សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតា បានធ្វើព្រះរាជសារចូលរួមរំលែកទុក្ខក្រៀមក្រំ ចំពោះមរណភាព ឯកឧត្តម ប៉េង ប៉ាត់ ដែលបានទទួលមរណភាពក្នុងជន្មាយុ ៦៦ឆ្នាំ ដោយរោគាពាធ ។ ឯកឧត្តម ប៉េង ប៉ាត់ គឺជាស្វាមីរបស់ លោកជំទាវឧបនាយករដ្ឋមន្ត្រី ម៉ែន សំអន រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងរដ្ឋសភា និងព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ។
សម្តេចម៉ែ បានមានព្រះរាជបន្ទូលតាមព្រះរាជសារថា មរណភាពរបស់ ឯកឧត្តម ប៉េង ប៉ាត់ គឺជាការបាត់បង់កុលបុត្រដ៏ឆ្នើមនៃប្រទេសជាតិ និងប្រជារាស្ត្រកម្ពុជា ដែលបានចូលរួមយ៉ាងសកម្មបំផុតក្នុងបុព្វហេតុជាតិ សាសនា និងព្រះមហាក្សត្រ ។ ឯកឧត្តមគឺជាឥស្សរជនតស៊ូមួយរូប ដែលបានជួយរំដោះប្រទេសជាតិ ចេញពីរបបខ្មែរក្រហម រហូតទទួលបានជ័យជំនះ នៅថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩ ។
នាយឧត្តមសេនីយ៍ ប៉េង ប៉ាត់ បានចូលបម្រើជាសមាជិកព្រឹទ្ធសភា តាំងពីនិតិកាលទី១ រហូតដល់និតិកាលទី៣ និងបានរួមចំណែកក្នុងដំណើរការពង្រឹងនិតិរដ្ឋ លទ្ធិប្រជាធិបតេយ្យ និងលើកកម្ពស់កិត្យានុភាពជាតិ ទាំងក្នុងតំបន់ និងលើឆាកអន្តរជាតិ ។
សពនាយឧត្តមសេនីយ៍ ប៉េង ប៉ាត់ តម្កល់នៅភូមិគ្រឹះលេខ៣ ផ្លូវលេខ៤៦៦ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ។ ពិធីដង្ហែរសព នឹងប្រព្រឹត្តទៅនៅព្រឹកថ្ងៃសៅរ៍ទី៥ ខែមីនា ឆ្នាំ ២០១៦ ឆ្ពោះទៅកាន់ឈាបនដ្ឋាន នៅទីលានមុខវត្តបុទុមវត្តី ។