អភិបាលខេត្តបាត់ដំបង នាំយកអំណោយមនុស្សធម៌ របស់សាខាកាកបាទក្រហមកម្ពុជា ចែកពលរដ្ឋងាយរងគ្រោះ ៣២០គ្រួសារ ក្នុងស្រុកឯកភ្នំ


ឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត បានសំណេះសំណាលសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ របស់សាខាកាកបាទក្រហមកម្ពុជាចែកដល់ប្រជាពលរដ្ឋងាយរងគ្រោះ ចំនួន៣២០គ្រួសារ ស្ថិតក្នុងស្រុកឯកភ្នំ ខេត្តបាត់ដំបង នាថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២២ ដែលពិធីនេះត្រូវបានរៀបចំឡើង នៅសាលាស្រុកឯកភ្នំ។

ក្នុងឱកាសជួបសំណេះសំណាលនោះ ឯកឧត្តម សុខ លូ បាននាំយកការផ្ដាំផ្ញើសួរសុខទុក្ខពីសំណាក់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលសម្ដេចតែងតែមានការគិតគូរដល់ប្រជាពលរដ្ឋគ្រប់ៗរូប ពិសេសប្រជាពលរដ្ឋងាយរងគ្រោះនានា ពីសុខទុក្ខ និងជីវភាពរស់នៅប្រចាំថ្ងៃ ជាពិសេសផ្ញើ នូវក្តីនឹករលឹកចំពោះលោកតាលោកយាយ បងប្អូនប្រជាពលរដ្ឋផងដែរ។

ឯកឧត្តម សុខ លូ បានថ្លែងអំណរគុណយ៉ាងជ្រាលចំពោះសប្បុរសជនគ្រប់មជ្ឈដ្ឋាន ជាពិសេស សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដែលបានបរិច្ចាគធនធានថវិកាប្រកបដោយទឹកចិត្តជ្រះថ្លាជូនកាកបាទក្រហមកម្ពុជា ក្នុងឱកាសទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ដើម្បីឱ្យសាខាកាកបាទក្រហមកម្ពុជាខេត្ត អាចចុះបំពេញប្រតិបត្តិការមនុស្សធម៌បានដូចនាពេលនេះ និងជាបន្តបន្ទាប់ទៀត។

ឯកឧត្តម បានបន្តអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ចូលរួមសហការជាមួយអាជ្ញាធរ និងសមត្ថកិច្ចពាក់ព័ន្ធ ក្នុងការរាយការណ៍ពេលជួបនឹងសកម្មភាពនានាពីការជួញដូរ ចែកចាយ និងប្រើប្រាស់គ្រឿងញៀននៅតាមសហគមន៍ និងត្រូវបន្តការអប់រំកូនចៅ បុត្រា បុត្រីរបស់ខ្លួន គេចឲ្យឆ្ងាយអំពីគ្រឿងញៀន ដែលគ្រឿងញៀនជាឈ្លើងនៃសង្គម សង្គមមិនត្រូវការឡើយ ហើយសូមឱ្យប្រជាពលរដ្ឋចូលរួមបន្តអប់រំណែនាំកូនចៅរបស់ខ្លួនឱ្យបានជាប់ជាប្រចាំ ដើម្បីឱ្យពួកគេគោរពច្បាប់ចរាចរណ៍ ពិសេសក្នុងពេកបើកបរសូមកុំសេពគ្រឿងស្រវឹង ត្រូវពាក់មួកសុវត្ថិភាពរាល់ពេលបើកបរម៉ូតូ ទោះទៅណាជិតឬឆ្ងាយ និងពាក់ខ្សែក្រវ៉ាត់ឱ្យបានត្រឹមត្រូវពេលបើកបររថយន្ត ដើម្បីកាត់បន្ថយអត្រាគ្រោះថ្នាក់ចរាចរណ៍សម្រាប់ខ្លួនឯងនិងអ្នកដទៃ។

ឯកឧត្តមសូមប្រជាពលរដ្ឋទាំងអស់ត្រូវចូលរួមទាំងអស់គ្នាក្នុងការគោរព និងអនុវត្តនូវគោលនយោបាយភូមិឃុំមានសុវត្ថិភាព ឲ្យបានម៉ឺងម៉ាត់ ជាមួយនិងអាជ្ញាធរមានសមត្ថកិច្ច ដើម្បីធានានិងរក្សាបាននូវសុខសន្តិភាព សុវត្ថិភាព ក្នុងការថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់សង្គម ក្នុងមូលដ្ឋានរបស់ខ្លួន កុំឲ្យកើតឡើងបាន។

ឆ្លៀតក្នុងឱកាសនេះឯកឧត្តម សុខ លូ បានអំពាវដល់ប្រជាពលរដ្ឋទាំងអស់ ដែលមិនទាន់បានចាក់វ៉ាក់សាំងកូវីដ-១៩ ដូសជំរុញទី៣ ឬដូសជំរុញទី៤ សូមនាំគ្នារួសរាន់ចាក់ នៅតាមមណ្ឌលចាក់វ៉ាក់សាំងដែលនៅជិតភូមិ ឃុំរបស់ប្រជាពលរដ្ឋរស់នៅ និងសូមកុំឲ្យមានការភ័យខ្លាចថាវ៉ាក់សាំងបង្កជាហានិភ័យដល់សុខភាព តាមរយៈការញ៉ុះញ៉ុងពីជនអគតិមួយចំនួន ដែលមិនចង់ឲ្យប្រទេសជាតិគេចផុតពីជំងឺកូវីដ-១៩ ព្រោះវ៉ាក់សាំង ជួយដល់ប្រជាពលរដ្ឋដែលមានសុខភាពខ្សោយ និងជួយពង្រឹងអង់ទីករបន្ថែមទៀត ដើម្បីឲ្យមានភាពស៊ាំក្នុងខ្លួនពីជំងឺកូវីដ-១៩។

អំណោយដែលសាខាកាកបាទក្រហមកម្ពុជាខេត្ត ត្រូវបានផ្តល់ជូនដល់គ្រួសារនីមួយៗនូវអង្ករ ២៥គីឡូក្រាម, មី១កេស, ត្រីខ ១០កំប៉ុង,ទឹកបរិសុទ្ធ១កេស,ទឹកត្រី១យួរ ទឹកស៉ីអ៉ីវ១យួរ និងជែល១ដបផងដែរ៕