ឯកឧត្តមបណ្ឌិត ម៉ៅ ភិរុណ ប្រធានក្រុមប្រឹក្សាខេត្តកណ្ដាល និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយក្រុងតាខ្មៅបានថ្លែងថា កត្តាសុខសន្តិភាពនេះ ហើយជាឱកាសល្អបំផុតដល់ជាតិយើងដើម្បីអភិវឌ្ឍន៍ឲ្យ រីកចំរើនទៅមុខជាលំដាប់។
ឯកឧត្តមប្រធានបានថ្លែងយ៉ាងដូច្នេះនៅក្នុងពិធីសម្ភោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវផ្លូវបេតុងអាមេ១ខ្សែ ប្រវែង៨០០ម៉ែត្រ ទទឹង៧ម៉ែត្រ ស្ថិតនៅភូមិខ្ពបវែង សង្កាត់កំពង់សំណាញ់ តភ្ចាប់ដល់ភូមិក្រពើហាកើត សង្កាត់ព្រែកឬស្សី ក្រុងតាខ្មៅ ខេត្តកណ្តាល នៅថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២២នេះ។
កម្មវិធីនេះដែរក៏មានវត្តមានចូលរួមពីសំណាក់ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល, ឯកឧត្តម ង៉ោ សុវណ្ណ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី អនុប្រធានគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ និងជាប្រធានក្រុមការងារ ថ្នាក់កណ្ដាលចុះជួយសង្កាត់កំពង់សំណាញ់ ព្រមទាំងវត្តមានបងប្អូនប្រជាពលរដ្ឋយុវជនរាប់រយនាក់ផងដែរ។
ស្ថិតក្នុងឱកាសសំណេះសំណាលនេះឯកឧត្តមបណ្ឌិត ម៉ៅ ភិរុណ បានថ្លែងថា ការដាក់ឲ្យដំណើរការផ្លូវ១ខ្សែនាពេលនេះ គឺជាសមិទ្ធផលថ្មីបន្ថែមទៀតដ៏មានសារៈសំខាន់ជាទីបំផុត សំរាប់បងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន ភូមិទាំង២នៃសង្កាត់ទាំង២ ក៏ដូចជា ប្រជាជនទូរទៅឆ្លងកាត់សម្រួលក្នុងការធ្វើដំណើរ ការដឹកជញ្ជូនគ្រប់ប្រភេទ បានយ៉ាងងាយស្រួល ជួយរំដោះទឹកជំនន់ដោយទឹកភ្លៀង ដែលជួយជម្រុញនូវកំណើនសេដ្ឋកិច្ចគ្រួសារប្រជាជន ដើម្បីរួមចំណែកកាត់បន្ថយភាពក្រីក្រក្នុងមូលដ្ឋាន។
ឯកឧត្តមបានបន្តទៀតថា សមិទ្ធិផលដែលកើតចេញពីការដឹកនាំប្រកបដោយឆន្ទ: និងការរួមសាមគ្គីនេះហើយ បានធ្វើឲ្យស្ថានភាព សេដ្ឋកិច្ច សង្គមរបស់ប្រជាជន កាន់តែត្រូវបានលើកកម្ពស់កាន់តែប្រសើរឡើងថែមទៀតផង និងបានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងបំពេញការងាររបស់រដ្ឋបាលក្រុងតាខ្មៅ ក្នុងការអនុវត្តតួនាទី ភារកិច្ចរបស់ខ្លួនសម្រេចបានសមិទ្ធផលជាច្រើន រួមទាំងការងារសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ ការងារអភិវឌ្ឍន៍ សេដ្ឋកិច្ច សង្គម ពិសេសការផ្ដល់សេវារដ្ឋបាល សេវាសាធារណៈជូនប្រជាពលរដ្ឋបានយ៉ាងល្អប្រសើរ។
ឯកឧត្តមបណ្ឌិតប្រធានក្រុមប្រឹក្សាខេត្ត បានគូសបញ្ជាក់ថា ក្រោមការដឹកនាំរបស់ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្ដី នៃកម្ពុជា វិស័យហេដ្ឋារចនាសម្ព័ន្ធបាន ក្លាយជាសរសៃឈាមដ៏ចម្បងក្នុងវិស័យកសិកម្ម ពាណិជ្ជកម្ម ឧស្សាហកម្ម និងការដឹកជញ្ជូនទំនិញគ្រប់ប្រភេទ។ រាជរដ្ឋាភិបាលកម្ពុជាបច្ចុប្បន្នបានយកចិត្តទុកដាក់ និងគិតគូរដល់បងប្អូនប្រជាពលរដ្ឋ ហើយក៏បានកំពុងបន្តកសាងផ្លូវគមនាគមន៍ និងហេដ្ឋារចនាសម្ព័ន្ធ ជាច្រើន ផ្សេងៗទៀត ដើម្បីទុកជាសម្បត្តិសាធារណៈ បម្រើឱ្យការធ្វើដំណើរ និងដឹកជញ្ជូន ជាពិសេសបានលើកស្ទួយកម្រិតជីវភាពរបស់បងប្អូនប្រជាពលរដ្ឋឲ្យមានភាពប្រសើរឡើងថែមមួយកម្រិតទៀតផងដែរ។
ឯកឧត្តមប្រធានបន្ថែមបន្តថា «ប្រទេសជាតិយើងទើបងើបពីចំណុចសូន្យរហូតមកទទួលបាននូវការរីកចម្រើនដូចសព្វថ្ងៃនេះ មិនមែនជាការដឹកនាំដោយគ្មានទិសដៅ និងគ្មានការឯកភាពជាតិនោះទេ ពោលគឺរាជរដ្ឋាភិបាលក្រោមការដឹកនាំដោយគណបក្សប្រជាជនកម្ពុជា ដែលមានសម្ដេចតេជោ ហ៊ុន សែន ជាប្រធានគណបក្ស បានដឹកនាំប្រទេសឲ្យស្គាល់តែសុខសន្តិភាព ការរីកចម្រើន ស្ថេរភាព សេដ្ឋកិច្ចលូតលាស់ ប្រជាពលរដ្ឋសម្បូរសប្បាយ និងមានជីវភាពកាន់តែធូរធាឡើងៗ ដែលនេះគឺជាគុណបំណាច់ដ៏ធំធេងរបស់សម្ដេចតេជោ និងសូមបន្តបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដើម្បីអភិវឌ្ឍប្រទេសជាតិរីកចម្រើនឡើងៗ»៕