ឯកឧត្តមបណ្ឌិត អូស្មាន ហាស្សាន់៖ លោកបណ្ឌិត ហ៊ុន ម៉ាណែត សក្តិសមបំផុតជាបេក្ខភាពនាយករដ្ឋមន្ត្រីនៃកម្ពុជា នាពេលអនាគត


ឯកឧត្តមបណ្ឌិត អូស្មាន ហាស្សាន់ សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា បេសកជនពិសេសរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានគណៈចលនាសាសនិកឥស្លាមរបស់គណបក្សប្រជាជនកម្ពុជា បានលើកឡើងថា ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្ត្រីនាពេលអនាគត គឺពិតជាសក្តិសមបំផុតសម្រាប់ការបន្តវេនដឹកនាំជាតិមាតុភូមិកម្ពុជា។

មូលហេតុដែលលោកហ៊ានថាដូចនេះ ព្រោះឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ជាយុវជនពោរពេញដោយសក្តានុពល និងជាឥស្សរជនខ្មែរវ័យក្មេងដ៏ឆ្នើមមួយរូប ប្រកបដោយសមត្ថភាព ទេពកោសល្យ បទពិសោធន៍ គុណធម៌ សីលធម៌ ចរិយាធម៌ និងភាពជាអ្នកដឹកនាំជាន់ខ្ពស់ ដែលតែងតែចូលរួមយ៉ាងសកម្ម ក្នុងបេសកកម្មដើម្បីបុព្វហេតុជាតិមាតុភូមិ និងប្រជាជនកម្ពុជា។

ការលើកឡើងរបស់ ឯកឧត្តមបណ្ឌិត អូស្មាន ហាស្សាន់ ធ្វើឡើងនៅថ្ងៃទី១៦ ខែឧសភាឆ្នាំ២០២២នេះ ក្នុងឱកាសបន្តជួបសំណេះសំណាល ជាមួយសកម្មជន និងថ្នាក់ដឹកនាំគណៈចលនាសាសនិកឥស្លាមខេត្តកណ្តាល ដើម្បីត្រៀមបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២ខាងមុខនេះ ដោយពិធីខាងលើក៏មានការអញ្ជើញចូលរួមពី លោកបណ្ឌិត ម៉ៅ ភិរុណ សមាជិកគណៈកម្មធិការកណ្តាលរបស់គណបក្សប្រជាជនកម្ពុជា ប្រធានគណៈកម្មាធិការគណបក្សខេត្ត និងជាប្រធានក្រុមប្រឹក្សាខេត្តកណ្តាល, លោក លោកស្រី ដែលជាថ្នាក់ដឹកនាំគណៈចលនាសាសនិកឥស្លាមកម្ពុជា, សកម្មជន និងថ្នាក់ដឹកនាំគណៈចលនាសាសនិកឥស្លាមរបស់គណបក្សប្រជាជនកម្ពុជាខេត្តកណ្ដាល ចំនួន១០៥៧រូបផងដែរ។

ថ្លែងក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិត អូស្មាន ហាស្សាន់ បាននាំនូវការផ្តាំផ្ញើ សាកសួរសុខទុក្ខពីសំណាក់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា ជូនដល់សកម្មជន និងថ្នាក់ដឹកនាំគណៈចលនាសាសនិកឥស្លាមរបស់គណបក្សប្រជាជនកម្ពុជាខេត្តកណ្ដាល ទាំងអស់គ្នាផងដែរ។

ឯកឧត្តមបណ្ឌិត អូស្មាន ហាស្សាន់ បានលើកឡើងពីប្រវត្តិ នៃការបង្កើតគណៈកម្មការ គណៈចលនាសាសនិកឥស្លាមរបស់គណបក្សប្រជាជនកម្ពុជា ដោយក្នុងឆ្នាំ១៩៩៨ គណៈចលនានេះត្រូវបានបង្កើតឡើងដោយ គណបក្សប្រជាជនកម្ពុជា ដែលមានភារកិច្ចជាសេនាធិការឲ្យគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា ដើម្បីដឹកនាំការងារចលនាសាសនិកឥស្លាមទូទាំងប្រទេស ក្នុងការអនុវត្តការងារបោះឆ្នោតតាមផែនការរបស់គណបក្ស។

បន្ថែមពីនេះ ឯកឧត្តមបណ្ឌិត ក៏បានរំលឹកនូវសមិទ្ធផលដែលសហគមន៍ឥស្លាមកម្ពុជា ទទួលបានពីរាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន សហគមន៍ឥស្លាមទទួលបានសិទ្ធិពេញលេញក្នុងការរស់នៅ និងសិទ្ធិប្រតិបត្តិសាសនា។

លើសពីនោះទៀតនោះ សហគមន៍ឥស្លាមកម្ពុជា ក៏មានឱកាសចូលរួមបម្រើការងារជួររដ្ឋាភិបាល ចាប់ពីថ្នាក់ជាតិ រហូតដល់ថ្នាក់មូលដ្ឋានជាច្រើនរូប ហើយក្នុងឆ្នាំ ២០១៥ រដ្ឋាភិបាលក៏បានផ្តល់ជូន សហគមន៍ឥស្លាមកម្ពុជានូវគ្រូក្របខ័ណ្ឌរដ្ឋ ចំនួន១,៥០០នាក់ផងដែរ។ ស្ត្រីឥស្លាម អាចពាក់ហ៊ីចាប (ពាក់ក្រមាបិទបាំងសក់) ចូលសិក្សានៅគ្រឹះស្ថានសិក្សាគ្រប់កម្រិត និងការបំពេញការងារនៅស្ថាប័នរដ្ឋ ក្រុមហ៊ុនឯកជន អង្គការក្រៅរដ្ឋាភិបាល។ល។ មិនតែប៉ុណ្ណោះ រដ្ឋាភិបាលក៏បានផ្តល់សិទ្ធិស្លៀកពាក់បែបសាសនា សម្រាប់ការថតរូបឯកសារសំខាន់ៗ ដូចជា ថតអត្តសញ្ញាណប័ណ្ណ សៀវភៅគ្រួសារ លិខិតឆ្លងដែន និងលិខិតរដ្ឋបាលផ្សេងៗ តាមតម្រូវការ។

ឯកឧត្តមបណ្ឌិត អូស្មាន ហាស្សាន់ ក៏បានអំពាវនាវដល់ប្រជាជនកម្ពុជាគ្រប់រូបឲ្យយល់ពីតំលៃសន្តិភាព និងរួមគ្នាថែរក្សាវាឲ្យបានល្អគង់វង្ស ព្រោះមានតែសន្តិភាពនេះ ដែលធ្វើឲ្យប្រទេសជាតិមានការអភិវឌ្ឍលើគ្រប់វិស័យ ហើយប្រជាជនក៏មានសិទ្ធិរស់ជួបជុំ ពូជពង្សវង្សត្រកូល និងសាច់ញាតិដោយភាពសប្បាយរីករាយ។

ឯកឧត្តមបណ្ឌិតបន្តថា មានតែគណបក្សប្រជាជនកម្ពុជាតែមួយគត់ ជាគណបក្សនយោបាយដែលតែងតែ គិតគូរដោះស្រាយរាល់កង្វល់របស់សហគមន៍ឥស្លាម និងជាគណបក្សដែលរួមសុខរួមទុក្ខជាមួយប្រជាពលរដ្ឋ ដោយមិនប្រកាន់ពូជសាសន៍ តាំងពីសម័យសង្គ្រាម រហូតដល់កម្ពុជាមានសុខសន្តិភាព និងការអភិវឌ្ឍន៍លើគ្រប់វិស័យដូចសព្វថ្ងៃនេះ ដោយកម្ពុជាជាប់ចំណាត់ថ្នាក់លេខប្រាំពីរ លើពិភពលោក ក្នុងនាមជាប្រទេសដែលមានការអភិវឌ្ឍលឿន។

ឯកឧត្តមបណ្ឌិត អូស្មាន ហាស្សាន់ បានជំរុញលើកទឹកចិត្តសកម្មជន និងថ្នាក់ដឹកនាំគណៈចលនាសាសនិកឥស្លាម ខេត្តកណ្តាលទាំងអស់ ឲ្យបន្តរក្សាសាមគ្គីភាព រក្សាកម្លាំងចាស់ បង្កើនកម្លាំងថ្មី បង្កើនសកម្មភាពផ្សព្វផ្សាយគោលនយោបាយ និងសមិទ្ធផលនានារបស់គណបក្ស ជំរុញការចូលរួម ឲ្យកាន់តែសកម្មក្នុងសហគមន៍ខ្មែរឥស្លាមទូទាំងខេត្ត ក្នុងការត្រៀមលក្ខណៈឲ្យបានគ្រប់គ្រាន់ សម្រាប់ការបោះឆ្នោតឃុំសង្កាត់ នាពេលខាងមុខនេះ។

ជាពិសេសទៀតនោះ ជំរុញឲ្យប្រជាពលរដ្ឋដែលគ្រប់អាយុទៅបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ឲ្យបានគ្រប់ៗគ្នា ដោយឯកឧត្ដមបណ្ឌិត បានសង្កត់ធ្ងន់ថា ពលរដ្ឋមួយរូប គឺជាសន្លឹកឆ្នោតមួយសន្លឹក ដើម្បីសម្រេចជោគវាសនាប្រទេសជាតិ៕