ឯកឧត្តម នាយឧត្តមសេនីយ៍ ខ្វាន់ ស៊ាម ដឹកនាំគណៈប្រតិភូចុះទៅត្រួតពិនិត្យលក្ខណបច្ចេកទេសការស្ថាបនាផ្លូវក្រាលគ្រួសក្រហមចំនួន២ខ្សែក្នុងខេត្តប៉ៃលិន


កាលពីថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០១៧ ឯកឧត្តម នាយឧត្តមសេនីយ៍ ខ្វាន់ ស៊ាម អគ្គមេបញ្ជាការរង ខ.ភ.ម មេបញ្ជាការ បញ្ជាការដ្ឋានវិស្វកម្ម អគ្គបញ្ជាការ បន្ទាប់ពីបានត្រួតពិនិត្យផ្លូវចំនួន៤ខ្សែរួមមាន : ផ្លូវខ្សែក្រវាត់ព្រំដែនកម្ពុជា-ឡាវ នៅខេត្តស្ទឹងត្រែង, ផ្លួវDBST ជាំក្សាន្ត- អានសេះ នៅខេត្តព្រះវិហារ, ផ្លូវក្រាលគ្រួសក្រហមចុងកាល់-ចង្ក្រានយក្ស នៅខេត្តឧត្តរមានជ័យ និងផ្លូវគោករមៀត-ស្លែងពណ៌ នៅខេត្តបន្ទាយមានជ័យរួចមក ឯកត្តម បានដឹកនាំគណៈប្រតិភូ អញ្ជើញចុះទៅខេត្តប៉ៃលិន ដើម្បីត្រួតពិនិត្យលក្ខណបច្ចេកទេសការស្ថាបនាផ្លូវក្រាលគ្រួសក្រហមចំនួន២ខ្សែបន្តទៀត :
– ផ្លូវពីបំបែកពីNR 58B តាគ្រៃ ស្រុកបវេល ខេត្តបាត់ដំបង ទៅអូរតារុត ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ក្នុងផែនការឆ្នាំ២០១៧ ប្រវែង១០គ.ម ដែលទទួលខុសត្រូវស្ថាបនាដោយកងឯកភាពលេខ ៧១៣ សម្រេចលទ្ធផល៥០% ។
– ផ្លូវខ្សែក្រវាត់ព្រំដែនកម្ពុជា-ថៃ ពីផ្សារព្រំ-ភ្នំតាង៉ោល ក្នុងផែនការឆ្នាំ២០១៧ ប្រវែង២៩គ.ម ដែលទទួលខុសត្រូវស្ថាបនាដោយកងឯកភាពលេខ ៧១១ សម្រេចលទ្ធផលស្ថាពរ ១០០%ហើយ ។
បន្ទាប់ពីបានត្រួតពិនិត្យការងារស្ថាបនាផ្លូវទាំង២ខ្សែនេះរួចមក ឯកឧត្តម នាយឧត្តមសេនីយ៍ បានថ្លែងការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលដែលសម្រេចបាននាពេលនេះ គឺបានកើតឡើងពីឆន្ទៈខិតខំប្រឹងប្រែង របស់មេបញ្ជាការ មេបញ្ជាការរង និងនាយទាហាន នាទាហានរង ពលទាហាន ក្នុងកងឯកភាពលេខ ៧១១ និង៧១៣ នាពេលកន្លងមក ទោះជាស្ថានភាពទីតាំងភូមិសាស្ត្រលំបាកស្មុុកស្មាញ និងធាតុអាកាសឆ្នាំនេះមិនសូវអំណោយផលតាំងពីដើមឆ្នាំក៏ដោយ ក៏កងឯកភាពទាំង២ បានខិតខំប្រឹងប្រែងពុះពារស្ថាបនាផ្លូវនេះបានល្អត្រឹមត្រូវតាមបទដ្ឋានបច្ចេកទេស ដែលបានកំណត់ ។
នាឱកាសនោះ ឯកឧត្តម នាយឧត្តមសេនីយ៍ អគ្គមេបញ្ជាការរង មេបញ្ជាការវិស្វកម្ម អគ្គបញ្ជាការ បានណែនាំ និងបញ្ជាឲ្យមេបញ្ជាការកង៧១១ ត្រូវធ្វើយ៉ាងណាថែទាំសំណង់ផ្លូវថ្នល់ក្នុងរដូវវស្សានេះឲ្យធានាគុណភាពបច្ចេកទេសរឹងមាំ ធានាសុវត្ថិភាពចរាចរណ៍ ជាពិសេសត្រូវយកចិត្តទុកដាក់ប្រុងប្រយ័ត្នការបាក់ដីជើងភ្នំធ្លាក់មកលើផ្លូវរបស់យើង ត្រូវកាយយកចេញឲ្យបានឆាប់រហ័ស ពីព្រោះជាផ្លូវយុទ្ធសាស្ត្រដែលស្ថាបនាប្របតាមមាត់ជ្រោះបរយ៉ាខា អែបខ្សែព្រំដែនកម្ពុជា-ថៃ ។ រីឯកងឯកភាពលេខ ៧១៣ ត្រូវខិតខំស្ថាបនាផ្លូវឲ្យសម្រេចបានទាន់ពេលវេលាតាមផែនការ ដើម្បីជួយសម្រួលដោះស្រាយការលំបាកជូនប្រជាពលរដ្ឋយើង ។