អភិបាលខេត្តត្បូងឃ្មុំ ចុះជួបសំណេះសំណាល ដោះស្រាយសំណូមពរជូនពលរដ្ឋនៅឃុំចំនួន០២ ក្នុងស្រុកក្រូចឆ្មារ


នាថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២២នេះ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ បានដឹកនាំអភិបាលរងខេត្ត និងក្រុមការងារ បានអញ្ជើញចុះជួបសំណេះសំណាលព្រមទាំងដោះស្រាយនូវទុក្ខលំបាក តាមការសំណូមពររបស់បងប្អូនប្រជាពលរដ្ឋ នៅឃុំក្រូចឆ្មារ និងឃុំឈូក ក្នុងស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ។

នៅក្នុងពិធីនោះដែរ ក៏មានការអញ្ជើញចូលរួមពី អភិបាលរងខេត្ត ថ្នាក់ដឹកនាំសាលាខេត្ត មន្ទីរ អង្គភាពជុំវិញខេត្ត អាជ្ញាធរស្រុក មេភូមិ មេឃុំ និងបងប្អូនប្រជាពលរដ្ឋ។

នាឱកាសនោះឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្ត ដោយបានពាំនាំនូវប្រសាសន៍សាកសួរសុខទុក្ខ ពីសំណាក់សម្តេចទាំងទ្វេ គឺសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក្រោមការដឹកនាំរបស់សម្តេច ទើបប្រទេសជាតិ មានសុខសន្តិភាពពេញលេញដូចសព្វថ្ងៃ សម្តេចបានលះបង់ ដោយយកអាយុជីវិតជាដើមទុន ដើម្បីឯកភាពប្រទេសជាតិ មានសុខសន្តិភាពពេញលេញ ដោយសារនយោបាយឈ្នះៗ របស់សម្តេច។

ឯកឧត្តមបណ្ឌិត អភិបាលខេត្ត បានលើកឡើង ពីសមិទ្ធផលដ៏ធំធេង ដែលរាជរដ្ឋាភិបាលកម្ពុជា សម្រេចបានតស៊ូពុះពារ ឧបសគ្គ ពលីកម្មឥតរុញរា ដើម្បីប្រទេសកម្ពុជាមានឯករាជ្យ សន្តិភាព សេរីភាព ប្រជាធិបតេយ្យ អព្យាក្រឹត្យភាព និងវឌ្ឍនភាពសង្គម ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ប្រមុខនៃកម្ពុជាសម្រេចបានសមិទ្ធផលច្រើន ឥតគណនា ជាប្រវត្តិសាស្ត្រជូនជាតិមាតុភូមិកម្ពុជា។

បន្ថែមពីនេះ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ បានបញ្ជាក់ទៅដល់ប្រជាពលរដ្ឋទាំងអស់គ្នា សូមកុំជឿការញ៉ុះញ៉ុងរបស់ គណបក្សណាមួយឡើយ ដែលតែងតែថាខ្លួនជាអ្នករំដោះជាតិនោះ ពោល គឺមានតែរាជរដ្ឋាភិបាលបច្ចុប្បន្នតែមួយគត់ ដែលបានរួមសុខរួមទុក្ខជាមួយបងប្អូនប្រជាពលរដ្ឋ និងបានស្តារប្រទេសជាតិឲ្យមានការរីកចម្រើនអភិវឌ្ឍន៍ជាបន្ត បន្ទាប់។

ទន្ទឹមនឹងនោះដែរ ឯកឧត្តមអភិបាលខេត្ត បានណែនាំដល់ថ្នាក់ដឹកនាំចុះជួយភូមិ ឃុំ និងអាជ្ញាធរមូលដ្ឋានផ្ទាល់ត្រូវយកចិត្ត ទុកដាក់ និងក្តាប់ឱ្យជាប់នូវព័ត៌មានសមាជិកនៅក្នុងភូមិរបស់ខ្លួន ហើយត្រូវណែនាំប្រជាពលរដ្ឋតាមមូលដ្ឋាននីមួយៗ ត្រៀមលក្ខណៈសម្បត្តិក្នុងការទៅចូលរួមបោះឆ្នោតឱ្យបានគ្រប់ៗគ្នា នៅថ្ងៃទី០៥ ខែមិថុនា ខាងមុខនេះ ជាពិសេសត្រូវ ត្រៀមឯកសារបម្រើដល់ការបោះឆ្នោត ដូចជាអត្តសញ្ញាណប័ណ្ណជាដើម ដើម្បីបោះឆ្នោតជូនរាជរដ្ឋាភិបាលកម្ពុជា ផងដែរ៕