(ភ្នំពេញ)៖ ឯកឧត្តម ហ៊ុន ម៉ានី តំណាងរាស្ដ្រគណបក្សប្រជាជនកម្ពុជា និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា នៅព្រឹកថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២២នេះ បានបង្ហោះសារមួយនៅលើបណ្ដាញសង្គម Facebook និងបានកត់សម្គាល់ថា «មេរៀនពីការឆ្លងកាត់ និងគ្រប់គ្រងវិបត្តិកូវីដ១៩ នាំមកនូវសាមគ្គី ឯកភាព និងការស្រុះស្រួលគ្នាជាធ្លុងមួយ ក្នុងនាមប្រជាជាតិខ្មែរ»។
ឯកឧត្តម ហ៊ុន ម៉ានី បានអះអាងទៀតថា ការចូលរួមទាំងអស់នេះហើយ ដែលបានអនុញ្ញាតឲ្យកម្ពុជា ទទួលបានជោគជ័យយ៉ាងត្រចះត្រចង់ ហើយទទួលបានភាពល្បីរន្ទឺលើឆាកអន្តរជាតិ ចំពោះសមត្ថភាពក្នុងការគ្រប់គ្រងជំងឺកូវីដ១៩របស់កម្ពុជា ជាពិសេសបាននាំឲ្យសង្គម សេដ្ឋកិច្ចកម្ពុជា ដំណើរការជាប្រក្រតីឡើងវិញបានឆាប់រហ័ស យើងក៏បានជួបជុំគ្នាសប្បាយរីករាយសារថ្មី។
ខាងក្រោមនេះ ជាខ្លឹមសារទាំងស្រុងរបស់លោក ហ៊ុន ម៉ានី ដែលបានបង្ហោះនៅលើបណ្ដាញសង្គម៖
«រីករាយទិវាកុមារអន្តរជាតិ! បន្ទាប់ពីកម្ពុជាបានបើកដំណើរការសេដ្ឋកិច្ច សង្គមឡើងវិញ បន្ទាប់ឆ្លងកាត់ពីវិបត្តិនៃជំងឺកូវីដ១៩ ថ្ងៃនេះ ប៉ាត្រូវរៀបចំកម្មវិធីខួបកំណើតឲ្យកូនៗដោយផ្ទាល់ តែដោយសារការបោះឆ្នោតជិតមកដល់ ប៉ាសូមអធ្យាស្រ័យ ដោយមិនបានចូលរួមដូចសព្វមួយដង ហើយប៉ាសង្ឃឹមថាយើងនឹងអាចបានជួបគ្នាឆាប់ៗ ។
ក្នុងមួយជីវិតខ្ញុំ ជាង៤០ឆ្នាំ ជំងឺកូវីដ-១៩ ជាវិបត្តិដែលជះឥទ្ធិពលលើគ្រប់ទិដ្ឋភាព គ្រប់ទិសទីនៅកម្ពុជា ដែលខ្ញុំមិនធ្លាប់ជួបប្រទះនៅកម្ពុជា (ខ្ញុំមិនបានឆ្លងកាត់របប ៣ឆ្នាំ ៨ខែ ២០ថ្ងៃ ហើយការប៉ះទង្គិចថ្ងៃ៥-៦ កក្កដា ដែលកងកម្លាំងខ្មែរក្រហមបានឃុបឃិតជាមួយគណបក្សមួយ បង្កឲ្យមានការវ៉ៃគ្នានៅភ្នំពេញ ឬព្រឹត្តិការណ៍ប្រាសាទព្រះវិហារ តាមាន់ តាក្របី ចន្លោះ ២០០៨-២០១២ ដែលស្ថានភាពតានតឹង កើតនៅតាមបន្ទាត់ព្រំដែន ខេត្តព្រះវិហារ ឧត្តរមានជ័យ ជាដើម។)
ការរីករាលដាលជំងឺកូវីដ-១៩នេះ បានប៉ះពាល់យ៉ាងធ្ងន់ធ្ងរលើសកលលោកទាំងមូល ជាពិសេសក្រោយព្រឹត្តិការណ៍ ២០កុម្ភៈ ជំងឺដ៏កាចសាហាវនេះ បានប៉ះពាល់មកលើកម្ពុជា ទាំងលើបញ្ហាសុខភាពសាធារណៈ ដល់ប្រជាពលរដ្ឋគ្រប់ក្រុមគ្រួសារ គ្រប់រូបទាំងឪពុក ម្ដាយ យាយ តា ក្មេងៗ ពេលខ្លះដល់ អាយុជីវិតរបស់សមាជិកគ្រួសារ បន្ថែមពីលើការប៉ះពាល់ជីវភាពប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ និងសេដ្ឋកិច្ចប្រទេសជាតិទាំងមូល។
ចំពោះកម្ពុជា សមត្ថភាព និងការគ្រប់គ្រងជំងឺកូវីដ អាចចែកចេញជា ២ ដំណាក់កាល៖ ១៖ ទប់ស្កាត់ការរីករាលដាល ការពារអាយុជីវិតរបស់ប្រជាជនក្នុងអំឡុងពេលដែល រាជរដ្ឋាភិបាល មិនមាន វ៉ាក់សាំង និង ២.) ក្នុងពេលមានវ៉ាក់សាំង រាជរដ្ឋាភិបាលអនុវត្តយុទ្ធសាស្រ្ត ផ្ការីក ចាក់ជូនប្រជាពលរដ្ឋ ដោយឥតគិតថ្លៃ ទាំងមនុស្សធំ និងកុមាររហូតបង្កើតបានភាពស៊ាំសហគមន៍ និងបើកសង្គម-សេដ្ឋកិច្ច ពេញលេញឡើងវិញ សិស្សានុសិស្ស កុមារា កុមារីបានចូលរៀនដោយផ្ទាល់ជាថ្មី និងឈានជាបន្តបន្ទាប់មករកប្រក្រតីភាពនៃជីវភាពប្រចាំថ្ងៃ។
គិតត្រឹមថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២២នេះ អត្រាឆ្លងនៅកម្ពុជាមានចំនួន ១៣៣ ២០១នាក់ និងស្លាប់ ៣ ០៥៦នាក់ ដែលជាការសោកស្ដាយយ៉ាងពន់ពេកចំពោះការបាត់បង់អាយុជីវិត។ ទោះយ៉ាងណាក្ដី បើប្រៀបធៀបប្រទេសដទៃ យើងទទួលបានជោគជ័យខ្ពស់ក្នុងការការពារអាយុជីវិត ប្រជាពលរដ្ឋកម្ពុជា ដោយទប់ស្កាត់បានការស្លាប់ពីជំងឺកូវីដ-១៩ ជាអតិបរមា។
លទ្ធផលដែលយើងសម្រេចបាន គឺចេញពីសាមគ្គី ឯកភាព ការយោគយល់ ពួនដៃគ្នា ស្មាកៀកស្មា ជាសង្គមជាតិតែមួយ។ ក្នុងនោះភាពហ្មត់ចត់ បទពិសោធន៍ ភាពទទួលខុសត្រូវ និងដាក់អាទិភាពខ្ពស់បំផុតក្នុងការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ របស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្ដេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្រ្តី ក្នុងការការពារអាយុជីវិតរបស់ប្រជាជនកម្ពុជា។
ការជឿជាក់ ការលះបង់ និងការចូលរួមរបស់គ្រប់ក្រសួង ស្ថាប័ន មន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ អាជ្ញាធរដែនដីគ្រប់ជាន់ថ្នាក់ វិស័យឯកជន ជាពិសេសលោកគ្រូពេទ្យ អ្នកគ្រូពេទ្យ ដែលបានលះបង់កម្លាំងកាយ ចិត្ត ពេលវេលា ដោយប្រឈមនឹងហានិភ័យនៃការឆ្លងជំងឺកូវីដ-១៩ ដូចគ្នា។ អ្នកទាំងអស់គ្នា បានពុះពារ ប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ តាមរយៈការគ្រប់គ្រងមុខសញ្ញាវិជ្ជមានជំងឺកូវីដ-១៩ ពីដើមទី ការព្យាបាល ការសង្គ្រោះអ្នកជំងឺដែលមានលក្ខណៈធ្ងន់ធ្ងរ ហើយបន្តក្នុងយុទ្ធនាការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋបន្ថែមទៀត។
ក្នុងនោះដែរ ការអត់ធ្មត់ ការយោគយល់ ការជឿជាក់ និងការចូលរួមពីសំណាក់បងប្អូនប្រជាពលរដ្ឋ គឺពិតជាលក្ខខណ្ឌមិនអាចខ្វះបាន ក្នុងការឆ្លងកាត់វិបត្តិកូវីដ-១៩ ជាពិសេសក្នុងដំណាក់កាលដ៏លំបាកចាប់តាំងពីព្រឹត្តិការណ៍ ២០ កុម្ភៈ រហូតដល់ពេលនេះ ដែលធ្វើឲ្យស្ថានភាពសង្គម សេដ្ឋកិច្ចកាន់តែប្រសើរឡើងជាបន្តបន្ទាប់។
ទោះយ៉ាងណាក្ដី យើងមិនអាចបំភ្លេចបាននូវអ្វីដែលបានកើតឡើងក្នុងដំណាក់កាល ២ ឆ្នាំ នៃការវាយប្រហាររបស់ជំងឺកូវីដ-១៩ ដ៏ធ្ងន់ធ្ងរ ដែលក្នុងនោះ មុនវ៉ាក់សាំង និងមុនមានភាពស៊ាំសហគមន៍យើងគ្រប់ៗគ្នា ក្រុមគ្រួសារនីមួយៗ តែងតែគិតគូរ បារម្ភ ថាតើជំងឺកូវីដ-១៩ នឹងអាចឆ្លងក្រុមគ្រួសាររបស់យើងទេ? ក្នុងនោះតើធ្វើយ៉ាងណាចំពោះគ្រួសារខ្លះដែលមានសមាជិកឆ្លង ហើយ គ្រួសារខ្លះទៀតក៏បានបាត់បង់សមាជិកជាទីស្រឡាញ់របស់ខ្លួនដោយជំងឺដ៏កាចសាហាវនេះ។
ការគិតគូរ និងការបារម្ភជាបន្តបន្ទាប់ក្នុងការស្វែងរកថ្នាំព្យាបាលជំងឺកូវីដ-១៩ ការបញ្ជូនសមាជិកគ្រួសារទៅព្យាបាល ការទន្ទឹងតាមដានសុខភាពពីសមាជិកគ្រួសារដែលមានជំងឺកូវីដ-១៩ ហើយបន់ស្រន់ធ្វើម៉េចឲ្យជាសះស្បើយពីជំងឺកាចសាហាវនេះ រហូតដល់រឿងរ៉ាវសោកនាដកម្មជាច្រើនរបស់គ្រួសារដែលបាត់បង់សមាជិកខ្លួន ដែលទាំងអស់នេះ បានឆ្លុះបញ្ចាំងពីការលំបាករួមដែលសង្គមបានឆ្លងកាត់។
សោកនាដកម្ម និងវិបត្តិដែលខ្ញុំបានសង្កេតឃើញក្នុងដំណាក់កាល ២ ឆ្នាំនេះ ក៏បានឆ្លុះបញ្ចាំងពីសាមគ្គីភាព ភាតរភាព ការជួយយកអាសារគ្នាទៅវិញទៅមក និងការខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាល ការចូលរួមគ្រប់តួអង្គ គ្រប់រូបភាពក្នុងការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ និងការឆ្លងកាត់វិបត្តិនេះទាំងអស់គ្នា ជាពិសេស ក្នុងនោះយើងសង្កេតឃើញថា អង្គការ សមាគមជាច្រើន សប្បុរសជនដែលមានលទ្ធភាពខុសៗគ្នា តិចក្ដី ច្រើនក្ដី បានចូលរួមវិភាគទានរបស់ខ្លួន ចែករំលែក ដើម្បីរួមគ្នា ក្នុងកាលៈទេសៈដែលលំបាក ក្នុងនោះក្រុមគ្រួសារខ្លះ អាជីវកម្មមួយចំនួនបានរៀបចំជាអង្ករ ត្រីខ ត្រីងៀត និងសម្ភារៈតិចតួចផ្សេងៗទៀត ដាក់មុខផ្ទះ ចែកចាយដោយមិនមានភាពរើសអើង ដែលនេះជាការឆ្លុះបញ្ចាំងពីទឹកចិត្ត និងការចេះជួយគ្នាទៅវិញទៅមក។
២ ឆ្នាំកន្លងទៅនេះ បានផ្ដល់ជាមេរៀន ក៏ដូចជាភាពជឿជាក់ចំពោះអនាគតកម្ពុជា ដោយសង្កេតឃើញថា សង្គមកម្ពុជា ប្រជាជនកម្ពុជា ចេះយោគយល់ និងចូលរួមជាមួយគ្នា ផ្ដល់ជំនឿទុកចិត្តលើរាជរដ្ឋាភិបាល ហើយចេះជួយយកអាសារគ្នាទៅវិញទៅមកដោយមិនប្រកាន់ និងមិនរើសអើង តាមលទ្ធភាពច្រើនជួយច្រើន តិចជួយតាមតិច ដែលឆ្លុះបញ្ចាំងពីសង្គម ប្រពៃណីរបស់យើង ពីវប្បធម៌នៃការចែករំលែក និងចេះជួយគ្នា ជាពិសេសក្នុងពេលដែលសង្គមជាតិទាំងមូលឆ្លងកាត់វិបត្តិ។
ក្នុងន័យនេះ ខ្ញុំសូមរំឭក និងបន្តគាំទ្រប្រសាសន៍របស់សម្តេចតេជោនាយករដ្ឋមន្ត្រី ក្នុងការថ្លែងអំណរគុណប្រជាពលរដ្ឋ មន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ អាជ្ញាធរដែនដីគ្រប់ជាន់ថ្នាក់ វិស័យឯកជន យុវជនស្ម័គ្រចិត្ត ជាពិសេសលោកគ្រូពេទ្យ អ្នកគ្រូពេទ្យក្នុងការសហការ ជឿជាក់ ធ្វើការងារស្រុះដៃគ្នា និងចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងដំណាក់កាលលំបាក។
ខ្ញុំពិតជាមានមោទនភាព ក្នុងនាមជាពលរដ្ឋខ្មែរ ដោយបានឃើញ និងសង្កេត តាមរយៈការឆ្លងកាត់វិបត្តិកូវីដ-១៩ ដែលលេចចេញពីសាមគ្គីភាព បង្ហាញពីក្ដីសង្ឃឹម ដែលទោះកាលៈទេសៈណា សាមគ្គីភាព ភាតរភាព ការយោគយល់ ជួយគ្នាទៅវិញទៅមកក្នុងសង្គមខ្មែរ ពិតជាមានពិតប្រាកដ។ ការចូលរួមទាំងអស់នេះហើយ ដែលបានអនុញ្ញាតឲ្យកម្ពុជាទទួលបានជោគជ័យយ៉ាងត្រចះត្រចង់ ហើយទទួលបានភាពល្បីរន្ទឺលើឆាកអន្តរជាតិចំពោះសមត្ថភាពក្នុងការគ្រប់គ្រងជំងឺកូវីដ១៩របស់កម្ពុជា ជាពិសេសបាននាំឲ្យសង្គម សេដ្ឋកិច្ចកម្ពុជាដំណើរការជាប្រក្រតីឡើងវិញបានឆាប់រហ័ស យើងក៏បានជួបជុំគ្នាសប្បាយរីករាយសារថ្មី។
យើងខិតខំប្រឹងប្រែងថ្ងៃនេះ ដើម្បីអនាគតកាន់តែល្អដល់កូនចៅយើងគ្រប់ៗគ្នាបន្តទៀតដែលបច្ចុប្បន្នជាកុមារ។ ការយកចិត្តទុកដាក់លើកុមារ គឺជាការវិនិយោគសម្រាប់អនាគតមួយដ៏ត្រឹមត្រូវ ព្រោះនេះជាទំនួលខុសត្រូវរបស់យើងទាំងអស់គ្នា។ នេះជាប្រពៃណីរបស់គណបក្សប្រជាជនកម្ពុជា»៕