ឯកឧត្តម ស្វាយ សំអ៊ាង អភិបាលខេត្តស្ទឹងត្រែង បានថ្លែងថា ថ្នាក់ដឹកនាំ កងកម្លាំងប្រដាប់ រួមទាំងមន្ត្រីរាជការ បានចូលរួមយ៉ាងសកម្មក្នុងការថែរក្សាសន្តិសុខសណ្តាប់ធ្នាប់បានល្អ ក្នុងភូមិសាស្ត្រខេត្តស្ទឹងត្រែង និងបង្ក្រាបបានបទល្មើសគ្រប់រូបភាព ដែលបានកើតឡើ២ក្នុងភូមិសាស្ត្រ ធ្វើឲ្យមានសន្តិសុខសណ្តាប់ក្នុងខេត្តស្ទឹងត្រែងកាន់តែល្អប្រសើរ។
ការថ្លែងបែបនេះធ្វើឡើងក្នុងឱកាស ឯកឧត្តមដឹកនាំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពការងាររបស់រដ្ឋបាលខេត្តប្រចាំខែឧសភា ឆ្នាំ២០២២ និងលើកទឹសដៅភារកិច្ចការងារបន្ត នាព្រឹកថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២២។
ឯកឧត្តម ស្វាយ សំអ៊ាង អភិបាលខេត្តស្ទឹងត្រែង បានលើកឡើងថា តាមភាពជាក់ស្តែង និងសមិទ្ធផលនានាដែលបានកើតឡើងបង្ហាញឲ្យឃើញថាមន្ទីរ អង្គភាពរួមទាំងកងកម្លាំងប្រដាប់ អាវុធទាំង៣ប្រភេទ និងអាជ្ញាធរមូលដ្ឋាន បានខិតខំប្រឹងប្រែងអនុវត្តតួនាទីភារកិច្ច ប្រកបដោយប្រសិទ្ធិភាព ក្នុងការចូលរួមគាំទ្រ គោលនយោបាយយុទ្ធសាស្ត្រចតុកោណ របស់រាជរដ្ឋាភិបាលកម្ពុជា ជាពិសេសបានចូលរួមក្នុងការថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ សុខសន្តិភាព ការបម្រើសេវា សាធារណៈបានល្អប្រសើរ ដែលជាការរួមចំណែកឲ្យខេត្ត ស្ទឹងត្រែងមានភាពរីកចំរើន។
ឯកឧត្តមអភិបាលខេត្តស្ទឹងត្រែង បន្តថា ទោះជាលទ្ធផលការងារល្អប្រសើយ៉ាងណាក្តីអាជ្ញាធរ និងកងកម្លាំងសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ទាំងអស់ ត្រូវបង្កើនការខិតខំយកចិត្តទុកដាក់បន្តទៀត លើការរក្សាសន្តិសុខ សណ្តាប់ធ្នាប់និង ពង្រឹងការ អនុវត្តគោលនយោបាយ «ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព» នៅតាមក្រុង/ស្រុក នានាក្នុងខេត្តស្ទឹងត្រែង ពិសេសកិច្ចការចំពោះមុខ កងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ ត្រូវត្រៀមលក្ខណៈរួចរាល់ក្នុងការរៀបចំ ការពារសុខសន្តិភាព និងសណ្ដាប់ធ្នាប់ និងឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ដែរនឹងខិតជិតមកដល់នៅថ្ងៃខាងមុខ ព្រមទាំងផែនការចាំបាច់មួយចំនួនឆ្ពោះទៅកាន់ការបោះឆ្នោតឆ្នាំ២០២៣ និងឆ្នាំ២០២៤។
ជាមួយគ្នានេះឯកឧត្តម អភិបាលខេត្ត បានក្រើនរំលឹកដល់បណ្តាមន្ទីរអង្គភាពទាំងអស់ត្រូវយកចិត្តទុកដាក់ក្នុងការបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋឲ្យបានល្អ ប្រឹងប្រែងអភិវឌ្ឍហេដ្ឋា រចនាម្ព័ន្ធនៅតាមមូលដ្ឋាន និងបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋទូទាំងខេត្ត និងបានដាក់ចេញនូវ ផែនការសំខាន់ៗមួយចំនួន ជាការឆ្លើយតបទៅនឹងតម្រូវការ និងសំណូមពរចាំបាច់របស់ប្រជាពលរដ្ឋ នៅតាមបណ្តាមូលដ្ឋាន៕