ថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២២ឯកឧត្តមវេជ្ជបណ្ឌិត សុះ មុះសិន តំណាងរាស្ត្រមណ្ឌលខេត្តកណ្ដាល អនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និងជាប្រធានសមាគមនិស្សិតមុស្លិមកម្ពុជា និងលោក តាំង ម៉េងលាន អភិបាល នៃគណៈអភិបាលរងខេត្តកណ្តាល បានអញ្ជើញចុះសំណេះសំណាលជាមួយប្រជាពលរដ្ឋនៅក្នុងស្រុកស្អាង និងស្រុកមុខកំពូល ខេត្តកណ្តាល និងពាំនាំនូវអំណោយ កញ្ចប់អាហារជាគ្រឿងឧបភោគបរិភោគ ដល់ប៉ះពាល់ និងងាយរងគ្រោះដោយជំងឺកូវីដ-១៩ នាពេលកន្លងមក ចំនួន ៣៩០គ្រួសារ ។
ពិធីនេះក៏មានការអញ្ជើញចូលរួមពី ឯកឧត្តម វេជ្ជ.សាន់ សាប់អី រដ្ឋលេខាធិការ ក្រសួងសុខាភិបាល ឯកឧត្តម វេជ្ជ.ពាស់ មូស្លីម អនុរដ្ឋលេខាធិការ ក្រសួងសុខាភិបាល ឯកឧត្តម សុះ ហ្វាសុី អនុរដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និងកីឡា លោកជំទាវ យូសុះ អាលីយ៉ា អនុរដ្ឋលេខាធិការក្រសួងមុខងារសាធារណៈ លោក ហាំការីម អនុប្រធានសមាគមនិស្សិតមុស្លិមកម្ពុជា លោក វេជ្ជ. ហុីម សុក្រី អនុប្រធាននាយកដ្ឋានសហប្រតិបត្តិការអន្តរជាតិ នៃក្រសួងសុខាភិបាល លោកអភិបាលស្រុក សមាជិកក្រុមប្រឹក្សាស្រុក លោកអុីម៉ាំស្រុក និងអាជ្ញាធរភូមិ ឃុំ យុវជនសហភាពសហព័ន្ធយុវជនកម្ពុជា យុវជនសមាគមនិស្សិតមុស្លិមកម្ពុជាជាច្រើនរូប។
ឯកឧត្តមតបាននាំក្តីនឹករលឹកពីសំណាក់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា និងថ្នាក់ដឹកគ្រប់លំដាប់ថ្នាក់ ជូនចំពោះបងប្អូន លោកពូ អ្នកមីងទាំងអស់នៅទីនេះ ដោយក្ដីនឹករលឹកពីចម្ងាយ និងសូមឲ្យប្រជាពលរដ្ឋទាំងអស់ត្រូវខិតខំថែរក្សាសុខភាពឲ្យបានល្អ និងចូលរួមចាក់វ៉ាក់សាំងការពារកូវីដ-១៩ឱ្យបានគ្រប់គ្នា។
ឯកឧត្តមបានអំពាវនាវឱ្យប្រជាពលរដ្ឋឲ្យបន្តរក្សាការពារនិងពង្រឹងសន្តិភាព ស្ថិរភាពនយោបាយ សន្តិសុខ និងសណ្ដាប់ធ្នាប់សាធារណៈ សាមគ្គីភាព និងចូលរួមអភិវឌ្ឍសង្គម ដើម្បីសុខដុមរមនានៅក្នុងសង្គមជាតិ។ មានសន្តិភាព មានការអភិវឌ្ឍ មានសន្តិភាព មានក្តីសង្ឃឹម។ ដើម្បីឱ្យមូលដ្ឋានបន្តរីកចម្រើន និងមានការអភិវឌ្ឍ សូមប្រជាពលរដ្ឋដែលដល់អាយុបោះឆ្នោត និងមានឈ្មោះបោះឆ្នោត ត្រូវបំពេញកាតព្វកិច្ចជាពលរដ្ឋ ហើយអញ្ជើញទៅបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ ដែលខ្លួនពេញចិត្ត នាពេលខាងមុខឱ្យបានគ្រប់ៗគ្នា។
សូមបញ្ជក់ថាអំណោយដែលចែកជូនបងប្អូនប្រជាពលរដ្ឋ ខ្វះខាតចំនួន ៣៩០គ្រួសារ មាន០២ទីតាំង គឺប្រជាពលរដ្ឋចំនួន ១៦០គ្រួសារ នៅភូមិបារ៉ែនក្រោម ឃុំស្វាយប្រទាល ស្រុកស្អាង និងចំនួន ២៣០គ្រួសារ នៅភូមិជ្រោយមេត្រីលើ ឃុំឬស្សីជ្រោយ ស្រុកមុខកំពូល ខេត្តកណ្តាល ដោយក្នុង១គ្រួសារ ទទួលបាន អង្ករ ១៥គីឡូក្រាម ត្រីខ ៣កំប៉ុង ប្រេងឆា ១ដប អំបិល ១គីឡូក្រាម ស្កសរ ២គីឡូក្រាម និងមី១០កញ្ចប់ ដែលជាជំនួយរបស់អង្គការមូស្លីមហែលហ្វែន តាមរយៈសមាគមនិស្សិតមុស្លិមកម្ពុជា ។