ដើម្បីលើកទឹកចិត្ត និងជម្រុញប្រសិទ្ធិភាពការងារ ជាពិសេសអនុវត្តតាមអភិក្រមរបស់ សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន នាយក រដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងរាជរដ្ឋាភិបាលកម្ពុជា អាណត្តិទី៥ គឺ ៖ ឆ្លុះកញ្ចក់ ងូតទឹក ដុសក្អែលនិងព្យាបាលរោគ នៅព្រឹកថ្ងៃទី ១៨ ខែ កក្កដា ឆ្នាំ ២០១៧ នៅទីស្តីការ ក្រសួង ក្រោមអធិបតីភាពឯកឧត្តម ចម ប្រសិទ្ធ ទេស រដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងសិប្បកម្ម មានរៀបចំពិធីជួបជុំគ្នាមួយ ដែលមានរបៀបវីរៈចំនួនពីរ គឺ ទី១ ៖ ប្រកាស និងប្រគល់សេចក្តីសម្រេចស្តីពីការប្រគល់ភារកិច្ច ជូនទីប្រឹក្សា និងជំនួយ ការក្រសួងឧស្សាហកម្ម និងសិប្បកម្ម ចំនួន ១៧ រូប ដែលមានឋានៈស្មើរដ្ឋលេខាធិការរហូតដល់ប្រធាននាយកដ្ឋាន និង របៀបវីរៈ ទី២ គឺ ៖ ពិធីប្រគល់ប័ណ្ណសរសើរជូនដល់ថ្នាក់ដឹកនាំ និង មន្ត្រីរាជការក្នុងកម្មវិធី ស្ទាប ស្ទង់មតិភ្នែកមហាជន លើកទី ២ របស់ក្រសួងឧស្សាហកម្ម និងសិប្បកម្ម ដែល បានប្រព្រឹត្តិទៅ កាលពីថ្ងៃទី ១៣ ខែ កុម្ភៈ ឆ្នាំ ២០១៧ កន្លងទៅ ដែលជាកម្មវិធីផ្តួចផ្តើមមតិឡើងដោយ ឯកឧត្តម ទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ ក្នុងទិសដៅធ្វើការវាយតម្លៃលើការគ្រប់គ្រង និងបំពេញការងារ ដែលបានរួមចំណែកកែលម្អបែបបទការងារ និងកែទម្រង់សុីជម្រៅនៅតាមអង្គភាពរៀងៗខ្លួន ។ មានប្រសាសន៍ នាឱកាសនោះ ឯកឧត្តម ទេស រដ្ឋមន្ត្រី ចម ប្រសិទ្ធ បានចាត់ទុកមន្ត្រីទាំងអស់ដែលត្រូវតែងតាំង ជាទីប្រឹក្សា និងជំនួយការ ដែលមានទាំងមន្ត្រីបានចូលនិវត្សន៍ ហើយ និងមន្ត្រីកំពុងបំពេញការងារគឺជាធន ធានប្រកប ដោយចំណេះដឹង និងបទពិសោធន៍ ដែលឯកឧត្តម សង្ឃឹមថាមន្ត្រីទាំងអស់ និងរួមចំណែកជួយការងារក្រសួងឲ្យទទួលបានជោគជ័យលើការងារថ្មីៗបន្ថែម ទៀត ។ ដោយឡែក ទាក់ទងនិងកម្មវិធីបោះឆ្នោតស្ទាបស្ទង់មតិ ភ្នែកមហាជន ដើម្បីវាយតម្លៃដាក់ពិន្ទុ ក្នុងរូបភាព សម្ងាត់ និង យុត្តិធម៌ ក្នុងចំណោមថ្នាក់ដឹកនាំ និង មន្ត្រីរាជការគ្រប់ឋានានុក្រម ក្នុងអង្គភាពនីមួយៗ គឺជាមធ្យាបាយយ៉ាងប្រសើរ និងជាកញ្ចក់ឆ្លុះបញ្ចាំងពីការងារដឹកនាំ គ្រប់គ្រងនិង ប្រសិទ្ធិភាពបំពេញការងារ ក៏ដូចជា ចារិកមហាជន របស់បុគ្គលម្នាក់ៗ ។ ឯឧត្តម ទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ បានធ្វើការចាប់អារម្មណ៌ថា៖ ថ្នាក់ដឹកនាំ និងមន្ត្រី ដែលទទួលបានពិន្ទុទាបកាលពីបោះឆ្នោតស្ទង់មតិលើកទី១ ដល់បោះឆ្នោតលើកទី២ នេះ គឺភាគច្រើនមានការកើនឡើងពិន្ទុ ហើយអ្នក ដែលធ្លាប់ទទួលពិន្ទុខ្ពស់កាលពីលើកទី ១ ក៏មានការធ្លាក់ពិន្ទុខ្លះដែរ ។ ឯកឧត្តម ទេសរដ្ឋមន្ត្រីស្នើឲ្យមានការកែលម្អទាំងអស់គ្នា និងសង្ឃឹមថា ការបោះឆ្នោតលើកទី៣ នឹងមានការប្រែប្រួលវិជ្ជមានច្រើន និងបានដាស់តឿនថា៖ ការបោះ ឆ្នោតត្រូវឈរលើសតិសម្បញជញ្ញៈផ្តាល់ខ្លួន ដោយ មិនត្រូវលក់ឧត្តមគតិដោយប្រការណាមួយឡើយ ពីព្រោះ ជាការបោះឆ្នោតដោយសម្ងាត់ និង យុត្តិធម៌បំផុត ។ ជាមួយគ្នានេះ ឯកឧត្តម ទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ បានថ្លែងអំណរគុណ ដល់ថ្នាក់ដឹកនាំនិងមន្ត្រីរាជការទាំងអស់ដែលបានបោះឆ្នោតគាំទ្រឯកឧត្តម ក្នុងអត្រាផ្តល់ទំនុកចិត្ត បានចំនួន ៩០ % គឺត្រូវបានជាប់ចំណាត់ថ្នាក់លេខ១ ទទួល មេដាយមាស និងបានសង្កត់ធ្ងន់ថា ៖ ជាកត្តាសត្យានុម័ត ក្នុងនាមជាថ្នាក់ដឹកនាំមិនអាចតម្រូវចិត្តសម្រាប់មន្ត្រីក្រោមឱវាទរបស់ខ្លួនបានគ្រប់ៗគ្នាឡើយ ។ តែឯកឧត្តមទទួលការរិៈគន់ស្ថាបនា និងកែលម្អនូវកង្វះខាត ទាំងឡាយ ក្នុងស្មារតីទទួលខុសត្រូវខ្ពស់ ។ បន្ទាប់មក ឯកឧត្តម ទេសរដ្ឋមន្ត្រី បានអញ្ជើញ ប្រគល់ប័ណ្ណសរសើរ ដល់ថ្នាក់ដឹកនាំនិងមន្ត្រីសរុបចំនួន ១២៩ រូប ។ ក្នុងនោះប័ណ្ណសរសើរមេដាយមាស ចំនួន ៥៣ រូបប័ណ្ណសរសើរមេដាយប្រាក់ចំនួន ៣៤ រូប និងប័ណ្ណសរសើរមេដាយសំរិទ្ធ ចំនួន ៤២ រូប ។