បន្ទាប់ពីបើកច្រកទ្បើងវិញនៅខែឧសភា មានភ្ញៀវទេសចរជាតិ និងអន្តរជាតិ ចេញ-ចូល៨ម៉ឺននាក់ នៅច្រកអន្តរជាតិប៉ោយប៉ែត


(បន្ទាយមានជ័យ)៖ បន្ទាប់ពីបើកច្រកទ្បើងវិញ មានភ្ញៀវទេចរជាតិ និងអន្តរជាតិ បានឆ្លងកាត់ច្រកទ្វារអន្តរជាតិប៉ោយប៉ែត ជាង៨ម៉ឺននាក់ ដែលចំនួននេះជាចំនួនមានការកើនឡើងជារៀងរាល់ថ្ងៃ គីចាប់តាំងពីការបើកដំណើរការឡើងវិញ។

លោកឧត្តមសេនីយ៍ត្រី អ៊ី ចំរើន នាយប៉ុស្តិ៍នាគរបាលអន្តោប្រវេសន៍ច្រកទ្វារអន្តរជាតិប៉ោយប៉ែត បានឲ្យដឹងថា សម្រាប់រយៈពេលពេញមួយខែឧសភា ឆ្នាំ២០២២ ចាប់តាំងពីបើកដំណើរការច្រកទ្វារអន្តរជាតិប៉ោយប៉ែតវិញមក អ្វីដែលគួរឲ្យកត់សំគាល់ កំណើនភ្ញៀវជាតិអន្តរជាតិបានកើនឡើងជារៀងរាល់ថ្ងៃ។

ក្នុងនោះជារួមមួយខែពេញមកនេះ មានភ្ញៀវជាតិអន្តរជាតិចំនួនចំនួន៨១៤៧១នាក់ អ្នកដំណើរចូល មានចំនួន៣៩,៨៧២នាក់ ស្រី១៩,៣៨២នាក់ មាន៥៩សញ្ជាតិ ក្នុងនោះមាន ជនបរទេស ចំនួន១៤,៥៥១នាក់ ស្រី៦,៨១៥នាក់។ ពលរដ្ឋខ្មែរ ចំនួន២៥,២២១នាក់ ស្រី១១,៥៦៧នាក់។ អ្នកដំណើរចេញសរុប ចំនួន៤១,៥៩៩នាក់ ស្រី២០,០១៥នាក់ មាន៥៩សញ្ជាតិ ក្នុងនោះជនបរទេស ចំនួន៩,៩៨៥នាក់ ស្រី៤,៥១៦នាក់។ ពលរដ្ឋខ្មែរ ចំនួន៣១,៦១៤នាក់ ស្រី១៥,៤៩៩នាក់។

លោកឧត្តមសេនីយ៍ ឲ្យទៀតថា ដើម្បីឲ្យមានរបៀបរាប់រយសាកសមនឹងមុខមាត់ប្រទេសជាតិ ការរៀបចំសណ្តាប់ធ្នាប់និងការសម្របសម្រួលលើឯកសារចេញចូលនៃភ្ញៀវជាតិ អន្តរជាតិជារឿងសំខាន់របស់នគរបាលអន្តប្រវេសន៍ ដែលកងកម្លាំងរបស់លោកបានអនុវត្តរៀបចំយ៉ាងយកចិត្តទុកដាក់ ធ្វើយ៉ាងណាឲ្យប្រជាពលរដ្ឋខ្មែរ ក៏ដូចភ្ញៀវអន្តរជាតិទទួលបានភាពងាយស្រួលក្នុងការឆ្លងដែនចេញចូល៕