អភិបាលខេត្តរតនគិរី៖ ការចុះបញ្ជីដីលក្ខណៈជាប្រព័ន្ធ ពិតជាមានសារៈសំខាន់ណាស់សម្រាប់ប្រជាពលរដ្ឋ ដែលជាម្ចាស់ដី ដើម្បីធានានូវសិទ្ធិស្របច្បាប់ និងលុបបំបាត់នូវវិវាទកម្មផ្សេងៗ


ថ្លែងនៅចំពោះមុខប្រជាពលរដ្ឋ ស្ថិតនៅភូមិភ្នំស្វាយ ដែលអញ្ជើញមកទទួលប័ណ្ណកម្មសិទ្ធដីធ្លីប្រមាណជាង១ពាន់ប័ណ្ណ ដែលបានប្រារព្ធធ្វើឡើងនៅសាលាសង្កាត់បឹងកន្សែង ក្រុងបានលុង នាព្រឹកថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២២ ឯកឧត្តម ញ៉ែម សំអឿន អភិបាលខេត្តរតនគិរី និងជាប្រធានគ្រប់គ្រងដីរដ្ឋថ្នាក់ខេត្ត បានលើកឡើងថា ការចុះបញ្ជីដីជាលក្ខណៈជាប្រព័ន្ធ ពិតជាមានសារៈសំខាន់ណាស់សម្រាប់ប្រជាពលរដ្ឋ ដែលជាម្ចាស់ដី ដើម្បីធានានូវសិទ្ធិស្របច្បាប់ ការលុបបំបាត់នូវវិវាទកម្មផ្សេងៗ និងទទួលបានភាពច្បាស់លាស់ក្នុងការកំណត់អំពីទំហំដី ព្រំប្រទល់ដីធ្លី។

ឯកឧត្តមអភិបាលខេត្តបន្តថា ការចុះបញ្ជីដីធ្លី និងសិទ្ធិលើដីធ្លីដែលមាននាពេលបច្ចុប្បន្ននេះ ក៏ដោយសារតែប្រទេសជាតិមានសុខសន្តិភាព ទើបធ្វើឱ្យពុកម៉ែបងប្អូន មានសិទ្ធិអាចប្រកបមុខរបបរផ្សេងៗ មានសេរីភាពក្នុងការធ្វើដំណើរ សិទ្ធិក្លាយជាម្ចាស់កម្មសិទ្ធិលើដីធ្លី និងការរស់នៅប្រកបដោយសុដុមនីយកម្ម ដោយមិនមានការភ័យខ្លាច។ ដូចនេះសន្តិភាព គឺជាមូលដ្ឋានគ្រឹះនៃការអភិវឌ្ឍ។

ឯកឧត្តមថា «ទាំងនេះគឺជាការដឹកនាំដ៏ខ្ពង់ខ្ពស់ប្រកបដោយគតិបណ្ឌិតរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា ដែលបានដឹកនាំប្រទេសឱ្យមានសុខសន្តិភាព មានការរីកចម្រើននិងអភិវឌ្ឍន៍លើគ្រប់វិស័យអស់ រយៈពេលជាច្រើនឆ្នាំមកហើយ ដែលប្រទេសកម្ពុជាមានសុខសន្តិភាពក្រោមមគ្គុទេសរបស់សម្តេចហើយយើងក៏មិនភ្លេចដែរនូវពាក្យស្លោក អរគុណសន្តិភាព»។

សូមបញ្ជាក់ថា វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុដែលនឹងត្រូវផ្តល់ជូនពុកម៉ែបងប្អូនប្រជាពលរដ្ឋ ស្ថិតនៅភូមិភ្នំស្វាយ សង្កាត់បឹងកន្សែង ក្រុងបានលុងនាពេលនេះមានចំនួន ១,៧៦២ វិញ្ញាបនបត្រ៕