ឯកឧត្តម ចាប ម៉ុច ត្រូវបានរដ្ឋសភាទទួលស្គាល់ជាតំណាងរាស្រ្តថ្មីមណ្ឌលខេត្តកណ្តាលជំនួស លោកសន្តិបណ្ឌិត ឌុល គឿន ដែលទទួលមរណភាព


(ភ្នំពេញ)៖ កិច្ចប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា នៅព្រឹកថ្ងៃពុធ ទី១៥ ខែមិថុនា ឆ្នាំ២០២២នេះ បានអនុម័តទទួលស្គាល់ ឯកឧត្តម ចាប ម៉ុច ជាតំណាងរាស្រ្តថ្មីមណ្ឌលខេត្តកណ្តាលជំនួស លោកសន្តិបណ្ឌិត ឌុល គឿន ដែលទទួលមរណភាព។

កិច្ចប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា នៅព្រឹកនេះ ដឹកនាំដោយ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៅវិមានរដ្ឋសភា។

ទោះជាយ៉ាងណា ការប្រកាសពីសុពលភាពអាណត្តិតំណាងរាស្រ្តថ្មីរបស់ ឯកឧត្តម ចាប ម៉ុច នឹងធ្វើឡើងនៅក្នុងសម័យប្រជុំរដ្ឋសភាលើកទី៧ នីតិកាលទី៦ នាពេលខាងមុខ។

ជាមួយគ្នានេះ អង្គប្រជុំបានអនុម័តស្នើ គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា បន្តពិនិត្យពិចារណាបន្ថែមទៀត លើគម្រោងទស្សនកិច្ចរបស់ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា ទៅសាធារណរដ្ឋឥណ្ឌា៕