អភិបាលរងខេត្តកំពង់ធំ ជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋ នៅសង្កាត់ស្រយ៉ូវ ក្រុងស្ទឹងសែន ដែលកំពុងប្រើប្រាស់ដីអាស្រ័យផលក្នុងតំបន់២ និងធ្លាប់អាស្រ័យផលក្នុងតំបន់៣


ឯកឧត្តម សុក ហៃ អភិបាលរងខេត្តកំពង់ធំ បានជួប សំណេះសំណាលជាមួយប្រជាពលរដ្ឋនៅសង្កាត់ស្រយ៉ូវ ក្រុងស្ទឹងសែន ដែលកំពុងប្រើប្រាស់ដី អាស្រ័យផលក្នុងតំបន់២ និងធ្លាប់អាស្រ័យផលក្នុងតំបន់៣ ដើម្បីឱ្យបងប្អូនប្រជាពលរដ្ឋប្រកបរបរកសិកម្មបន្តទៀត ឲ្យមានជីវភាពធូរធា និងរីកចម្រើនបន្ថែមទៀត នៅរសៀលថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២២។

ឆ្លៀតក្នុងឱកាសនេះ ឯកឧត្តម សុក ហៃ បានលើកឡើងថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានគិតគូលើសុខទុក្ខ និងជីវភាពប្រជាពលរដ្ឋទូទៅស្មើៗគ្នា។ ក្នុងនោះសម្តេចតេជោ បានកាត់ឆ្វៀលដីរបស់ប្រជាពលរដ្ឋក្នុងតំបន់២ មកជាតំបន់១ នៃបឹងទន្លេសាប ក្នុងភូមិសាស្រ្តចំនួន៥ក្រុងស្រុក សរុបជាង ១ម៉ឺនហិកតា រួចមកហើយ។

ស្របជាមួយគ្នានេះសម្តេចតេជោនាយករដ្ឋមន្រ្តី ក៏បាននិងកំពុងគិតគូពីការប្រើប្រាស់ដីនៅក្នុងតំបន់ ដែលមិនទាន់មានប័ណ្ណកម្មសិទ្ធិនៅក្នុងតំបន់២ គ្រោងកាត់ចូលតំបន់១ បន្ថែមទៀត។

ឯកឧត្តមបានបន្ថែមថា សម្តេចតេជោ ហ៊ុន សែន បានឲ្យក្រុមការងារថ្នាក់ខេត្តសិក្សាបន្ថែមទៀត លើដីអាស្រ័យផលរបស់ប្រជាពលរដ្ឋក្នុងក្រុងស្ទឹងសែ ឆ្នាំ១៩៨២ និងដីអាស្រ័យផលក្នុងតំបន់៣ មុនឆ្នាំ២០១១ ផងដែរ។

នៅក្នុងឱកាសនោះ ឯកឧត្តមសូមបងប្អូនប្រជាពលរដ្ឋទាំងអស់ ដែលមានអាយុចាប់ពី១៨ ឆ្នាំឡើងដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោត សូមអញ្ជើញទៅបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៥ ដែលប្រព្រឹត្តទៅនៅថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២២ ខាងមុខនេះទៅ។ បងប្អូនទាំងអស់សូមចូលរួមចាក់វ៉ាក់សាំង ដើម្បីការពារជំងឺកូវីដ-១៩ ឱ្យបានគ្រប់ៗគ្នានៅក្នុងមូលដ្ឋានរបស់បងប្អូន៕