ឯកឧត្តម ម៉ម ប៊ុនហេង អនុញ្ញាតឱ្យ នាយកប្រតិបត្តិក្រុមប្រឹក្សាធុរកិច្ចអាស៊ាន-អឺរ៉ុប ជួបសម្ដែងការគួរសម និងពិភាក្សាការងារ


ឯកឧត្តមសាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល នៅរសៀល ថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២២នេះ បានអនុញ្ញតឱ្យ លោក Chris Humphrey

នាយកប្រតិបត្តិក្រុមប្រឹក្សាធុរកិច្ចអាស៊ាន-អឺរ៉ុប ជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅទីស្តីការក្រសួងសុខាភិបាល។

ជាកិច្ចចាប់ផ្ដើម ឯកឧត្តមរដ្ឋមន្ត្រី បានសម្តែងនូវការស្វាគមន៍ និងការកោតសរសើរចំពោះធុរកិច្ចអាស៊ាន-អឺរ៉ុប ជាពិសេសមូលនិធិអាស៉ី-អឺរ៉ុប ដែលបានសហការគាំទ្រក្រសួងសុខាភិបាល ក្នុងការរៀបចំវេទិកាអាស៉ី-អឺរ៉ុប ស្ដីពីការប្រយុទ្ធប្រឆាំងនឹងឱសថក្លែងក្លាយ និងឱសថអន់គុណភាពនៅកម្ពុជា ទោះបីក្នុងកាលៈទេសៈ ដែលពិភពលោក និងកម្ពុជាប្រឈមនឹងការរីករាលដាលនៃជំងឺកូរីដ-១៩ ក៏ដោយ។

ឯកឧត្តមរដ្ឋមន្ត្រី បានគូសបញ្ជាក់ថា រហូតមកដល់ពេលនេះ មានផលិតផលសុខភាពមកពីបណ្តាប្រទេសអឺរ៉ុប ចំនួនប្រមាណជាង ៤០០០មុខ បានចុះបញ្ជិកានៅក្រសួងសុខាភិបាល និងបានចរាចរនៅលើទីផ្សារកម្ពុជា។

លោកនាយកប្រតិបត្តិក្រុមប្រឹក្សាធុរកិច្ចអាស៊ាន-អឺរ៉ុប បានសម្តែងនូវការកោតសរសើរដល់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងប្រកបដោយគតិបណ្ឌិតរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ដែលបានដឹកនាំ គ្រប់គ្រងការរីករាលដាលនៃជំងឺកូវីដ-១៩ អាចឱ្យបើក ដំណើរការប្រទេសបានឡើងវិញ។

លោកនាយកប្រតិបត្តិក៏បានថ្លែងអំណរគុណដល់រាជរដ្ឋាភិបាល ដែលបានចាក់វ៉ាក់សាំងកូវីដ-១៩ ឱ្យជនបរទេសទាំងអស់ស្នាក់នៅកម្ពុជា ដោយឥតគិតថ្លៃ រួមទាំងអ្នកវិនិយោគ និងធុរជនអឺរ៉ុប ផងដែរ។ លោកនាយកប្រតិបត្តិក៏បានថ្លែងអំណរគុណដល់ក្រសួងសុខាភិបាល ដែលតែងតែសហការ
គាំទ្រដល់ធុរកិច្ចរបស់អឺរ៉ុប ជាពិសេសក្នុងការចុះបញ្ជិកាផលិតផលសុខភាព និងបានស្នើសុំឲ្យក្រសួងសុខាភិបាល បន្តគាំទ្រ និងពង្រីកកិច្ចសហប្រតិបត្តិការឱ្យកាន់តែទូលំទូលាយថែមទៀតលើវិស័យសុខាភិបាល។

ជាចុងក្រោយ ឯកឧត្តមរដ្ឋមន្ត្រី បានថ្លែងអំណរគុណក្រុមប្រឹក្សាធុរកិច្ចអាស៊ាន-អឺរ៉ុប និងស្នើសុំពង្រីកកិច្ចសហប្រតិបត្តិការ រវាងក្រសួងសុខាភិបាល និងក្រុមប្រឹក្សាធុរកិច្ចអាស៊ាន-អឺរ៉ុប មិនត្រឹមតែអាស៊ានទេ តែក្នុងក្របខ័ណ្ឌទ្វេភាគីផងដែរ ជាពិសេសលើការអភិវឌ្ឍធនធានមនុស្ស។

កិច្ចជំនួបពិភាក្សា បានបញ្ចប់ដោយលទ្ធផលគួរជាទីមោទនៈ ក្នុងស្មារតីសាមគ្គីភាព មិត្តភាពនិងកិច្ចសហប្រតិបត្តិការ រវាងក្រុមប្រឹក្សាធុរកិច្ចអាស៊ាន-អឺរ៉ុប និងកម្ពុជា៕