ផ្ទះអំណោយសម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា ចំនួន២ខ្នង ប្រគល់ជូនប្រជាពលរដ្ឋ ២គ្រួសារក្នុងខេត្តប៉ៃលិន


នៅរសៀល ថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៧ ឯកឧត្តម អ៊ី ឈាន ប្រធានក្រុមការងារថ្នាក់កណ្តាលគណបក្សប្រជាជនកម្ពុជាចុះជួយខេត្តប៉ៃលិន បានអញ្ជើញជួបសួរសុខទុក្ខ និងប្រគល់ផ្ទះអំណោយសម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជាចំនួន២ខ្នង ផ្តល់ជូនប្រពលរដ្ឋមានជីវភាពខ្វះខាត និងគ្មានផ្ទះរស់នៅសមរម្យ ២គ្រួសារ ស្ថិតក្នុងឃុំសាលាក្រៅ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។

ឯកឧត្តម អ៊ី ឈាន បាននាំបណ្តាំផ្ញើសាកសួរសុខទុក្ខដោយក្តីនឹករលឹក ពីសំណាក់សម្តេចក្រឡាហោម ស ខេង ជូនចំពោះប្រជាពលរដ្ឋទទួលផ្ទះនាពេលនេះ និងប្រជាពលរដ្ឋទូទាំងក្នុងខេត្តប៉ៃលិន ដោយជានិច្ចកាល ថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា គ្រប់លំដាប់ថ្នាក់ តែងតែគិតគូយកចិត្តទុកដាក់ពីជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ និងរួមសុខរួមទុក្ខជាមួយប្រជាពលរដ្ឋនៅគ្រប់កាលៈទេសៈ។

សូមបញ្ជាក់ថា តាមរយៈមូលនិធិសម្តេចក្រឡាហោម ស ខេង ខេត្តប៉ៃលិន ក្រៅពីបានផ្តល់ជាសម្ភារៈ ថវិកា គ្រឿងឧបរិភោគ បរិភោគ ដល់ស្រ្តីសម្រាលកូន និងគ្រួសារសពប្រជាពលរដ្ឋដែលរស់នៅអចិន្ត្រៃយ៍ក្នុងខេត្តប៉ៃលិន សម្តេចក្រឡាហោម បានសាងសង់ផ្ទះផ្តល់ជូនប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាត គឺជាស្រ្តីមេម៉ាយទើបសម្រាលកូនភ្លោះប្តីស្លាប់ចោល និងប្រជាពលរដ្ឋមានកូនច្រើនក្នុងបន្ទុកគ្រួសារ ដើម្បីជួយសម្រាលការលំបាក មានលំនៅដ្ឋាន និងបន្តជីវភាពរស់នៅសមរម្យនាថ្ងៃអនាគតផងដែរ។