ឯកឧត្តម ជូ សារុន ជួបជុំសំណេះសំណាលគណៈកម្មការគ្រប់គ្រងសមាជិកបក្ស ខ.២៦.២ និងប្រគល់បណ្ណគណបក្សជូនសមាជិក


នៅព្រឹកថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២២ ឯកឧត្តម ជូ សារុន ប្រធានគណកម្មាការគ្រប់គ្រង ខ.២៦.២ បានជួបសំណេះសំណាលជាមួយសមាជិក សមាជិកា គណៈកម្មការគ្រប់គ្រងសមាជិកបក្ស ខ.២៦.២ ប្រគល់បណ្ណសម្គាល់សមាជិកគណបក្សប្រជាជនកម្ពុជា។

ឯកឧត្តម ជូ សារុន ប្រធាន ខ.២៦.២ បានថ្លែងថា ការជួបសំណេះសំណាលនេះ ផ្តោតលើណែនាំដល់សមាជិកសមាជិកា គណៈកម្មការគ្រប់គ្រងសមាជិកបក្ស ខ.២៦.២ ក្នុងឱកាសយុទ្ធនាការ ឃោសនា និងបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥ ហើយក៏បានផ្តល់ជូនបណ្ណសម្គាល់សមាជិកគណបក្សប្រជាជនកម្ពុជា និងនាំយកសម្ភារអនុស្សាវរីយ៍ ចែកជូនដល់សមាជិកសមាជិកាគណៈកម្មការគ្រប់គ្រងសមាជិកបក្ស ខ.២៦.២យើងផងដែរ។

ឯកឧត្តម ជូ សារុន បានរម្លឹកថា គណបក្សប្រជាជនកម្ពុជាមានឈ្មោះដើមថា បក្សប្រជាជនបដិវត្តន៍ខ្មែរ បានចាប់បដិសន្ធិឡើងនៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ១៩៥១ ដោយមានប្រភពចេញពីចលនាតស៊ូ ស្នេហាជាតិរបស់ ប្រជាជនកម្ពុជា ដើម្បីដណ្តើមឯករាជ្យ ពីអាណានិគមនិយមបារាំង។ ចាប់តាំងពីឆ្នាំ១៩៥១ រហូតដល់ឆ្នាំ១៩៥៣ បក្សបានដឹកនាំប្រជាជនកម្ពុជាប្រយុទ្ធតស៊ូ និងបានរួមវិភាគទានយ៉ាងធំធេងដល់ព្រះរាជបូជនីយកិច្ចទាមទារឯករាជ្យ របស់ព្រះ ករុណា ព្រះបាទ សម្តេច ព្រះនរោត្តម សីហនុ ដែលបង្ខំឲ្យបារាំងត្រូវយល់ព្រម ប្រគល់ឯករាជ្យឲ្យកម្ពុជាវិញ នៅថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ១៩៥៣ ជាថ្ងៃប្រវត្តិសាស្ត្រ។

ក្នុងពេលប្រទេសជាតិ ត្រូវធ្លាក់ក្នុងភ្លើងសង្គ្រាម បន្ទាប់ពីរដ្ឋប្រហារទម្លាក់ សម្ដេច ព្រះនរោត្តម សីហនុ នាថ្ងៃទី១៨ ខែមីនា ឆ្នាំ១៩៧០ បក្សបានបន្តចលនាតស៊ូយ៉ាងប្តូរផ្តាច់ នៅក្នុងចលនាតស៊ូ នៃរណសិរ្សរួបរួមជាតិកម្ពុជា ដែលដឹកនាំដោយសម្តេចព្រះបាទ នរោត្តមសីហនុ ជាព្រះប្រធាន រហូតរំដោះប្រទេសជាតិបានទាំងស្រុងនាថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥។ ប៉ុន្តែ ប៉ុល ពត បានប្លន់យកសិទ្ធដឹកនាំបក្សទាំងស្រុង ប្រែក្លាយគណបក្សទៅ ជាអង្គការប្រតិកិរិយា ដោយអនុវត្តនយោបាយប្រល័យពូជសាសន៍ យ៉ាងសាហាវយង់ឃ្នងបំផុត បាននាំឲ្យកម្ពុជាធ្លាក់ក្នុងគ្រោះមហន្តរាយ ក្រោមរបបកម្ពុជាប្រជាធិបតេយ្យ។

នៅចំពោះមុខគ្រោះមហន្តរាយ ប្រល័យពូជសាសន៍កម្មាភិបាល បក្ខជន យុទ្ធជន ដ៏បរិសុទ្ធរបស់គណបក្ស ដែលនៅសេសសល់ ពីការកាប់សម្លាប់ បានផ្តាច់ខ្លួនពីរបប ប៉ុល ពត ប្រមូលកម្លាំងស្នេហាជាតិ រួបរួមក្នុងរណសិរ្សសាមគ្គី សង្គ្រោះជាតិកម្ពុជា ដឹកនាំតស៊ូផ្ដួលរំលំរបបប្រល័យពូជសាសន៍ រហូតសម្រេចបានជ័យជម្នះជាប្រវត្តិសាស្ត្រ នាថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩។

របបកម្ពុជាប្រជាធិបតេយ្យ ថ្វីត្បិតតែត្រូវបានវាយរំលំទៅហើយក្តី ប៉ុន្តែជំលោះផ្ទៃក្នុងសង្គ្រាមរ៉ាំរ៉ៃរវាងខ្មែរ និងខ្មែរគ្នាឯងកម្មាភិបាលជាន់ខ្ពស់ នៃបក្សប្រជាជនកម្ពុជា ដែលស្រឡាញ់សន្តិភាព ស្អប់ខ្ពើមនឹងសង្គ្រាម បានសុខចិត្តលះបង់ នូវអំណាចរបស់ខ្លួន ដើម្បីផ្តួចផ្តើមធ្វើការចរចាស្វែងរកសន្តិភាព ជូនប្រទេសជាតិ រហូតបានកើតមានកិច្ចព្រមព្រៀងសន្តិភាព ទីក្រុងប៉ារីស ថ្ងៃទី២៣ ខែតុលា ឆ្នាំ១៩៩១។

ថ្វីត្បិតតែមានការបោះឆ្នោតសកលដែលរៀបចំដោយអង្គការសហប្រជាជាតិនៅកម្ពុជា ក៏ដោយតែសន្តិភាពដែលអង្គការសហប្រជាជាតិបាននាំមកជូនប្រជាជនកម្ពុជា នៅមិនទាន់មានសន្តិភាពពេញលេញនៅឡើយទេ ពេលនោះភាគីខ្មែរក្រហម មិនព្រមចូលរួមក្នុងការបោះឆ្នោតឡើយ ដោយបានដឹកនាំកម្លាំងប្រដាប់អាវុធ បង្កអសន្តិសុខនៅក្នុងប្រទេសជាបន្តទៅទៀត។

ដោយមើលឃើញបញ្ហាប្រឈមដែលបង្កដោយពួកខ្មែរក្រហមដែលចិញ្ចឹមចិត្តក្នុងការបំផ្លិចបំផ្លាញសង្គមជាតិ សម្ដេចតេជោ ហ៊ុន សែន ដែលជាវីរៈបុរសរបស់គណបក្សប្រជាជនកម្ពុជា បានបង្កើតឡើងនូវនយោបាយឈ្នះឈ្នះ ដើម្បីបង្រួបបង្រួមខ្មែរទាំងអស់ឲ្យបានឈ្នះទាំងអស់គ្នា ដោយគ្មានខ្មែរណាមួយចាញ់ឡើយ ការអនុវត្តនូវនយោបាយឈ្នះឈ្នះរបស់សម្តេចតេជោ ហ៊ុន សែន ធ្វើឲ្យកម្ពុជាបញ្ចប់សង្គ្រាមរវាងខ្មែរ និងខ្មែរ ដែលកើតមានរាប់រយសតវត្សកន្លងមក នាថ្ងៃទី២៨ ខែធ្នូ ឆ្នាំ១៩៩៨។

បន្ទាប់ពីបានបញ្ចប់សង្គ្រាមជាស្ថាពរ ព្រះរាជាណាចកម្ពុជា ដែលដឹកនាំរាជរដ្ឋាភិបាល ដោយគណបក្សប្រជាជនកម្ពុជា បានរៀបចំនយោបាយយុទ្ធសាស្ត្រក្នុងការគ្រប់គ្រង និងដឹកនាំប្រទេសមានការរីកចម្រើន រហូតមកដល់បច្ចុប្បន្ន មានដូចជា នយោបាយ យុទ្ធសាស្ត្រ ត្រីកោណ នយោបាយយុទ្ធសាស្ត្រចតុកោណ ដើម្បីកំណើនការងារ សមធម៌ និងប្រសិទ្ធភាព កសាងមូលដ្ឋានឆ្ពោះទៅសម្រេចចក្ខុវិស័យកម្ពុជា ឆ្នាំ២០៥០នាពេលខាងមុខនេះ។

ឯកឧត្តមបញ្ជាក់ថា ពេលកន្លងមក ក៏ដូចនៅពេលបច្ចុប្បន្នក្នុងកាលៈទេសៈ ប្រទេសជាតិជួប វិបត្តិសកល នៃជំងឺកូវីដ១៩ រាជរដ្ឋាភិបាល ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខ មានយុទ្ធសាស្ត្រដ៏ល្អឥតខ្ចោះក្នុងការគ្រប់គ្រង ជំងឺរាត្បាតនេះបាន ហើយមានការកោតសរសើរពីស្ថាប័នអង្គការសុខភាពពិភពលោក។ ទាំងនេះជា មោទនភាពរបស់កម្ពុជា នៅលើឆាកអន្តរជាតិ ដែលផ្ទុយពីនេះប្រទេសមួយចំនួនដែលសម្បូរ ទៅដោយបរិក្ខារ សុខាភិបាលទំនើបៗ នៅមិនទាន់គ្រប់គ្រងបញ្ហាជំងឺដ៏កាចសាហាវនេះបាននៅឡើយទេ៕