អគារស្នាក់ការគណបក្សប្រជាជនកម្ពុជា ឃុំចំការអណ្តូង ស្រុកចំការលើ ដែលចំណាយថវិកាសាងសង់អស់ជាង៦ម៉ឺនដុល្លារ ត្រូវសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ


អគារស្នាក់ការគណបក្សប្រជាជនកម្ពុជា ឃុំចំការអណ្តូង ស្រុកចំការលើ ខេត្តកំពង់ចាម ត្រូវបានរៀបចំសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នៅថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២២ ក្រោមអធិបតីភាពរបស់ ឯកឧត្តម ហ៊ុន ម៉ានិត សមាជិកគណៈកម្មការកណ្តាលគណបក្សប្រជាជនកម្ពុជា, អនុប្រធានក្រុមការងារគណបក្សចុះជួយខេត្តកំពង់ចាម និងជាប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះជួយមូលដ្ឋានស្រុកចំការលើ។

ក្នុងនោះក៏មានការចូលរួមពី លោក លោកស្រី អ្នកនាងកញ្ញា ប្រធាន អនុប្រធាន សមាជិកក្រុមការងារគ្រប់លំដាប់ថ្នាក់ និងលោក លោកស្រី អ្នកកញ្ញា សមាជិក សមាជិកា គណបក្សប្រជាជនកម្ពុជា នៃឃុំចំការអណ្តូងប្រមាណ ៦៥៥នាក់។

នាក្នុងឱកាសនោះ ក្រោយពីបានស្តាប់របាយការណ៍ស្វាគមន៍របស់លោក អ៊ិត និត្យ ប្រធានគណៈកម្មាធិការគណបក្សឃុំចំការអណ្តូងរួចមក លោក ប៊ូ ថារិន អនុប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះជួយស្រុកចំការលើ និងជាប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះជួយមូលដ្ឋានឃុំចំការអណ្តូង បានលើកឡើងអំពីរបាយការណ៍ស្តីពីការសាងសង់អគារស្នាក់ការគណបក្សប្រជាជនកម្ពុជា ឃុំចំការអណ្តូង ដោយបានរំលេចអំពីប្រវត្តិនៃអគារគណបក្សឃុំចំការអណ្តូង ភាពចាំបាច់នៃអគារគណបក្ស គោលការណ៍នៃការសាងសង់ រយៈពេលនៃការសាងសង់ ចំណាយនៃការសាងសង់ និងប្រភពមូលនិធិសម្រាប់ការសាងសង់។

លោកបានលើកឡើងថា ឃុំចំការអណ្តូង គឺជាឃុំមួយក្នុងចំណោមឃុំទាំង ៨ នៃស្រុកចំការលើ ខេត្តកំពង់ចាម។ មុនឆ្នាំ២០១៦ ក្នុងក្របខ័ណ្ឌនៃហេដ្ឋារចនាសម្ព័ន្ធគណបក្ស គណៈកម្មាធិការគណបក្សឃុំចំការអណ្តូង ពុំមានទីស្នាក់ការគណបក្សទេ ពោលគឺទីស្នាក់ការគណបក្ស ត្រូវបានជ្រកក្រោមគេហដ្ឋានរបស់លោក អ៊ិត និត្យ ប្រធានគណៈកម្មាធិការគណបក្សឃុំ ដែលនេះគឺជាការលះបង់របស់លោក ក្នុងបុព្វហេតុគណបក្ស។

រហូតដល់អំឡុងឆមាសទី២ ឆ្នាំ២០១៦ គណបក្សឃុំ បានស្នើសុំខ្ចីអគាររបស់ក្រុមហ៊ុន ចំការកៅស៊ូ អាន ម៉ាឌី ចំការអណ្តូង ប្រើប្រាស់ជាបណ្តោះអាសន្នជាទីស្នាក់ការគណបក្សឃុំ ដែលមានទីតាំងនៅភូមិលេខ២ នៃឃុំនេះ។ អគារនោះ មានទំហំតូចចង្អៀត ដែលមិនអាចបំពេញ សេចក្តីត្រូវការក្នុងការប្រើប្រាស់របស់គណបក្សបាន។ តាមការស្នើសុំរបស់ប្រធានក្រុមការងារចុះជួយឃុំចំការអណ្តូង ឯកឧត្តម ហ៊ុន ម៉ានិត ប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះជួយស្រុកចំការលើ បានឯកភាពជាគោលការណ៍ឲ្យមានការសាងសង់អគារស្នាក់ការថ្មីរបស់គណបក្ស នៅទីតាំងថ្មីនៅតំបន់ទីប្រជុំជន ដោយហេតុថា ទីតាំងប្រើរួចជាតំបន់ដាច់ស្រយ៉ាលនិងលែងមានភូមិប្រជាពលរដ្ឋនៅក្បែរ។

ផ្តើមចេញពីការសម្រេចនេះ ក្រុមការងារបានរកទីតាំងថ្មីដែលមានភាពអំណោយផលច្រើន ដែលមានទីតាំងនៅភូមិលេខ១ ឃុំចំការអណ្តូង លើទំហំដី ១២១ ម៉ែត្រ គុណនឹង ១០៨ ម៉ែត្រ ឬស្មើនឹង ១៣,០៦៨ ម៉ែត្រការ៉េ។ មូលនិធិសរុបដែលជាអំណោយនិងវិភាគទានមាន ៧៨,៨៣៣ដុល្លារ ដែលក្នុងនោះថវិការបស់លោក ហ៊ុន ម៉ានិត និងលោកស្រី ចំនួន២២,០០០ដុល្លារ និងថវិការបស់សប្បុរសជន និងក្រុមការងារ ៥៦,៨៣៣ដុល្លារ។ អគារទីស្នាក់ការគណបក្សនេះ ត្រូវបានសាងសង់ឡើងដោយចំណាយថវិកាសរុបប្រមាណ ៦២,០៧១.៥ ដុល្លារ។ អគារស្នាក់ការថ្មីរបស់គណបក្ស ឃុំចំការអណ្តូង គឺកើតឡើងដោយសារការអនុវត្តគោលការណ៍របស់គណបក្ស គឺការកៀគរកម្លាំងសរុប មធ្យោបាយសរុប និងធនធានសរុប។

លោក ប៊ូ ថារិន បានលើកឡើងបន្ថែមថា វត្តមាននៃទីស្នាក់ការគណបក្សឃុំចំការអណ្តូង គឺជាសមិទ្ធផលថ្មីមួយរបស់គណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាឃុំចំការអណ្តូង ហើយវានឹងក្លាយជាសមិទ្ធផលប្រវត្តិសាស្រ្តសម្រាប់គណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាឃុំចំការអណ្តូងផង និងសម្រាប់សមាជិក សមាជិកា របស់គណបក្សប្រជាជនកម្ពុជាឃុំចំការអណ្តូងផង។ អគានេះ នឹងក្លាយជាអគារពហុបំណង ក្នុងក្របខ័ណ្ឌនយោបាយ រដ្ឋបាល សង្គម និងសេដ្ឋកិច្ច។

នាក្នុងឱកាសដ៏វិសេសវិសាលនោះ ឯកឧត្តម ហ៊ុន ម៉ានិត បានថ្លែងទៅកាន់សមាជិក សមាជិកា គណបក្សប្រជាជនកម្ពុជា ដែលបានចូលរួមនៅក្នុងកម្មវិធី ដោយបានកោតសរសើរដល់សមាជិក សមាជិកាគណបក្ស គណៈកម្មាធិការគណបក្សឃុំ និងក្រុមការងារចុះមូលដ្ឋានឃុំចំការអណ្តូង ក៏ដូចជាគ្រប់ឃុំ ដែលបានខិតខំប្រឹងប្រែង និងកសាងអភិវឌ្ឍន៍សមិទ្ធផលថ្មីៗជាបន្តបន្ទាប់។ ភាពជោគជ័យ នៅក្នុងឃុំនីមួយៗ គឺបានមកពីការខិតខំប្រឹងប្រែងរបស់គណៈកម្មាធិការគណបក្សឃុំ សាខាគណបក្សភូមិ សមាជិក សមាជិកា ដែលបានធ្វើការផ្ទាល់ជាមួយប្រជាពលរដ្ឋ និងដោះស្រាយបញ្ហាផ្សេងៗ។

ទោះក្នុងកាលៈទេសៈណាក៏ដោយ គណបក្សប្រជាជនកម្ពុជា និងថ្នាក់ដឹកនាំគណបក្សមួយនេះ តែងតែនៅជាមួយប្រជាជន ស្តាប់ និងដោះស្រាយការលំបាករបស់ពួកគាត់ជាប្រចាំ។ គណបក្សប្រជាជនកម្ពុជា មានមានមាគ៌ាដឹកនាំដ៏ត្រឹមត្រូវ គោលនយោបាយច្បាស់លាស់ ប្រកាន់ភ្ជាប់នូវគោលការណ៍ថែរក្សាការពារសន្តិភាព វប្បធម៌ចែករំលែក និងរួមសុខទុក្ខជាមួយប្រជាជន ដែលកត្តាទាំងនេះហើយ ធ្វើឲ្យគណបក្សប្រជាជនកម្ពុជាទទួលបានការគាំទ្រ ការគោរពស្រលាញ់ពីសំណាក់ប្រជាពលរដ្ឋ និងមានភាពរឹងមាំរហូតដល់សព្វថ្ងៃ និងតរៀងទៅ។

ចុងបញ្ចប់ ឯកឧត្តមបានផ្តាំផ្ញើដល់ថ្នាក់ដឹកនាំគណបក្សមូលដ្ឋានគ្រប់ជាន់ថ្នាក់ និងក្រុមការងារ ត្រូវពង្រឹងសាមគ្គីភាពគ្នា រួបរួមគ្នាបន្ថែមទៀត ដើម្បីបុព្វហេតុគណបក្សនិងប្រជាជន។ បើដើរម្នាក់ឯង វាលឿនមែន ប៉ុន្តែបើមានបញ្ហា យើងនឹងខ្វះអ្នកជួយគ្នា ប្រសិនដើរទាំងអស់គ្នា វាយឺតបន្តិចមែន ប៉ុន្តែយើងបានដល់គោលដៅជាមួយគ្នា យើងអាចជួយគ្នាបានគ្រប់កាលៈទេសៈ រួមគ្នាដោះស្រាយបញ្ហា៕