(កំពង់ចាម)៖ អភិបាលខេត្តកំពង់ចាមឯកឧត្តម អ៊ុន ចាន់ដា នៅព្រឹកថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២២ នេះ បានដឹកនាំមន្ត្រីរាជការក្នុងខេត្ត ចាក់វ៉ាក់សាំងកូវីដ១៩ ដូសទី៥ ឬដូសជម្រុញ ធ្វើឡើងនៅសាលាខេត្តកំពង់ចាម។
រដ្ឋបាលខេត្តកំពង់ចាម បានជូនដំណឹងថា រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំប្រកបដោយភាពឈ្លាសវៃ និងគតិបណ្ឌិតរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអនុញ្ញាតឱ្យក្រសួងសុខាភិបាល បន្តចាក់វ៉ាក់សាំងកូវីដ-១៩ ដូសទី៥ ដូសជំរុញបន្ថែមទៀត ដើម្បីបង្កើនភាពស៊ាំ នៅក្នុងសហគមន៍ទប់ស្កាត់ការឆ្លងរីករាលដាលនជំងឺកូវីដ-១៩ និងជាពិសេស ដើម្បីបន្តនូវនិរន្តភាពនៃដំណើរការជាប្រក្រតីភាពនូវការរស់នៅ រួមទាំងសកម្មភាពសេដ្ឋកិច្ច និងសង្គមកិច្ច និងធានាការពារអាយុជីវិតរបស់ប្រជាជន ពីជំងឺមហាប្រល័យកូវីដ-១៩។
អាស្រ័យដូចបានជម្រាបជូនខាងលើ សូមឯកឧត្តម លោកជំទាវ លោក លោកស្រី អញ្ជើញទៅទទួលការចាក់វ៉ាក់សាំងកូវីដ-១៩ ដូសទី៥ ដូសជំរុញ ដោយឥតគិតថ្លៃ បន្ទាប់ពីបានទទួលការចាក់វ៉ាក់សាំងកូវីដ-១៩ ដូសទី៤ ឬដូសមូលដ្ឋាន រយៈពេល០៣ (បី)ខែឡើង នៅមន្ទីរពេទ្យបង្អែកខេត្ត, មន្ទីរពេទ្យបង្អែកស្រុក និងមណ្ឌលសុខភាពដែលនៅជិតលំនៅដ្ឋានរបស់បងប្អូន ចាប់ពីថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២២នេះតទៅ។
ទន្ទឹមនឹងនេះ រដ្ឋបាលខេត្តកំពង់ចាម សូមក្រើនរំលឹក បងប្អូនប្រជាជនទាំងអស់ដែលអញ្ជើញទៅទទួលការវ៉ាក់សាំងកូវីដ-១៩ ត្រូវចូលរួមអនុវត្តឱ្យបានខ្ជាប់ខ្ជួន តាមការណែនាំរបស់ក្រសួងសុខាភិបាល និងប្រកាន់ខ្ជាប់នូវវិធានការ « ៣ការពារ និង៣កុំ» ព្រមជាមួយគ្នានេះក៏សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ មាតាបិតា និងអាណាព្យាបាលដែលមានបុត្រធីតាអាយុចាប់ពី ០៥ឆ្នាំឡើង សូមមកទទួលការចាក់វ៉ាក់សាំងកូវីដ-១៩ ដូសមូលដ្ឋាន ឬដូសជំរុញដោយស្ម័គ្រចិត្ត និងឥតគិតថ្លៃ នៅតាមទីតាំងដែលរដ្ឋបាលខេត្តកំពង់ចាមបានរៀបចំ ដើម្បីបញ្ឈប់ការឆ្លងរីករាលនៃជំងឺកូវីដ-១៩ នៅក្នុងសហគមន៍៕