ឯកឧត្តម គង់ វិបុល បន្តចុះសំណេះសំណាលសមាជិកគណបក្សប្រជាជនកម្ពុជា តាមមណ្ឌលសកម្មភាពបក្សក្នុងឃុំនានា ចំណុះឲ្យស្រុកល្វាឯម ខេត្តកណ្តាល


តាងនាមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកខ្សាច់កណ្ដាល ស្រុកល្វាឯម និងស្រុកកៀនស្វាយ ឯកឧត្តម គង់ វិបុល អនុប្រធានទី១ ក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះមូលដ្ឋានស្រុកល្វាឯម បានចុះជួបសំណេះសំណាល តាមមណ្ឌលសកម្មភាពទាំងនៅតាមភូមិនានា ក្នុងឃុំ៤រួមមាន៖ ឃុំបារុង, ព្រែករៃ, ភូមិធំ និងព្រែកក្មេង នាថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២២។

ក្នុងឱកាសនោះ ឯកឧត្តម គង់ វិបុល បានលើកឡើងថា មានតែគណបក្សប្រជាជនកម្ពុជាតែមួយគត់ ដែលដឹកនាំប្រទេសជាតិ ឲ្យមានសុខសន្តិភាពស្ថេរភាព និងការរីកចម្រើន មកដល់សព្វថ្ងៃ។

ឯកឧត្តម គង់ វិបុល បានបន្តថា គណបក្សប្រជាជនកម្ពុជា បានរំដោះប្រទេសជាតិពីរបបប្រល័យពូជសាសន៍ ប៉ុលពត នៅថ្ងៃ៧ ខែមករា ឆ្នាំ១៩៧៩ និងបានកសាងប្រទេសជាតិឡើងវិញ ពីបាតដៃទទេ បានធ្វើឲ្យប្រទេសជាតិ មានការរីកចំរើន និងមានសុខសន្តិភាព ស្ថេរភាព ប្រជាពលរដ្ឋមានសិទ្ធិសេរីភាពគ្រប់បែបយ៉ាង។

បន្ថែមពីនោះទៀត ឯកឧត្តម គង់ វិបុល បានគូសបញ្ជាក់ថា បើគ្មានសុខសន្តិភាពទេ ប្រទេសជាតិ ក៏គ្មានការរីកចម្រើន និងគ្មានការកសាងដូចសព្វថ្ងៃនេះដែរ ហើយប្រជាពលរដ្ឋរស់ក្នុងសភាពភ័យខ្លាច មិនអាចដើរហើរធ្វើការរកស៊ី បានដូចសព្វថ្ងៃនេះឡើយ។

ឯកឧត្តម គង់ វិបុល បានលើកឡើងថា បច្ចុប្បន្នប្រទេសកម្ពុជារបស់យើង ប្រកាន់យកនូវរបបប្រជាធិបតេយ្យពហុបក្ស ក្រោមប៉ាវវចនា ជាតិ សាសនា ព្រះមហាក្សត្រ។ ទាំងនេះក៏ដោយសារក៏ដោយសារ នយោបាយ ឈ្នះ ឈ្នះ របស់ប្រមុខរាជរដ្ឋាភិបាល ដែលមានសម្ដេចតេជោ ហ៊ុន សែន ជាប្រមុខ ធ្វើឲ្យសង្គ្រាមផ្ទៃក្នុងត្រូវបានបញ្ចប់ និងទទួលបានមកវិញ នូវសុខសន្តិភាព សិទ្ឋសេរីភាព ប្រជាធិបតេយ្យ។

ជាមួយគ្នានេះ ឯកឧត្តម គង់ វិបុល ក៏បានលើកឡើងអំពីតម្លៃសន្ដិភាព បើសិនជាគ្មានសន្ដិភាពទេ គឺមិនមែនការអភិវឌ្ឍន៍ ហើយក៏គ្មានជួបជុំគ្នាផងដែរ។ តួរយ៉ាងដូចប្រទេសអ៊ុយក្រែន ដែលជាប្រទេសធ្លាប់តែរុងរឿង ឥឡូវនេះ បានប្រែក្លាយទៅជាប្រទេសមួយ ដែលខ្ទេចខ្ទាំដោយសារតែសង្គ្រាម ដូច្នេះសន្ដិភាព គឺជារឿងសំខាន់ ដែលយើងត្រូវចូលរួមការពារទាំងអស់គ្នា។

ឯកឧត្តម គង់ វិបុល បានលើកឡើងអំពីសមិទ្ធផលធំៗ ដែលរាជរដ្ឋាភិបាល ដឹកនាំដោយគណបក្សប្រជាជនកម្ពុជា សម្រេចបានរហូតមកដល់ពេលនេះ ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងជាប្រធានគណបក្សប្រជាជនកម្ពុជា។

ឯកឧត្តម គង់ វិបុល បានយកឱកាសនោះ ថ្លែងអំណរគុណដល់សមាជិក-សមាជិកាគ្រប់រូប ដែលបានជឿជាក់មកលើគណបក្សប្រជាជនកម្ពុជា និងបានគាំទ្រ ក៏ដូចជាបានអញ្ជើញទៅចូលរួមបោះឆ្នោត ជូនគណបក្សប្រជាជនកម្ពុជារហូតមក។

គួរបញ្ជាក់ផងដែរថា កាលពីថ្ងៃចន្ទ ទី៣០ ខែឧសភា ឆ្នាំ២០២២ ឯកឧត្តម គង់ វិបុល ក៏បានអញ្ជើញចុះជួបសំណេះសំណាលសមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជា តាមមណ្ឌលសកម្មភាពបក្ស បានចំនួន១០ឃុំ នៃស្រុកល្វាឯម ខេត្តកណ្តាលរួមមាន ឃុំអរិយក្សត្រ សារិកាកែវ ពាមឧកញ៉ាអុង កោះរះ ថ្មគរ ទឹកឃ្លាំង បឹងគ្រំ ល្វាសរ កោះកែវ និងសំបួរ៕