សុន្ទរកថា គន្លឹះរបស់សម្ដេចតេជោ ហ៊ុន សែន ក្នុងសន្និបាតប្រចាំឆ្នាំលើកទី៧៨ គណៈកម្មការសេដ្ឋកិច្ច និងសង្គមកិច្ចសម្រាប់អាស៊ី និងប៉ាស៊ីហ្វិក នៃអង្គការសហប្រជាជាតិ


នៅព្រឹកថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២២នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងសុន្ទរកថាគន្លឹះ តាមរយៈសារវីដេអូថតទុក ក្នុងកម្មវិធីបើកសន្និបាតប្រចាំឆ្នាំលើកទី៧៨ របស់គណៈកម្មការសេដ្ឋកិច្ច និងសង្គមកិច្ចសម្រាប់អាស៊ី និងប៉ាស៊ីហ្វិក នៃអង្គការសហប្រជាតិ (UN ESCAP) ក្រោមមូលបទ «របៀបវារៈរួមដើម្បីជំរុញការអភិវឌ្ឍប្រកបដោយចីរភាពនៅក្នុងតំបន់អាស៊ី និងប៉ាស៊ីហ្វិក» ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២២ នាទីក្រុងបាងកក ប្រទេសថៃ។

ក្នុងសុន្ទរកថាគន្លឹះ សម្តេចតេជោ នាយករដ្ឋមន្រ្តី បានថ្លែងលើកឡើងពីភាពចាំបាច់ នៃការបង្កើន និងពង្រឹងកិច្ចសហប្រតិបត្តិការអន្តរជាតិ ដើម្បីសម្រេចបានការអភិវឌ្ឍប្រកបដោយចីរភាព ដែលជារបៀបវារៈរួមសកលដ៏សំខាន់ ដែលបច្ចុប្បន្នដំណើរការ នៃការឈានសម្រេចបានគោលដៅនេះ កំពុងត្រូវបានបន្ទច់បង្អាក់ដោយសារបញ្ហាប្រឈមជាច្រើន ជាពិសេស វិបត្តិ នៃជំងឺកូវីដ-១៩។

សម្តេចតេជោ ហ៊ុន សែន ក៏បានលើកឡើងផងដែរថា ក្នុងបរិបទ នៃជំងឺកូវីដ-១៩ មានភាពប្រសើរ តែមិនទាន់ឆ្លងផុតទាំងស្រុងនៅឡើយទេ ហើយអាទិភាពចម្បង នៃរបៀបវារៈរួមនៅក្នុងតំបន់អាស៊ី និងប៉ាស៊ីហ្វិក ក៏ដូចជាសកលលោកទាំងមូល គឺនៅតែផ្តោតលើការយកឈ្នះលើសមរភូមិប្រយុទ្ធនឹងជំងឺកូវីដ-១៩ ដោយប្រើប្រាស់វ៉ាក់សាំងជា អាវុធយុទ្ធសាស្ត្រគន្លឹះ។

ក្នុងនោះ សម្តេចតេជោ ហ៊ុន សែន បានវាយតម្លៃខ្ពស់ ចំពោះវប្បធម៌នៃការជួយគ្នាទៅវិញទៅមក ជាពិសេសការចែករំលែកវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ សំដៅបង្កើតភាពស៊ាំសហគមន៍ពេញលេញនៅទូទាំងសកលលោក និងបានលើកទឹកចិត្តឲ្យមានការបើកទូលាយ និងពង្រឹងការធ្វើសមាហរណកម្មសេដ្ឋកិច្ច តាមរយៈការជំរុញការវិនិយោគ ការធ្វើពាណិជ្ជកម្មដោយអនុត្តឲ្យបានពេញលេញនូវកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីនានា ដែលបានចូលជាធរមាន និងការតភ្ជាប់ប្រជាជន និងប្រជាជន ជាពិសេសនៅក្នុងវិស័យទេសចរណ៍ ដើម្បីរួមគ្នាស្តារ និងលើកស្ទួយកំណើនសេដ្ឋកិច្ចក្នុងប្រទេស និងតំបន់ឡើងវិញ នៅក្រោយវិបត្តិនៃជំងឺកូវីដ-១៩។

សម្តេចតេជោ ហ៊ុន សែន ក៏បានបង្ហាញពីក្តីព្រួយបារម្ភពីវិបត្តិសង្គ្រាមនៅអ៊ុយក្រែន ដែលវិបត្តិនេះមិនត្រឹមតែបន្ទច់បង្អាក់ដល់ការងើបឡើងវិញ នៃស្ថានភាពសង្គម-សេដ្ឋកិច្ចប៉ុណ្ណោះទេ តែអាចជះឥទ្ធិពលដល់សង្គម-សេដ្ឋកិច្ច និងភូមិសាស្ត្រនយោបាយរយៈពេលវែងផងដែរ។ សម្តេចបានអំពាវនាវឲ្យមានការខិតខំប្រឹងប្រែងរួមគ្នា រក្សាឲ្យបាននូវសណ្តាប់ធ្នាប់ សន្តិភាព និងជាពិសេសសន្តិសុខស្បៀង ក្នុងប្រទេស និងតំបន់ ដោយរក្សាឲ្យបាននូវលំហូរ នៃទំនិញសំខាន់ចាំបាច់ ដើម្បីកុំឲ្យប្រជាជនរបស់យើងជួបទុក្ខលំបាកថែមទៀត និងគ្មាននរណាម្នាក់ត្រូវបានបំភ្លេចចោល។

ជាចុងក្រោយ ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា ជឿជាក់ថា សន្និបាតប្រចាំឆ្នាំលើកទី៧៨នេះ នឹងមានការពិភាក្សាផុលផុស និងឈានទៅដល់ការបង្កើតនូវយន្តការ និងគំនិតផ្តួចផ្តើមថ្មី នៃកិច្ចសហប្រតិបត្តិការតបន់អាស៊ី និងប៉ាស៊ីហ្វិក សំដៅជំរុញការស្តារ និងលើកកម្ពស់កំណើនឡើងវិញ ក្រោយវិបត្តិកូវីដ-១៩ និងឈានឆ្ពោះទៅសម្រេចបាននូវគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព២០៣០ តាមការរំពឹងទុក ហើយកម្ពុជាត្រៀមខ្លួនរួចជាស្រេច ក្នុងការចូលរួម ទាំងក្នុងនាមជាប្រទេសមួយក្នុងតំបន់អាស៊ី និងប៉ាស៊ីហ្វិក និងជាប្រធានអាស៊ានក្នុងឆ្នាំ ២០២២។