សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសន្ទនាជាមួយ ក្រុមវិភាគបណ្តាញសង្គម នៅសហរដ្ឋអាមេរិក ដឹកនាំដោយលោក ម៉ក់ ហឺន និងភរិយា


(វ៉ាស៊ីនតោន, អាមេរិក)៖ បើទោះបីត្រូវនឿយហត់ ព្រោះចំណាយពេលរហូតដល់ទៅប្រមាណ ២០ម៉ោង ក្នុងហោះពីកម្ពុជាទៅកាន់ក្រុងវ៉ាស៊ីនតោន ប្រទេសអាមេរិកនោះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ពេលទៅដល់ក្រុងវ៉ាស៊ីនតោន ក៏នៅតែឆ្លៀតជួបខ្មែរនៅអាមេរិក ដែលជាអ្នកវិភាគបញ្ហាសង្គមនៅលើបណ្តាញសង្គមហ្វេសប៊ុក។

ខ្មែរជាអ្នកវិភាគលើបណ្តាញសង្គមនៅអាមេរិកនេះ ដែលសម្តេចតេជោអនុញ្ញាតឱ្យជួបមានជាង ១០រូប ដឹកនាំដោយលោក ម៉ក់ ហឺន និងភរិយា។ លោក ម៉ក់ ហឺន គឺជាអ្នកវិភាគបញ្ហាសង្គមមួយរូប ដែលតែងតែលើកបង្ហាញនូវតថភាពពិតនៃបញ្ហាក្នុងសង្គមខ្មែរ។ រាល់ការផ្សាយលើបណ្តាញសង្គម លោក ម៉ក់ ហឺន តែងលើកទាំងភាពវិជ្ជមាន និងអវិជ្ជមាននៅក្នុងសង្គមខ្មែរ។

នៅក្នុងជំនួបនេះ លោក យង់ ណុយ ហៅ ប្រែឌី (Brady Nuy Young) ក៏ត្រូវបានសម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យចូលរួមផងដែរ។

លោក យង់ ណុយ ហៅ ប្រែឌី គឺជាពលរដ្ឋខ្មែរអាមេរិកាំង រស់នៅក្រុងឡុងប៊ិច។ កាលដើមឡើយលោក ជាសកម្មជនអតីតបក្សសង្គ្រោះជាតិ ហើយតែងបានធ្វើការផ្សាយលើបណ្តាញសង្គមហ្វេសប៊ុក រិះគន់ និងវាយប្រហារធ្ងន់លើសម្តេចតេជោ និងរាជរដ្ឋាភិបាលកម្ពុជាផងដែរ។

នៅក្នុងជំនួបនេះសម្តេចតេជោ ហ៊ុន សែន បានសម្តែងការស្វាគមន៍យ៉ាងកក់ក្តៅចំពោះខ្មែរនៅអាមេរិក និងបង្ហាញក្តីរីករាយ និងនឹករលឹកផងដែរចំពោះពួកគាត់។ សម្តេចតេជោ បានថ្លែងអំណរគុណដល់ខ្មែរនៅអាមេរិក ដែលតែងបានចូលរួមផ្សព្វផ្សាយបង្ហាញនូវតថភាពពិតពីបញ្ហានៅក្នុងសង្គមខ្មែរ និងតែងផ្តល់តម្លៃដល់កិច្ចប្រឹងប្រែងក្នុងការអភិវឌ្ឍជាតិរបស់រាជរដ្ឋាភិបាល។

សម្តេចតេជោ ហ៊ុន សែន បានលើកទឹកចិត្តឱ្យមានការផ្សព្វផ្សាយ និងផ្តល់ព័ត៌មាននានា ដើម្បីធ្វើឱ្យការប្រាស្រ័យទាក់ទងរវាងខ្មែរនៅក្រៅប្រទេស និងខ្មែរនៅក្នុងស្រុក មានភាពជិតស្និទ្ធ និងល្អប្រសើរជាមួយគ្នា។

សូមបញ្ជាក់ថា សម្តេចតេជោ ហ៊ុន សែន បានអញ្ជើញទៅដល់ក្រុងវ៉ាស៊ីនតោន នៅវេលាម៉ោងប្រមាណ ៧យប់ថ្ងៃទី១០ ខែឧសភា ម៉ោងនៅក្រុងវ៉ាស៊ីនតោន ត្រូវនឹងវេលាម៉ោងប្រមាណជា ៨ព្រឹកថ្ងៃទី១១ ខែឧសភា ម៉ោងនៅកម្ពុជា។ សម្តេចតេជោ និងគណៈប្រតិភូបានចំណាយពេលប្រមាណជា ២០ម៉ោង ក្នុងការហោះពីកម្ពុជា ទៅក្រុងវ៉ាស៊ីនតោន៕