ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ដឹកនាំគណៈប្រតិភូទៅចូលរួមកិច្ចប្រជុំពិសេសរដ្ឋមន្រ្តីការបរទេសអាស៊ាន-ឥណ្ឌា នៅរដ្ឋធានីញូវដេល្លី ប្រទេសឥណ្ឌា


(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី ១៥ ខែមិថុនា ឆ្នាំ២០២២ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានដឹកនាំគណៈប្រតិភូអញ្ជើញចូលរួមកិច្ចប្រជុំពិសេសរដ្ឋមន្រ្តីការបរទេសអាស៊ាន-ឥណ្ឌា ដើម្បីរំព្ញកខួបលើកទី៣០នៃទំនាក់ទំនងដៃគូសន្ទនាអាស៊ាន-ឥណ្ឌា ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី ១៦-១៧ ខែមិថុនា ឆ្នាំ២០២២ នៅរដ្ឋធានីញូវដេល្លី ប្រទេសឥណ្ឌា។

ដំណើរនេះ ធ្វើឡើងតបតាមការអញ្ជើញរបស់ឯកឧត្តមបណ្ឌិត ចៃហ្សានកា (S. Jaishankar) រដ្ឋមន្រ្តីការបរទេសឥណ្ឌា។

យោងតាមសេចក្តីប្រកាសព័ត៌មាន របស់ក្រសួងការបរទេស នៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២២  បានឲ្យដឹងថា រដ្ឋមន្រ្តីការបរទេសអាស៊ាន និងឯកឧត្តមបណ្ឌិត ចៃហ្សានកា នឹងផ្លាស់ប្តូរទស្សនៈលើកិច្ចសហប្រតិបត្តិការអាស៊ាន-ឥណ្ឌា និងពិភាក្សាអំពីវិធីសាស្រ្ត និងមធ្យោបាយនានា ដើម្បីជំរុញទំនាក់ទំនងកិច្ចសន្ទនា និងកិច្ចសហប្រតិបត្តិការអាស៊ាន-ឥណ្ឌាបន្ថែមទៀត ក្នុងការដោះស្រាយបញ្ហាទាក់ទងនឹងការស្តារសេដ្ឋកិច្ចពិភពលោកឡើងវិញ ក្រោយកូវីដ-១៩ និងបញ្ហាប្រឈមផ្សេងៗទៀត។ បញ្ហាតំបន់ និងអន្តរជាតិ ដែលជាផលប្រយោជន៍ និងក្តីបារម្ភរួម ក៏នឹងត្រូវបានលើកយកមកពិភាក្សា ផងដែរ។

កិច្ចប្រជុំនេះ គូសបញ្ជាក់ អំពីការប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការពង្រឹងបន្ថែមទៀតនូវភាពជាដៃគូរវាងអាស៊ាន-ឥណ្ឌា សម្រាប់កិច្ចសហប្រតិបត្តិការរយៈពេលវែង ដើម្បីសន្តិភាព ស្ថិរភាព សន្តិសុខ និងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមនៅក្នុង និងក្រៅតំបន់។

បើតាមក្រសួងការបរទេស បន្ថែមថា ក្នុងឱកាសអញ្ជើញចូលរួមកិច្ចប្រជុំខាងលើ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន នឹងអញ្ជើញចូលរួមថ្លែងសុន្ទរកថាក្នុងនាមជាភ្ញៀវពិសេស នៃកិច្ចសន្ទនាទីក្រុងញូវដេល្លីលើកទី១២ (Delhi Dialogue XII) ក្រោមមូលបទ «ការកសាងស្ពាននៅតំបន់ឥណ្ឌូ-ប៉ាស៉ីហ្វិក» ដែលវិទ្យាស្ថានស្រាវជ្រាវសេដ្ឋកិច្ចសម្រាប់អាស៊ាន និងអាស៉ីបូព៌ា (ERIA) សហការរៀបចំជាមួយក្រសួងការបរទេសឥណ្ឌា។

ក្រសួងការបរទេស បានឲ្យដឹងទៀតថា ក្នុងអំឡុងពេលស្នាក់នៅទីក្រុងញូវដេល្លី ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រួមជាមួយរដ្ឋមន្រ្តីការបរទេសអាស៊ានដទៃទៀត និងអគ្គលេខាធិការអាស៊ាន នឹងអញ្ជើញចូលជួបសម្តែង ការគួរសមចំពោះ ឯកឧត្តម ណារិនដ្រា ម៉ូឌី នាយករដ្ឋមន្រ្តីឥណ្ឌាផងដែរ៕