បទអត្ថាធិប្បាយ៖ រួមគ្នាអភិវឌ្ឍឃុំសង្កាត់ ឆ្លើយតបទៅនឹងតម្រូវការរបស់ ប្រជាពលរដ្ឋជាម្ចាស់ឆ្នោត


(ភ្នំពេញ)៖ ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់អាណត្តិទី៥ កាលពីថ្ងៃទី៥ ខែមិថុនា កន្លងទៅនេះ បានក្លាយជាប្រវត្តិសាស្ត្រថ្មីមួយទៀត ដែលបានបង្ហាញឱ្យឃើញកាន់តែច្បាស់ពីការរីកលូតលាស់ នៃលទ្ធិប្រជាធិបតេយ្យនៅប្រទេសកម្ពុជា ខណៈដែលការបោះឆ្នោតនេះ បានប្រព្រឹត្តិទៅដោយរលូន ត្រឹមត្រូវ តម្លាភាព និងគ្មានការគម្រាមកំហែងអ្វីឡើយ។ តែអ្វីដែលគ្រប់ភាគីពាក់ព័ន្ធត្រូវធ្វើបន្តនោះ គឺត្រូវរួមគ្នាអភិវឌ្ឍន៍ឃុំ-សង្កាត់ ឆ្លើយតបទៅនឹងតម្រូវការរបស់ប្រជាពលរដ្ឋជាម្ចាស់ឆ្នោត។

ឯកឧត្តមបណ្ឌិត ជា ច័ន្ទបរិបូរណ៍ អ្នកវិភាគផ្នែកសង្គមបានប្រាប់វិទ្យុមិត្តភាពកម្ពុជាចិនថា ការប្រកួតប្រជែងរកសន្លឹកឆ្នោត បានបញ្ចប់ហើយ តែអ្វីដែលគ្រប់ភាគីពាក់ព័ន្ធត្រូវធ្វើបន្តនោះ គឺការប្រកួតប្រជែងគ្នាបម្រើប្រជាជន ហើយមិនមែនជារឿងត្រូវកាច់កុងយកឈ្នះគ្នានោះទេ។

នៅពេលដែលគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ហៅកាត់ថា គ.ជ.ប ប្រកាសលទ្ធផលបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សាឃុំសង្កាត់នៅថ្ងៃទី២៦ ខែមិថុនាខាងមុខនេះ គណបក្សនយោបាយ ឬបក្ខជនជាអ្នកជាប់ឆ្នោតនេះ នឹងចូលកាន់តំណែង ជាមេឃុំ-ចៅសង្កាត់ ឬជាសមាជិកសមាជិកាក្រុមប្រឹក្សាឃុំសង្កាត់តាមការកំណត់នៃច្បាប់។

ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់នីតិកាលទី៥នេះ មានគណបក្សនយោបាយចំនួន១៧ ចូលរួមប្រកួតប្រជែង ជាលទ្ធផលគឺគ្រប់គណបក្សនយោបាយទាំងអស់សុទ្ធតែមានអ្នកគាំទ្រ គ្រាន់តែតិចនិងច្រើន ហើយគណបក្សខ្លះ ទទួលបានសំឡេងគាំទ្រ និងអសនៈច្រើន និងខ្លះទៀតបានតិចតែប៉ុណ្ណោះ។ បើមើលតាមលទ្ធផលបឋមដែលចេញដោយគ.ជ.ប គេឃើញថាអាសនៈក្រុមប្រឹក្សាឃុំ-សង្កាត់នៅតាមមូលដ្ឋានគឺមានមកពីគណបក្សចម្រុះ ដូច្នេះអ្នកជាប់ឆ្នោតទាំងអស់ត្រូវរួមគ្នា បម្រើប្រជាជន ហើយមិនត្រូវរើស អើង និន្នាការនយោបាយនោះឡើយ។

ឯកឧត្តមបណ្ឌិតបានមានប្រសាសន៍លើកឡើងបែបនេះ គឺស្របទៅនឹងប្រសាសន៍របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅក្នុងឱកាសពិធីចែកសញ្ញាបត្រជូនសិស្សសាលាភូមិន្ទរដ្ឋបាលកាលពី ព្រឹកថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២២នេះ ដោយសម្តេចតេជោបាន អំពាវនាវដល់ពលរដ្ឋនិងគណបក្សនយោបាយ សូមកុំឱ្យការបោះឆ្នោតក្លាយជាការបាក់បែកជាតិ។

សម្តេចតេជោ ហ៊ុនសែនបញ្ជាក់ថា សម្តេចមិនខ្វល់ថា មកពីគណបក្សណាទេ ត្រូវធ្វើការរួមគ្នាបម្រើប្រជាពលរដ្ឋ ជាពិសេស ការរួមគ្នាប្រយុទ្ធប្រឆាំងទៅនឹងជំងឺកូវីដ១៩ ព្រោះថា ទាំងការព្យាបាល ឬការចាក់វ៉ាក់សាំងកូវីដនេះ មិនមានប្រកាន់និន្នាការនយោបាយឡើយ។

សរុបសេចក្តីមក អ្វីដែលអ្នកនយោបាយត្រូវធ្វើបន្តទៀតនោះមិនថា អ្នកមកពីគណបក្សនយោបាយណានោះទេ ត្រូវតែរួបរួមសាមគ្គីធ្វើការជាមួយគ្នាដោយស្រុះស្រួលចិត្ត បម្រើប្រជាជនដោយក្តីស្មោះស្ម័គ្របំផុត ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា បន្តថែរក្សាសុខសន្តិភាព និងបន្តការអភិវឌ្ឍប្រទេសជាតិ ឱ្យកាន់តែរីកចម្រើនទៅមុខទៀត ដើម្បីតបស្នងសងគុណចំពោះប្រជាជនដែលជាម្ចាស់ឆ្នោត។

ពោលគឺអ្នកនយោបាយដែលនឹងចូលកាន់តំណែងជាមេឃុំ-ចៅសង្កាត់ ឬសមាជិកក្រុមប្រឹក្សាឃុំសង្កាត់ទាំងអស់ ត្រូវតែដាក់ចិត្តកាយ បម្រើប្រជាជនឱ្យអស់ពីសមត្ថភាព លើកកម្ពស់ និងថែរក្សាការពារផលប្រយោជន៍ប្រជាជន ឱ្យបានល្អដើម្បីឱ្យសក្តិសមនឹង ការផ្ដល់ជំនឿទុកចិត្តរបស់ប្រជាជន ដែលបានផ្តល់មកលើគណបក្សនយោបាយ ដែលបានជាប់ឆ្នោតទាំងអស់៕