អ្នកជំនាញអារ្យធម៌ខ្មែរ លោក រត្ន័ សណ្ដាប់ បានថ្លែងពីប្រទេសស្វីសថា នៅថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២២ ម្សិលមិញនេះនៅលើផែនដីនៃប្រទេសស្វីស យើងឃើញបងប្អូនខ្មែររស់នៅលើទឹកដីស្វីស អ៉ីតាលី បារាំង អាល្លីម៉ង់ អង់គ្លេស និងរស់នៅលើទឹកដីនៃប្រទេសផ្សេងៗទៀតក្នុងសហគមអឺរ៉ុប រាប់ពាន់នាក់បានមកទទួលស្វាគមន៍ សម្ដេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជាប្រកបដោយភាពស្រស់ស្រាយ ញញឹមរាក់ទាក់យ៉ាងសោមនស្សរីករាយ និងមានភាពកក់ក្តៅបំផុតជាមហាគ្រួសារខ្មែរតែមួយ។
ព្រោះក្រោយពីការធ្លាក់ចុះនៃអារ្យធម៌អង្គរមក ស្នាមញញឹមខ្មែរដ៏ស្រស់បំព្រង បានចុះស្រអាប់បន្ដិចម្ដងៗ ពិសេសពីសង្រ្គាមឆ្នំា១៩៧០ ដល់១៩៧៩ គឺស្នាមញញឹមខេមរជនខ្មែរត្រូវបាន រលាយបាត់បង់ពីភ្នែកមនុស្សជាតិលើភពផែនដីនេះទាំងស្រុង។
លោក រត្ន័ សណ្ដាប់ បន្ដស្ថិតក្នុងបរិយាកាសនៃការជួបជុំបងប្អូនខ្មែរនៅលើទឹកដីស្វីសដ៏សែនសប្បាយរីករាយនេះ បើពោលចាប់ពីឆ្នាំ១៩៩៨ ដល់បច្ចុប្បន្នមានរយ:ពេល២៤ឆ្នាំមកនេះ។ ចំពោះគុណតម្លៃលទ្ធផលផ្លែផ្កាចេញពី «ទង់សន្ដិភាពតេជោ» ដែលពុំអាចកាត់ថ្លៃបានគឺ៖
១៖ បងប្អូនជនរួមជាតិខ្មែរបានចាកផុតពីការស្លាប់និងរបួសដោយសារសង្រ្គាម។
២៖ បងប្អូនជនរួមជាតិខ្មែរបានចាកផុតពីភាពពិការដោយសារសង្រ្គាម។
៣៖ កុមារនិងស្រ្ដីខ្មែរបានចាកផុតពីភាពជាក្មេងកំព្រានិងស្រ្ដីមេម៉ាយដោយសារសង្រ្គាម។
៤៖ បងប្អូនជនរួមជាតិខ្មែរបានចាកផុតពីភាពជាជនភៀសសឹកឬរត់ចោលស្រុកទេសដោយសារសង្រ្គាម។
៥៖ បងប្អូនជនរួមជាតិខ្មែរបានចាកផុតពីការកាប់សម្លាប់ស៊ីសាច់ហុតឈាមគ្នារវាងខ្មែរ និងខ្មែរដោយសារសង្រ្គាម។
៦៖ សង្គមជាតិខ្មែរបានចាកផុតពីការដាក់គ្រាប់មីនផ្ដាច់ផ្លូវ ផ្ដាច់ស្ពាន ឬបំផ្លាញអ្វីៗជារចនាសម្ព័ន្ធរបស់សង្គមជាតិដោយសារសង្រ្គាម។
៧៖ វត្ដមានសន្ដិភាព បានផ្ដល់ឳកាសឲ្យសង្គមជាតិមានការអភិវឌ្ឍ និងរីកចំរើនលើគ្រប់វិ័ស័យហើយជីវភាពប្រជាពលរដ្ឋមានភាពធូរធារជាលំដាប់ ។
៨៖ វត្ដមានសន្ដិភាព បានផ្ដល់ឱកាសឲ្យគ្រប់សាសនា ប្រពៃណីទំនៀមទម្លាប់រស់រវើកទ្បើងវិញ ហើយធ្វើឲ្យប្រជាជាតិខ្មែរ ដែលរស់សេសសល់ពីសង្រ្គាមប្រមាណ៧លាននាក់ បានផ្ដល់ឱកាសឲ្យប្រជាពលរដ្ឋបានរៀបចំទុកដាក់កូនចៅតាមប្រពៃណីជាតិឡើងវិញ រហូតសព្វថ្ងៃបានកើនឡើងប្រមាណ១៧លាននាក់ បានរស់នៅយ៉ាងសុខសាន្ដ។
៩៖ វត្ដមានសន្ដិភាព បានផ្ដល់ឱកាសឲ្យបងប្អូនជនរួមជាតិខ្មែរដែលនិរាសព្រាត់ប្រាស់គ្នាចោលស្រុកពីសម័យសង្រ្គាម ទាំងក្នុង និងក្រៅប្រទេស មានឱកាសស្វែងរកគ្នា បានជួបជុំគ្នាជាមហាគ្រួសារតែមួយទ្បើងវិញ។
ដូចនេះចំពោះទស្សនវិជ្ជាសម្ដេចតេជោ បានថ្លែងពីទីក្រុងហ៊្សូរិច Zurich នៃប្រទេសស្វីស ដែលលើកទ្បើងអំពីលទ្ធផលផ្លែផ្កាចេញពីសន្ដិភាពនេះ មានអត្ថន័យមិនខុសពីលទ្ធផលផ្លែផ្កាចេញពីទង់ជាតិនៃប្រទេសស្វីសឡើយ ឈើឆ្កាងពណ៌ស ជានិមិត្ដរូបនៃរដ្ឋអព្យាក្រឹត ដើម្បីទ្រទ្រង់សន្ដិភាពកុំឲ្យធ្លាក់ក្នុងសង្គ្រាមដែលធ្លាប់មានក្នុងអតីតកាលនៃប្រវត្តិសាស្រ្តរបស់ប្រទេសស្វីស។
តាមលទ្ធផលផ្លែផ្កាចេញពី «ទង់សន្ដិភាពតេជោ» នេះផងដែរ បានធ្វើឲ្យភ្នាក់ងារទេសចរណ៍អន្ដរជាតិ Rough Guides មានទីស្នាក់ការនៅទីក្រុងឡុងដ៍នៃចក្រភពអង់គ្លេស ដែលមានជំនាញខាងស្ទង់មតិនៅលើបណ្តាញសង្គម Twitter និង Facebook ដែលបានស្វែងរកប្រទេសនានាលើភពផែនដីខាងស្នាមញញឹមរាក់ទាក់នោះ បានរកឃើញថា កម្ពុជាជាប្រទេសដែលមានភាពរួសរាយញញឹមរាក់ទាក់ជាងគេបំផុតលើពិភពលោក (The World’s Friendliest Countries) ជាប់លេខ១លើពិភពលោកខាងស្នាមញញឹមយ៉ាងស្រស់បំព្រង។ ដូច្នេះលទ្ធផលផ្លែផ្កាចេញពី «ទង់សន្ដិភាពតេជោ» គឺជាគ្រឹះទ្រទ្រង់នៃបាវចនា ជាតិ សាសនា ព្រះមហាក្សត្ររបស់ព្រះនគរខ្មែរ គឺតម្រូវឲ្យខេមរជនខ្មែរទំាងក្នុង និងក្រៅព្រះនគរ នំាគ្នាពូនផ្តុំទ្រទ្រង់សន្តិភាពនេះឲ្យបានឋិតថេរតរៀងទៅ៕