អភិបាលខេត្តកំពង់ចាម ណែនាំឲ្យមន្ត្រីរៀបចំសន្តិសុខនៃការបោះឆ្នោត ឲ្យមានភាពត្រឹមត្រូវ យុត្តិធម៌ ស្របទៅតាមគោលការណ៍លទ្ធិប្រជាធិបតេយ្យ


អភិបាលខេត្តកំពង់ចាម ឯកឧត្តម អ៊ុន ចាន់ដា បានជំរុញឲ្យគណៈកម្មការអចិន្ត្រៃយ៍ រៀបចំសន្តិសុខសម្រាប់ការបោះឆ្នោត ធ្វើយ៉ាងណាឱ្យដំណើរការបោះឆ្នោតនាពេលខាងមុខ មានភាពត្រឹមត្រូវ យុត្តិធម៌ ស្របទៅតាមគោលការណ៍លទ្ធិប្រជាធិបតេយ្យ នៅថ្នាក់ក្រោមជាតិ។ ឯកឧត្តមអភិបាលខេត្ត បានលើកឡើងដូច្នេះ នៅថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២២ នៅសាលាខេត្តកំពង់ចាម ក្នុងកិច្ចប្រជុំសាមញ្ញលើកទី៣៦ អាណត្តិទី៣ របស់ក្រុមប្រឹក្សាខេត្តកំពង់ចាម។

ឯកឧត្តមអភិបាលខេត្តបានបញ្ជាក់ទៀតថា មន្ត្រីរដ្ឋបាលក្រុងស្រុក និងអង្គភាពពាក់ព័ន្ធ ត្រូវរៀបចំទាំងសកម្មភាព និងឯកសារនានា ដើម្បីគាំទ្រធ្វើយ៉ាងណាឲ្យដំណើរការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំសង្កាត់អាណត្តិទី៥ ឆ្នាំ២០២២ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី៥ ខែមិថុនា ខាងមុខនេះ ឲ្យមានបរិយាកាសល្អ ភាពត្រឹមត្រូវយុត្តិធម៌ ស្របទៅតាមគោលការណ៍លទ្ធិប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ។ លោកអភិបាលខេត្ត ក៏បានរំលឹកដល់មន្ត្រីពាក់ព័ន្ធ ឲ្យមានភាពទទួលខុសត្រូវខ្ពស់ ក្នុងការបំពេញភារកិច្ច តាមតួនាទីរបស់ខ្លួន។

*ទី១៖ ពិនិត្យ និងអនុម័តសេចក្តីព្រាងកំណត់ហេតុ នៃកិច្ចប្រជុំសាមញ្ញលើកទី៣៥ អាណត្តិទី៣ របស់ក្រុមប្រឹក្សាខេត្តកំពង់ចាម។
*ទី២៖ ពិនិត្យ ពិភាក្សា និងអនុម័តលើសេចក្តីព្រាងរបាយការណ៍បូកសរុបលទ្ធផលការងារ ប្រចាំខែមេសា និងទិសដៅការងារប្រចាំ ខែឧសភា ឆ្នាំ២០២២ របស់រដ្ឋបាលខេត្តកំពង់ចាម៕