សម្ដេចក្រឡាហោម ស ខេង ចាត់ទុកថា ភាពជោគជ័យ នៃការទប់ស្កាត់ជំងឺកូវីដ ជាស្នាដៃដ៏ធំធេងមួយទៀតរបស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតដ៏ឈ្លាសវៃបំផុតរបស់សម្ដេចតេជោ ហ៊ុន សែន


(កំពង់ឆ្នាំង)៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានចាត់ទុកថា ភាពជោគជ័យ នៃការទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ១៩ គឺជាស្នាដៃដ៏ធំធេងមួយទៀតរបស់រាជ រដ្ឋាភិបាលក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតដ៏ឈ្លាសវៃបំផុត របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា។

ការថ្លែងនេះ ខណៈសម្តេចអញ្ជើញបិទវគ្គបណ្ដុះបណ្ដាលកម្រិតបឋមវិជ្ជាជីវៈ នគរបាលជំនាន់ទី១៥ លើកទី១ នៅសាលានគរបាលជាតិភូមិភាគ៦ ខេត្តកំពង់ឆ្នាំង នៅព្រឹកថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២២នេះ។

នៅក្នុងឱកាសនោះ សម្តេចក្រឡាហោម បានថ្លែងថា ក្រសួងមហាផ្ទៃបានយកចិត្តទុកដាក់ខ្ពស់ក្នុងការពង្រឹងសមត្ថភាពវិជ្ជាជីវៈកងកម្លាំងនគរបាល ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល បច្ចុប្បន្ននេះអាចបន្តការបណ្ដុះបណ្ដា ល និងរៀបចំពិធីនេះបានដោយសារតែរាជរដ្ឋាភិបាលបើកឲ្យដំណើរការឡើងវិញលើគ្រប់វិស័យ បន្ទាប់ពីប្រទេសជាតិជួបវិបត្តិជំងឺកូវីដ១៩។

ជាមួយគ្នានេះសម្ដេចក្រឡាហោម បានថ្លែងកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់បណ្ឌិត្យ សភានគរបាលកម្ពុជា ក្នុងការបំពេញភារកិច្ចប្រកបដោយជោគជ័យតាមផែនការកំណត់ ព្រមទាំងគាំទ្រនូវកម្មវិធីកែទម្រង់របស់បណ្ឌិត្យ សភានគរបាលកម្ពុជា ដើម្បីកសាងវប្បធម៌គុណភាព។

សម្ដេចក៏បានថ្លែងកោតសរសើរ និងអបអរសាទរដល់ក្មួយជាសិស្សនគរបាលជ័យលាភីទាំង១៦០នាក់ ដែលបានខិតខំសិក្សាហ្វឹកហាត់ និងគោរពវិន័យសាលាបានល្អរហូតទទួលបានជ័យជម្នះក្នុងការសិក្សា។ ព្រមទាំងបានថ្លែង អំណរគុណដល់សប្បុរសជនទាំងអស់ ដែលបានចូលរួមចំណែក ជាមួយក្រសួងមហាផ្ទៃ ក្នុងការអភិវឌ្ឍបណ្ឌិត្យសភានគរបាលកម្ពុជា និងសាលានគរបាលគ្រប់ភូមិភាគទាំងអស់។

នៅក្នុងពិធីនេះដែរ សម្ដេចក្រឡាហោម ក៏មានមតិផ្តាំផ្ញើដល់បណ្ឌិតសភានគរបាលកម្ពុជា ឲ្យបន្តអនុវត្តកម្មវិធីកែទម្រង់របស់ខ្លួន និងបន្តកិច្ចសហការជាមួយអង្គភាពពាក់ព័ន្ធ ព្រមទាំងបានផ្ដល់អនុសាសន៍ដល់សិស្សនគរបាលជ័យ លាភីទាំងអស់ឱ្យយកចំណេះដឹង និងជំនាញដែលបានសិក្សាយកទៅប្រើប្រាស់ឲ្យមានប្រយោជន៍ដល់អង្គភាពនៅតាមមូលដ្ឋាន និងដើម្បីអភិវឌ្ឍសង្គមជាតិឱ្យមានការរីកចម្រើនលើគ្រប់វិស័យ។

នៅក្នុងពិធីនេះ សម្ដេចក្រឡាហោម ក៏បានអញ្ជើញទស្សនាទិដ្ឋភាពទូទៅ នៃសាលានគរបាលជាតិភូមិភាគ៦ និងពិន្យមើលប្លង់សាងសង់អគារស្នាក់នៅ១ខ្នង ២ជាន់ សម្រាប់សិស្សនគរបាលដែលជាអំណោយរបស់ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងប្លង់អគារ១ខ្នងទៀត ជាអំណោយរបស់ឯកឧត្តមអភិបាលខេត្តកណ្ដាល ហើយក៏បានចូលរួមបើកការដ្ឋានសាងសង់ផ្លូវកៅស៊ូ នៅក្នុងសាលានគរបាលជាតិភូមិភាគ៦ ដែលជាអំណោយរបស់ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំងផងដែរ៕