(ភ្នំពេញ)៖ ថ្នាក់ដឹកនាំ និងក្រុមបញ្ញាវ័ន្តកម្ពុជា និងសហភាពអឺរ៉ុប បានអំពាវនាវឱ្យពង្រឹងភាពជាដៃគូយុទ្ធសាស្ត្រ ដែលផ្តោតសំខាន់លើប្រជាជនរវាងតំបន់ទាំងពីរ។ ការគោរពគ្នា និងការជឿជាក់គ្នាទៅវិញទៅមក ព្រមទាំងកិច្ចសហប្រតិបត្តិការជាក់ស្តែង គឺជាមូលដ្ឋាននៃភាពជាដៃគូយុទ្ធសាស្ត្រនេះ។
នេះបើយោងតាមសេចក្ដីប្រកាសព័ត៌មាន លទ្ធផលនៃសិក្ខាសាលាស្តីអំពី «លទ្ធផលនៃកិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីសម្រាប់កិច្ចសហប្រតិបត្តិការនៅក្នុងតំបន់ឥណ្ឌូ-ប៉ាស៉ីហ្វិក (ទីក្រុងប៉ារីស ថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២២)» ដែលបានធ្វើឡើងនៅសណ្ឋាគារ Raffle Le Royal (ទម្រង់ចូលរួមផ្ទាល់ និងតាមប្រព័ន្ធវីដេអូ) ក្រោមកិច្ចសហការរវាង មជ្ឈមណ្ឌលមេគង្គសម្រាប់សិក្សាយុទ្ធសាស្រ្ត (MCSS) នៃវិទ្យាស្ថានចក្ខុវិស័យអាស៉ី (AVI) រួមជាមួយប្រតិភូសហភាពអីរ៉ុបប្រចាំកម្ពុជា និងស្ថានទូតបារាំងនៅកម្ពុជា។
ភ្ញៀវកិត្តិយសចំនួនច្រើនជាង ៧០រូប ដែលជាតំណាងមកពីព្រឹទ្ធសភា រដ្ឋសភា បណ្តាក្រសួង ស្ថានទូតបរទេសនៅទីក្រុងភ្នំពេញ អង្គការក្រៅរដ្ឋាភិបាលក្នុងនិងក្រៅប្រទេស ស្ថាប័នសិក្សាស្រាវជ្រាវ គ្រឹះស្ថានសិក្សា ក្រុមបញ្ញាវ័ន្ត អ្នកជំនាញ និងសិស្សានុសិស្សនៅក្នុងប្រទេសនិងតំបន់ បានចូលរួមក្នុងសិក្ខាសាលានេះ។
សិក្ខាសាលាចាប់ផ្តើមជាមួយនឹងការថ្លែងសុន្ទរកថាបើករបស់ ឯកឧត្តមបណ្ឌិត សុក ស៊ី ផាន់ណា ប្រធាន ក្រុមប្រឹក្សាភិបាលនៃវិទ្យាស្ថានចក្ខុវិស័យអាស៊ី និងលោកជំទាវ Carmen Moreno ឯកអគ្គរដ្ឋទូត នៃសហភាពអឺរ៉ុបប្រចាំកម្ពុជា។ កម្មវិធីបានបន្តជាមួយនឹងការថ្លែងសុន្ទករថាគន្លឹះរបស់ ឯកឧត្តម Christophe Penot ឯកអគ្គរដ្ឋទូតបារាំងប្រចាំតំបន់ឥណ្ឌូ-ប៉ាស៉ីហ្វិក និងឯកឧត្តមបណ្ឌិត ឆែម គាតរិទ្ធី រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី។ ជាចុងក្រោយ ឯកឧត្តម Jacques Pellet ឯកអគ្គរដ្ឋទូតបារាំងប្រចាំកម្ពុជា និង ឯកឧត្តម សួស យ៉ារ៉ា ប្រធានគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ ឃោសនាការនិងព័ត៌មាននៃរដ្ឋសភា បានចូលរួមថ្លែងសុន្ទរកថាបិទក្នុងសិក្ខាសាលានេះ។
យោងតាមសេចក្តីប្រកាសព័ត៌មានដដែលបញ្ជាក់ថា នៅក្នុង «វេទិការទី១» ស្តីពី «សន្តិសុខ និងការការពារជាតិ» វាគ្មិនបានពិភាក្សាអំពីទិដ្ឋភាពផ្សេងៗនៃលទ្ធផលនៃវេទិកាថ្នាក់រដ្ឋមន្ត្រី ទាក់ទងនឹងគម្រោងនៃការពង្រីកបន្ថែមនូវគម្រោង EU-Programme CRIMARIO II (Critical Maritime Routes Indo-Pacific) ទៅកាន់តំបន់ប៉ាស៉ីហ្វិក ភាពដូចគ្នា និងខុសគ្នារវាងយុទ្ធសាស្ត្ររបស់សហភាពអឺរ៉ុប សម្រាប់កិច្ចសហប្រតិបត្តិការនៅឥណ្ឌូ-ប៉ាស៊ីហ្វិក និងទស្សនវិស័យអាស៊ានស្តីពីឥណ្ឌូ-ប៉ាស៊ីហ្វិក (AOIP) ព្រមទាំងតួនាទីរបស់សហភាពអឺរ៉ុប ទាក់ទងនឹងក្រមប្រតិបត្តិនៅសមុទ្រចិនខាងត្បូង (COC)។ ទស្សនៈតំបន់ចំពោះយុទ្ធសាស្ត្ររបស់សហភាពអឺរ៉ុបក៏ត្រូវបានលើកយកមកពិភាក្សាផងដែរ។
សេចក្តីប្រកាសព័ត៌មានបានឱ្យដឹងបន្ថែមថា កម្ពុជា និងអាស៊ាន មើលឃើញថា សហភាពអឺរ៉ុប គឺជាដៃគូស្វ័យប្រវត្តិ ដែលបង្ហាញឱ្យឃើញ តាមរយៈការចូលរួមដ៏គ្រប់ជ្រុងជ្រោយ និងភាពជាដៃគូអភិវឌ្ឍន៍ដ៏រឹងមាំ។ វិស័យនានានៃកិច្ចសហប្រតិបត្តិការ រាប់ចាប់ពីសេដ្ឋកិច្ច ប្រជាជននិងប្រជាជន និងថ្មីៗនេះ គឺកំណើននៃកិច្ចសហប្រតិបត្តិការផ្នែកនយោបាយនិងសន្តិសុខ ដោយផ្អែកលើគោលការណ៍ នៃផលប្រយោជន៍រួមក្នុងតំបន់ ច្បាប់អន្តរជាតិ កុងសង់ស៉ីសក្នុងការសម្រេចចិត្ត និងកិច្ចខិតខំប្រឹងប្រែងរួម ដើម្បីកំណត់ឱ្យបានសណ្តាប់ធ្នាប់អន្តរជាតិមួយកាន់តែមានបរិយាប័ន្ន យុត្តិធម៌ និងបើកចំហ។ សិក្ខាសាលា បានលើកឡើង ពីបញ្ហាប្រឈមនានាក្នុងការអនុវត្តយុទ្ធសាស្ត្ររបស់សហភាពអឺរ៉ុបនៅក្នុងតំបន់។ សិក្ខាសាលាក៏បានផ្តល់នូវ
ការវាយតម្លៃ និងអនុសាសន៍គោលនយោបាយជាក់ស្តែង ដើម្បីបង្កើនកិច្ចសហប្រតិបត្តិការរបស់សហភាពអឺរ៉ុប និងកសាងទំនុកចិត្ត នៅក្នុងតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិកផងដែរ។
នៅក្នុង «វេទិការទី២» ស្តីពី «ការតភ្ជាប់ និងឌីជីថល» វាគ្មិនបានផ្លាស់ប្តូរទស្សនៈលើគំនិតផ្តួចផ្តើម និងគម្រោងជាច្រើនរវាងអង្គការតំបន់ទាំងពីរ ព្រមទាំងផលបច្ច័យសម្រាប់បរិបទតំបន់ និងកម្ពុជា។ តួយ៉ាង ការពិភាក្សាបានផ្តោតលើ «Global Gateway» របស់សហភាពអឺរ៉ុប និងអត្ថប្រយោជន៍ កិច្ចព្រមព្រៀង «Comprehensive Air Transport Agreement (CATA)» រវាងសហភាពអឺរ៉ុប និងរដ្ឋសមាជិកអាស៊ាន និងការរួមចំណែករបស់កិច្ចព្រមព្រៀង ក្នុងការស្តារឡើងវិញក្នុងដំណាក់កាលក្រោយការរីករាលដាលនៃជំងឺកូវីដ-១៩ សាខានៅក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិកសម្រាប់ «Digital4Development Hub»
កម្មវិធី «Erasmus+» និង «Marie Skłodowska-Curie Actions» នៅឥណ្ឌូ-ប៉ាស៊ីហ្វិក ក្រោមមូនិធិ Horizon Europe, និងជម្លោះហេដ្ឋារចនាសម្ព័ន្ធ 5G នៅចំពោះមុខការប្រជែងគ្នារវាងសហរដ្ឋអាមេរិក និងចិនដែលកាន់តែស្រួលស្រាល់ផងដែរ។
ក្នុងវេទិកានេះ វាគ្មិនក៏បានឯកភាពគ្នាថា នៅម្ខាង គំនិតផ្តួចផ្តើមដែលបានលើកឡើងខាងលើនឹងមានសារៈសំខាន់ ក្នុងការពង្រឹងទំនាក់ទំនងទ្វេភាគីរបស់សហភាពអឺរ៉ុប និងបណ្តារដ្ឋក្នុងតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិកទាំងនោះ និងនៅម្ខាងទៀត នឹងចូលរួមចំណែកដល់សន្តិភាព ការអភិវឌ្ឍប្រកបដោយចីរភាព និងវិបុលភាពរបស់តំបន់។ លើសពីនេះទៀត វាគ្មិនបានផ្តល់នូវធាតុចូល និងអនុសាសន៍បែបជាក់ស្តែងសម្រាប់ភាគីពាក់ព័ន្ធទាំងអស់ ដើម្បីសម្រេចបានកិច្ចសហប្រតិបត្តិការបែបជាក់ស្តែង និងប្រកបដោយសកម្មភាពបន្ថែមទៀត។
ជារួម សិក្ខាសាលានេះទទួលលទ្ធផលជោគជ័យ និងជាផ្លែផ្កា។ សិក្ខាសាលាបានពិភាក្សា និងរួមបញ្ចូល ទស្សនៈ និងធាតុចូលរបស់ភាគីពាក់ព័ន្ធផ្សេងៗ ដោយលើកឡើងនូវអនុសាសន៍គោលនយោបាយ ជាក់ស្តែងសំខាន់ៗ សម្រាប់កម្ពុជា ក្នុងនាមជាប្រធានអាស៊ាន សហភាពអឺរ៉ុប និងបារាំង ដែលបច្ចុប្បន្ន កំពុងកាន់តំណែងជាប្រធានក្រុមប្រឹក្សាសហភាពអឺរ៉ុប សំដៅលើកកម្ពស់យុទ្ធសាស្ត្រសហភាពអឺរ៉ុប សម្រាប់កិច្ចសហប្រតិបត្តិការនៅឥណ្ឌូ-ប៉ាស៉ីហ្វិក ឱ្យកាន់តែប្រសើរមួយកម្រិតទៀត៕