រដ្ឋបាលខេត្តបាត់ដំបង ប្រារព្ធទិវាជាតិអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ លើកទី៥


(បាត់ដំបង)៖ រដ្ឋបាលខេត្តបាត់ដំបង បានប្រារព្ធទិវាជាតិអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ លើកទី៥ នៅព្រឹកថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២២ ក្រោមអធិបតីភាពឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង។ ទិវាជាតិអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ លើកទី៥ ត្រូវបានរៀបចំឡើង ក្រោមប្រធានបទ TVET បង្កើនផលិតភាពការងារ និងភាពប្រកួតប្រជែងខ្ពស់ ដែលទិវានេះដែរ រៀបចំឡើងនៅបវេណសួននាគបាញ់ទឹក ក្រុងបាត់ដំបង។

ឯកឧត្តម សុខ លូ បានឡើងថ្លែងសារលិខិតរបស់ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្ដីកម្ពុជា ក្នុងឱកាសប្រារព្ធទិវាជាតិអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ លើកទី៥ ឆ្នាំ២០២២នេះ។

ក្នុងឱកាសនោះដែរលោក បានថ្លែងលើកឡើងថា ការប្រារព្ធទិវានេះ មានគោលបំណងដើម្បីលើកកម្ពស់ការអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ និងការផ្សព្វផ្សាយទៅដល់សិស្ស និស្សិត យុវជន មាតាបិតា អាណាព្យាបាល សាធារណជន ឱ្យយល់ដឹងអំពីសារៈសំខាន់នៃការអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ ក្នុងការជំរុញការអភិវឌ្ឍកម្លាំងពលកម្មជំនាញ ប្រកបដោយគុណភាព និងប្រសិទ្ធិភាពឱ្យឆ្លើយតបទៅនឹងតម្រូវការទីផ្សារការងារក្នុង និងក្រៅប្រទេស។

ឯកឧត្តមបានធ្វើការលើកទឹកចិត្តដល់ ដល់មាតាបិតា អណាព្យាបាល និងសិស្ស និស្សិត ឱ្យងាកមកមើលពីគុណតម្លៃនៃការសិក្សាជំនាញ នៅឯវិទ្យាស្ថានជំនាញ ព្រោះថាការសិក្សាជំនាញ នៅឯវិទ្យាស្ថាននានាដែលមានឯកទេស មានជំនាញត្រឹមត្រូវ ក៏ប្រៀបបានទៅនឹងការសិក្សាថ្នាក់បរិញ្ញាបត្រ ឬ អនុបណ្ឌិតជាដើម ហើយតួយ៉ាងវាមានសារៈសំខាន់ទៀត សម្រាប់សិស្ស និស្សិត ដែលមិនបានប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬបឋមភូមិ ក៏អាចសិក្សាជំនាញនេះ ឱ្យក្លាយជាមនុស្សដែលមានជំនាញពិតប្រាកដ អាចប្រកបរបរអាជីវកម្មផ្សេងៗ ឬ អាចបម្រើឱ្យអង្គភាពអាជីវកម្មមួយចំនួនដែលរកបានប្រាក់ចំណូលបានគួរសមផងដែរ។

ឯកឧត្តមបានបន្តទៀតថា ជំនាញឯកទេស គឺពិតជាមានសារៈសំខាន់យ៉ាងខ្លាំង ដែលសិស្សានុសិស្ស និស្សិតទាំងអស់ត្រូវតែមានជំនាញពិតប្រាកដ ដើម្បីដើរឱ្យទាន់យុគសម័យនៃការរីកចម្រើន ដែលពិភពលោកត្រូវការធនធានមនុស្សដែលមានជំនាញពិតប្រាកដ ដូចនេះក្នុងនាមជានិស្សិតកំពុងសិក្សា និងសិស្សទាំងអស់ ត្រូវត្រៀមលក្ខណៈឱ្យបានរួចជាស្រេច ក្នុងការចាប់យកជំនាញពិតប្រាកដ ដើម្បីប្រកួតប្រជែងជាមួយទីផ្សារការងារ បើពុំនោះទេមិនថាមុខរបរ ឬការងារតូចក្ដីធំក្ដី ក៏នឹងមានអ្នកដទៃដណ្ដើមយក ដែលធ្វើឱ្យអត្រាភាពអត់ការងារធ្វើកាន់តែឡើងៗជារៀងរាល់ថ្ងៃ៕