ធំ បានអំពាវនាវដល់កម្មករកម្មការិនីទាំងអស់ ទៅចូលរួមចាក់វ៉ាក់សាំងដុសជំរុញការពារជំងឺកូវីដ ហើយចំពោះប្រជាពលរដ្ឋដែលគ្រប់អាយុបោះឆ្នោត និងមានឈ្មោះក្នុងបញ្ជីឈ្មោះ បោះឆ្នោតត្រូវទៅចូលរួមបោះឆ្នោតនៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២ខាងមុខនេះ ឲ្យបានគ្រប់ៗគ្នា ព្រោះការបោះឆ្នោតនេះមានសារៈសំខាន់ណាស់ ដើម្បីជ្រើសរើសថ្នាក់ដឹកនាំណា ដែលបងប្អូនពេញចិត្ត ដែលអាចថែរក្សាសុខសន្តិភាព និងអភិវឌ្ឍន៍ប្រទេសជាតិឱ្យមានភាពជឿនលឿនបន្តទៀត។

ឯកឧត្តម ងួន រតន: អភិបាលខេត្តកំពង់ធំ ក៏បានថ្លែងជំរុញឱ្យកម្មករកម្មការិនី ត្រូវមានជំនឿទុកចិត្តលើសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ក្នុងការដឹកនាំប្រទេស ឱ្យមានការរីកចម្រើនជាបន្តបន្ទាប់ទៅទៀត ដោយរាជរដ្ឋាភិបាលនាពេលបច្ចុប្បន្ននេះ ក្រោមការដឹកនាំដ៏ត្រឹមត្រូវរបស់សម្ដេចតេជោ បានបង្កលក្ខណៈងាយស្រួលជូនដល់ប្រជាពលរដ្ឋឱ្យមានសិទ្ធិសេ រីភាពជំនឿលើសាសនា និងប្រកបមុខរបរស្របច្បាប់ ផ្សេងៗតាមជំនាញ និងចំណង់ចំណូលចិត្តរៀងៗខ្លួន ដើម្បីបង្កើនជីវភាពគ្រួសារ។

ឯកឧត្តមបានថ្លែងដូចនេះនៅថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២២នេះ ក្នុង ឱកាសដែលលោកបានអញ្ជើញជាអធិបតីភាពក្នុងពិធីចុះសំណេះសំណាលសួរសុខទុក្ខកម្មករកម្មការិនីចំការកៅស៊ូ (CRCK2) ក្នុងឱកាសអបអរសាទរខួប អនុស្សាវរីយ៍លើកទី១៣៦ នៃទិវាពលកម្មអន្តរជាតិ ក្រោមប្រធានបទ «សន្តិភាព សុខភាពសន្តិសុខការងារ» ក្នុងឃុំពពក ស្រុកស្ទោង ខេត្តកំពង់ធំ ជិត៤០០នាក់។

ឯកឧត្តម ងួន រតន: បានថ្លែងបន្តរំលឹកថា ប្រទេសជាតិ បើគ្មានសុខសន្តិភាពទេកុំថាឡើយការអភិវឌ្ឍន៍ សូម្បីសិទ្ធសេរីភាពផ្សេងៗក៏គ្មានដែរ ដូច្នេះយើងទាំងគ្នាត្រូវខិតខំ រួមសាមគ្គីគ្នា ថែរក្សាសមិទ្ធអ្វី ដែលយើងមានសព្វថ្ងៃ ពិសេសថែរក្សានូវសុខសន្តិភាពដូចសព្វថ្ងៃនេះឲ្យបាន ស្របតាមរយៈគោលនយោបាយយុទ្ធសាស្ត្រ របស់រាជរដ្ឋាភិបាលគឺបានពង្រឹង និងធានាបានមកនូវសុខសន្តិភាព ស្ថិរភាពនយោបាយផ្ទៃក្នុងបានល្អប្រសើររួម និងការកសាងនូវសមិទ្ធផលធំៗជាច្រើនទៀតជូនជាតិ និងប្រជាជនយើង។

សម្តេចបានខិតខំយកចិត្តទុកដាក់បង្កើតការងារជូនប្រជាពលរដ្ឋឲ្យបានកាន់តែច្រើនឡើងដើម្បីបង្កើនជីវភាពឱ្យបានល្អប្រសើរ ជាបណ្ដើរៗ តាមរយៈការគៀរគរប្រភពទុន និងទាក់ទាញដៃគូវិនិយោគបង្កើតរោងចក្រ សហគ្រាស មករកស៊ីនៅកម្ពុជាដើម្បីកាត់បន្ថយការចំណាកស្រុករបស់បងប្អូន។

រាជរដ្ឋាភិបាលក៏បានផ្សារភ្ជាប់ក្នុងការលើកទឹកចិត្ត ក៏ដូចជាការបង្កលក្ខណៈឲ្យការវិនិយោគទទួលបានផលដូចអ្វីគ្រោងទុកហើយការវិនិយោគក្រុមហ៊ុននឹងរដ្ឋដើម្បីផ្សារភ្ជាប់ជាមួយនឹងទីតាំងវិនិយោគរបស់ វិស័យឯកជនដែលជាឆ្អឹងខ្នង សេដ្ឋកិច្ចមិនអាចខ្វះគ្នាបាន។ បើយើងមានតែផ្លូវ មិនមានសកម្មភាពសេដ្ឋកិច្ចបើមិន សេដ្ឋកិច្ច ឬសំដៅទៅលើការងារ ឬប្រាក់ចំណូលផ្សេងៗ។

ជាមួយគ្នានេះ ឯកឧត្តមក៏បានសំណូមពរដល់កម្មករកម្មការិនីឱ្យមានជំនឿទុកចិត្តលើការ ដឹកនាំដ៏ត្រឹមត្រូវរបស់សម្ដេចតេជោ ហ៊ុន សែន ដែលបច្ចុប្បន្ន ប្រទេសជាតិកំពុងមានការអភិវឌ្ឍន៍រីកចម្រើនលើគ្រប់វិស័យ បម្រើបាននូវសេចក្ដីត្រូវការរបស់ប្រជាពលរដ្ឋ ហើយឈានដល់ដំណាក់កាលមួយដែលធ្វើឱ្យជីវភាព ប្រជាជនមានការរីកចម្រើននៅក្នុងពេលបច្ចុប្បន្ន។

លោក អៀង សុភាព ប្រធានមន្ទីរការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានឲ្យថា ខេត្តកំពង់ធំមានគ្រឹះស្ថានកម្លាំងពលកម្មមាន ៤០៧ សហគ្រាស មានកម្មករនិយោជិតចំនួន១៤.៣២០នាក់ ក្នុងនោះវិស័យចំការកៅស៊ូចំនួន ១៧ សហគ្រាស មានកម្មករនិយោជិត១០.៦៩៧នាក់ ដោយឡែកក្រុមហ៊ុនចំការកៅស៊ូវៀតណាមមាន ៩សហគ្រាសមានកម្មករនិយោជិត៨.៩៣៩ នាក់៕