ទិវាជាតិនៃការចងចាំ៖ ឯកឧត្តម ហ៊ុន ម៉ានី អំពាវនាវឱ្យយុវជនខ្មែរ ស្វែងយល់ពីប្រវត្តិសាស្រ្តជាតិ ដើម្បីចូលរួមការពារ និងកសាងសុខសន្តិភាព ដែលមានក្នុងដៃ


នៅក្នុងឱកាស ទិវាជាតិនៃការចងចាំ ២០ឧសភា ឆ្នាំនេះ ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានអំពាវនាវឱ្យយុវជនខ្មែរទាំងអស់ ស្វែងយល់ពីប្រវត្តិសាស្រ្តជាតិ ដើម្បីចូលរួមការពារ និងកសាងសុខសន្តិភាព ដែលមានក្នុងដៃ។

តាមរយៈបណ្តាញសង្គម Facebook ឯកឧត្តម ហ៊ុន ម៉ានី បានលើកឡើងថា ក្នុងឱកាសនៃទិវាជាតិនៃការចងចាំ ២០ឧសភា ក្នុងនាមជាប្រជាពលរដ្ឋខ្មែរមួយរូប លោកសូមឧទ្ទិសទិវានេះចំពោះ បងប្អូនជនរួមខ្មែរទាំងអស់ដែលបានបាត់បង់ជីវិតយ៉ាងអយុត្តិធម៌ និងព្រៃផ្សៃបំផុតក្នុងរបបប្រល័យពូជសាសន៍ ៣ឆ្នាំ ៨ខែ និង២០ថ្ងៃ។

ឯកឧត្តមបានបន្ថែមថា ថ្វីត្បិតតែយើងបានរស់រានមានជីវិតឡើងវិញ ចាប់តាំងពីថ្ងៃរំដោះ ៧ មករា ១៩៧៩ និងជាបន្តបន្ទាប់ យើងបានទទួលបាននូវសុខសន្តិភាពពេញបរិបូរណ៍អស់រយៈកាលជាង ២ទស្សវត្សរ៍ចុងក្រោយនេះក្តី ក៏យើងទាំងអស់គ្នាមិនអាចបំភ្លេចបាននូវសោកនាដកម្មដ៏អាក្រក់ និងជូរចត់បំផុតក្នុងប្រវត្តិសាស្រ្ត។

ឯកឧត្តមបានបញ្ជាក់ដូច្នេះថា៖ «សម្រាប់យុវជនជំនាន់ក្រោយ អ្វីដែលជាការដាស់តឿនក្រើនរំឭករបស់ទិវានេះ គឺការស្វែងយល់ពីអតីតកាលរបស់ប្រទេសជាតិខ្លួន និងការរៀនសូត្រពីមេរៀនប្រវត្តិសាស្រ្តនេះ ដើម្បីចូលរួមការពារ និងកសាងសុខសន្តិភាពដែលយើងកំពុងតែមានក្នុងដៃ ឱ្យខាងតែបាន ទោះក្នុងតម្លៃណាក៏ដោយ»

ឯកឧត្តម ហ៊ុន ម៉ានី ក៏បានអំពាវនាវដល់យុវជនទាំងអស់ អស់ឆ្លៀតពេល ១នាទី ស្មឹងស្មាធដើម្បីឧទ្ទិសកុសលដល់វិញ្ញាណក្ខ័ន្ធអ្នកដែលបានស្លាប់ទៅផងដែរ។

ទិវាជាតិនៃការចងចាំ ២០ឧសភា ត្រូវបានសភានៃសាធារណរដ្ឋប្រជាមានិតកម្ពុជាកំណត់រៀបចំឡើងនៅឆ្នាំ១៩៨៣ ដោយហៅថា «ទិវាចងកំហឹង» ដើម្បីជាការចងកំហឹងទៅនឹងរបបខ្មែរក្រហមដែលបានកាប់សម្លាប់ ប្រជាពលរដ្ឋខ្មែរ។ ថ្ងៃទី២០ ខែឧសភា ឆ្នាំ១៩៧៣ គឺជាថ្ងៃកំណើត របស់សហកររបស់របបកម្ពុជាប្រជាធិបតេយ្យខ្មែរក្រហម ហើយបានបន្តសង្គ្រាមរហូតឈានដល់ការគ្រប់គ្រងរាជធានីភ្នំពេញ នៅថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥។

«ទិវាជាតិនៃការចងចាំ» ទើបត្រូវរាជរដ្ឋាភិបាលកម្ពុជា ចាប់ផ្តើមកំណត់ជាថ្ងៃបុណ្យជាតិ កាលពីថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ ២០១៨។ ការកំណត់យកថ្ងៃនេះធ្វើជាថ្ងៃបុណ្យជាតិផ្លូវការ សម្រាប់ជាការរំឭកដល់ជនរងគ្រោះ និងការឈឺចាប់ពីឧក្រិដ្ឋកម្ម ដែលកើតមានក្នុងរបបកម្ពុជាប្រជាធិបតេយ្យ ចាប់ពីថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ ដល់ថ្ងៃទី៦ ខែមករា ឆ្នាំ១៩៧៩៕