ឯកឧត្តម សេរី កុសល ចុះឃោសនារកសំឡេងឆ្នោតជូនគណបក្សប្រជាជនកម្ពុជា នៅតាមបណ្តាភូមិឃុំនៃស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ


ឯកឧត្តម សេរី កុសល តំណាងរាស្ត្រមណ្ឌលបន្ទាយមានជ័យ និងក្រុមការងារចុះជួយស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ បានចុះធ្វើយុទ្ធនាការឃោសនារកសំឡេងឆ្នោតជូនគណបក្សប្រជាជនកម្ពុជា នៅតាមបណ្តាលភូមិឃុំនានានៃស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ សម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៥ ដែលនឹងត្រូវធ្វើឡើងនៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២ខាងមុខនេះ។

គិតទាំងព្រឹកថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២២នេះ គឺមានរយៈពេល៥ថ្ងៃជាប់គ្នាហើយ ដែលឯកឧត្តម សេរី កុសល និងក្រុមការងារបក្សប្រជាជនកម្ពុជា ចុះជួយស្រុកភ្នំស្រុក បានចុះធ្វើយុទ្ធនាការរកសំឡេងឆ្នោត ស្របទៅតាមច្បាប់របស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប)។

ពិធីជួបប្រជុំសំណេះសំណាល និងដង្ហែក្បួនឃោសនារកសំឡេងឆ្នោតគ្រប់លើក ឯកឧត្តម សេរី កុសល និងក្រុមការងារ បានរៀបចំនូវនំបញ្ចុក នំបុ័ងជូនសមាជិក សមាជិកាបក្សហូបរួមគ្នាក្នុងបរិយាកាសសប្បាយរីករាយ ស្និតស្នាល និងសាមគ្គីភាព ឈានទៅការជ័យជម្នះក្នុងការបោះឆ្នោតនាពេលខាងមុខ។

ក្នុងពិធីសំណេះសំណាលជាមួយសមាជិក សមាជិកាបក្ស ឯកឧត្តម សេរី កុសល បានពន្យល់ដល់បងប្អូនពីមូលហេតុសំខាន់ៗ ដែលចាំបាច់ត្រូវបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដោយលើកយកពីសភាពការណ៍អតីតកាល បច្ចុប្បន្ន និងអនាគត មកវែកញែកជូនបងប្អូនបានជ្រួតជ្រាប។

ឯកឧត្តមថា បងប្អូនប្រជាពលរដ្ឋទាំងអស់ ត្រូវចូលរួមថែរក្សានូវសុខសន្តិភាពដែលខ្លួនមានសព្វថ្ងៃនេះ ដែលជាការខិតខំប្រឹងប្រែងយ៉ាងលំបាករបស់សម្ដេចតេជោ ហ៊ុន សែន ទម្រាំយកបាននូវសុខសន្ដិភាពមកជូនប្រជាពលរដ្ឋ ដូច្នេះដាច់ខាតកុំជឿលើការញុះញង់របស់ពួកប្រឆាំង។ លោកបានលើកជាឧទាហរណ៍ ចំពោះប្រទេសអ៊ុយក្រែន កំពុងមានសង្គ្រាម ដែលពេលនេះប្រជាជនគ្រប់រូបរបស់អ៊ុយក្រែន ត្រូវការខ្លាំងបំផុត គឺសុខសន្តិភាព។

ឯកឧត្តមបន្តថា បងប្អូនប្រជាពលរដ្ឋ ក្នុងស្រុកភ្នំស្រុកទាំងអស់ ដែលធ្លាប់ឆ្លងកាត់ការលំបាក់យ៉ាងពិតប្រាកដ ដូច្នេះទើបបានស្គាល់នូវតម្លៃសុខសន្ដិភាព ក្រោមគោលនយោបាយ ឈ្មះ-ឈ្មះ របស់សម្ដេចតេជោ ហ៊ុន សែន ដែលបានដាក់ចេញ និងមួយវិញទៀត គឺការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ដែលប្រទេសជិតខាងមិនអាចធ្វើបាន គឺការរកវ៉ាក់សាំងសម្រាប់ចាក់ជូនប្រជាពលរដ្ឋ ដើម្បីធានានូវសុខភាព ជូនប្រជាពលរដ្ឋនៅទូទាំងប្រទេស ដែលអាចឲ្យប្រជាជនអាចជួបជុំ ប្រារព្ធពិធីបុណ្យទានយ៉ាងសប្បាយរីករាយ។

ឯកឧត្តមបានជម្រាបជូនបងប្អូនថា ការបោះឆ្នោតនៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២ខាងមុខនេះ គឺបានបិទបញ្ចប់ជាស្ថាពរ នូវពាក្យភូតកុហករបស់អ្នកនយោបាយមួយចំនួន ដែលបានកុហកសកម្មជនរបស់ខ្លួន ថាខ្លួននឹងនាំមកវិញនូវមេឃុំជាង៥០០នាក់ ឲ្យមកកាន់តំណែងវិញ ដូច្នេះការបោកប្រាស់ទាំងប៉ុន្មានរបស់អ្នកនយោបាយរូបនោះ ត្រូវបានបកអាក្រាត និងលុបបំបាត់ដែលបញ្ជាក់ឲ្យសកម្មជនរបស់បក្សរបស់គេបានឃើញ មិនគួរដើរតាមនយោបាយបោកប្រាស់នេះតទៅទៀតទេ។

ឯកឧត្តម សេរី កុលស បានអំពាវនាវដល់ប្រជាពលរដ្ឋ សូមបោះឆ្នោតជូនគណបក្សប្រជាជន ដើម្បីបន្តសន្តិភាព ស្ថិរភាពនយោបាយ និងការអភិវឌ្ឍសេដ្ឋកិច្ច ដែលគ្មានគណបក្សណាផ្សេងអាចជំនួសបានឡើយ៕