នៅថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២២ ឯកឧត្តម នុត ពុធដារ៉ា ប្រធានក្រុមការងារចុះជួយសង្កាត់កោះអន្លង់ចិន បានដឹកនាំក្រុមការងារចុះជួយភូមិ បេក្ខជនក្រុមប្រឹក្សាសង្កាត់ សាខាបក្សភូមិ ចុះផ្សព្វផ្សាយគោលនយោបាយ បិទស្ទីកគ័រ ចែកខិត្តបណ្ណ និងសំណេះសំណាលជាមួយសមាជិកបក្សតាមខ្នងផ្ទះ ក្នុងសង្កាត់កោះអន្លង់ចិន។
នៅក្នុងឱកាសនោះ ឯកឧត្តម នុត ពុធដារ៉ា បានលើកឡើងអំពីការខិតខំរបស់គណបក្សប្រជាជនកម្ពុជា ចាប់ពីការរំដោះប្រជាជនកម្ពុជាពីរបបប្រល័យពូជសាសន៍ នៅថ្ងៃ៧ មករា ១៩៧៩ ការបញ្ចប់សង្គ្រាមស៉ីវិលនៅក្នុងប្រទេស ការបង្រួបបង្រួមជាតិតាមរយៈការដាក់ចេញនយោបាយឈ្នះ-ឈ្នះ ការស្វែងរកសុខសន្តិភាព ការរក្សាការពារសន្តិភាព-ស្ថិរភាព ការខិតខំអភិវឌ្ឍប្រទេសជាតិ ធ្វើប្រជាជនរស់នៅក្នុងក្ដីសុខក្សេមក្សាន្តរហូតដល់ពេលបច្ចុប្បន្ន។
ឯកឧត្តមបានបញ្ជាក់ថា «ទាំងអស់នេះគឺជាសច្ចធម៌ នៃប្រវត្តិសាស្ត្រ ដែលមិនអាចកាត់ផ្ដាច់បានពីការខិតខំរបស់គណបក្សប្រជាជនកម្ពុជា និងសម្ដេចតេជោ ហ៊ុន សែន ហើយប្រជាជនទាំងអស់គ្នាគឺជាសាក្សីរស់ក្នុងការបញ្ជាក់ ពីសច្ចធម៌ប្រវត្តិសាស្ត្រនេះ។
ឯកឧត្តមចង់ឱ្យប្រជាពលរដ្ឋទាំងអស់ត្រូវមានមនសិកា មានគោលជំហរច្បាស់លាស់ មុននឹងសម្រេចចិត្តបោះឆ្នោត ទោះបីអ្នកណានិយាយអ្វីក៏ដោយក៏មិនអាចកែប្រែគោលជំហររបស់ខ្លួនបានឡើយ។ ប្រជាពលរដ្ឋត្រូវចេះវាយតម្លៃថា គណបក្សដឹកនាំដែលល្អ គឺជាគណបក្សដែលមានមាគ៌ា ដឹកនាំត្រឹមត្រូវ គឺជាគណបក្សដែលបានដឹកនាំប្រទេសឱ្យមានសុខសន្តិភាព ការអភិវឌ្ឍហេដ្ឋារចនាសម្ពន្ធគ្រប់ទីកន្លែង ធ្វើឱ្យប្រជាជនមានជីវភាពការរស់នៅសុខស្រួល ដែលនោះគឺមានតែគណបក្សប្រជាជនកម្ពុជាទេ ដែលបាននិងកំពុងគោលនយោបាយទាំងនេះ។
ឯកឧត្តមបានបន្តទៀតថា ប្រជាជនបានឃើញកាន់តែច្បាស់ថែមទៀត នោះគឺក្នុងដំណាក់កាលជំងឺកូវីដ១៩ ដែលសម្ដេចតេជោបានដាក់ចេញយុទ្ធសាស្ត្រច្បាស់លាស់ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ការពារសុខមាលភាព សាធារណៈប្រជាជន រហូតដល់អាចរុញច្រានការរីករាលដាល់ជំងឺដ៏កាចសាហាវឱ្យបានធូរស្រាលឡើងវិញ។ តាមរយៈការខិតខំផ្តល់វ៉ាក់សាំងជូនប្រជាពលរដ្ឋ ពង្រឹងភាពស៉ាំក្នុងសហគមន៍ គឺបានជំរុញឱ្យរាជរដ្ឋាភិបាលបើកសេដ្ឋកិច្ច សង្គមឡើងវិញ និងនៅបានបន្តជំរុញឱ្យប្រជាជនចាក់វ៉ាក់សាំងដូសជំរុញថែមទៀត។ ទាំងនេះគឺសម្ដេចតេជោគិតគូរពីអាយុជីវិតប្រជាជនក្នុងប្រទេសកម្ពុជា ដោយសម្តេចតែងបានចាត់ទុកថាអាយុជីវិតប្រជាជន គឺសំខាន់ជាងអ្វីៗទាំងអស់។
ឯកឧត្តមប្រធានបានសង្កត់ធ្ងន់ថា គណបក្សប្រជាជនជាគណបក្សដែលមានវិន័យ ធ្វើអ្វីមានផែនការ មានយុទ្ធសាស្ត្រច្បាស់លាស់ រាប់ទាំងពីការតស៊ូរំដោះប្រជាជន ការអនុវត្តគោលនយោបាយឈ្នះ-ឈ្នះ ការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ដែលជាសត្រូវគ្មានរូបគ្មានស្រយោល និងពិបាកប្រឆាំងជាងគេបំផុត។
ឯកឧត្តមបានបញ្ជាក់ទៀតថា ការបោះឆ្នោតនៅប្រទេសកម្ពុជា គឺជាការអនុវត្តប្រជាធិបតេយ្យពិតប្រាកដ គ្មានការបង្ខិតបង្ខំ គំរាមកំហែង ប្រជាពលរដ្ឋបោះឆ្នោតដោយសេរីតាមការសម្រេចចិត្តរបស់ខ្លួន តាមឆន្ទៈ និងការគាំទ្ររបស់ខ្លួនទៅលើគណបក្សណាមួយ។
លើសពីនេះ ឯកឧត្តមប្រធានក៏បានអំពាវនាវដល់សកម្មជន សមាជិក-សមាជិកាគណបក្ស ក៏ដូចជាប្រជាពលរដ្ឋសូមទៅបោះឆ្នោតឱ្យបានគ្រប់គ្នា ពិសេសគឺត្រូវបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដែលមានរូបសញ្ញា «ទេវតាបាចផ្កា»។ នៅក្នុងឱកាសនោះ លោក ឃ្លាំង ហួត និងក្រុមការងារ ក៏បានបង្រៀនសមាជិកសមាជិកាបក្សឲ្យចេះគូសសន្លឹកឆ្នោតផងដែរ នៅពេលអញ្ជើញទៅបោះឆ្នោតនាថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២ខាងមុខ៕