អគ្គលេខាធិការអង្គការសម្ព័ន្ធពិភពអ៉ីស្លាម ស្ញប់ស្ញែងចំពោះសុខដុមនីយកម្មសាសនានៅកម្ពុជា និងសន្យាយកគំរូដឹកនាំរបស់សម្តេចតេជោ ទៅផ្សព្វផ្សាយលើពិភពលោក


លោក មហាម៉ាត់ អាប់ដុលការីម (Mohammad bin Abdulkarim Al-Issa) អគ្គលេខាធិការអង្គការសម្ព័ន្ធពិភពអ៉ីស្លាម បានសម្តែងនូវការពេញចិត្តជាខ្លាំងលើភាពសុខដុមនីយកម្មជាតិសាសន៍ និងសាសនានៅក្នុងប្រទេសកម្ពុជា។ លោកចាត់ទុកសុខដុមនីយមកម្មជាតិសាសន៍ និងសាសនានៅកម្ពុជា ជាទីគោរព និងគំរូមួយសម្រាប់ពិភពលោក។

លោកអគ្គលេខាធិការអង្គការសម្ព័ន្ធពិភពអ៉ីស្លាម បង្ហាញការពេញចិត្តចំពោះសុខដុមនីយកម្មសាសនានៅកម្ពុជា ក្នុងពេលរូបលោកទទួលបានការអនុញ្ញាតពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារមួយចំនួននៅព្រឹកថ្ងៃអង្គារ ទី២១ ខែមិថុនា ឆ្នាំ២០២២នេះ។

បើតាម ឯកឧត្តម អ៊ាង សុផល្លែត ជំនួយការរបស់សម្តេចតេជោ បានប្រាប់ក្រុមអ្នកព័ត៌មានឱ្យដឹងថា ក្នុងជំនួបនេះ លោក មហាម៉ាត់ អាប់ដុលការីម បានសំដែងនូវក្តីរីករាយយ៉ាងខ្លាំង ដែលបានមកបំពេញទស្សនកិច្ចនៅកម្ពុជា ដែលជាប្រទេសមួយស្ថិតក្នុងបេះដូងរបស់លោក។ លោកបានលើកឡើងថា កម្ពុជា ជាប្រទេសមួយពុំមានការរើសអើងខាងសាសនា ជាប្រទេសមានសន្តិសហវិជ្ជមានជាតិសាសន៍ និងសាសនា ដែលនេះជាតម្លៃពិតរបស់កម្ពុជា គួរជាទីគោរព និងគំរូសម្រាប់ពិភពលោក។

លោក មហាម៉ាត់ អាប់ដុលការីម បានសម្ដែងនូវការអបអរសាទរជូនប្រជាជនកម្ពុជា ដែលមានថ្នាក់ដឹកនាំជាទីគោរព និងជាគំរូ មានភាពប្រាកដនិយមក្នុងការដឹកនាំកម្ពុជា ឱ្យទទួលបានសុខសន្តិភាពស្ថិរភាព និងការអភិវឌ្ឍ។

 ឯកឧត្តម អ៊ាង សុផ្លែត បានឱ្យដឹងទៀតថា នៅក្នុងជំនួបនោះ លោកមហាម៉ាត់ អាប់ឌុលការីម បានលើកឡើងដែរថា ប្រទេសអារ៉ាប់ប៊ីសាអូឌីត គោរព និងស្រឡាញ់ ការដឹកនាំរបស់សម្ដេចតេជោ ហើយនិងយកបទពិសោធន៍ពីកម្ពុជាទៅចែករំលែកនៅតាមវេទិកាផ្សេងៗ ជាមួយថ្នាក់ដឹកនាំដទៃទៀតអំពីការដឹកនាំ ដែលផ្ដល់ជូនប្រជាពលរដ្ឋនូវសេរីភាព និងក្តីស្រឡាញ់តាមការអភិវឌ្ឍជាក់ស្ដែង។

ជាការឆ្លើយតប សម្ដេចតេជោនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណចំពោះការលើកឡើងរបស់ មហាម៉ាត់ អាប់ឌុលការីម។

សម្ដេចតេជោ បានលើកឡើងដែរថា សុខដុមនិយកម្មជាតិសាសន៍ និងសាសនា គឺមានសារៈសំខាន់ណាស់។ ប្រទេសមួយអាចទទួលបាននូវសុខសន្តិភាព ស្ថេរភាព និងការអភិវឌ្ឍ ត្រូវមានភាពអត់ឱន និងសុខដុមនីយកម្មជាតិសាសន៍ និងសាសនា ត្រូវខិតខំធ្វើយ៉ាងណាកុំឱ្យមានភាពលំអៀង និងមិនអាចយកច្បាប់ និងវិធានរដ្ឋបាលគ្រប់គ្រងជំនឿរបស់ប្រជាជនបានទេ។ ផ្ទុយទៅវិញ ត្រូវមានគោលនយោបាយ និងវិធីសាស្រ្ត ដើម្បីបំពេញបន្ថែមបង្កលក្ខណៈឱ្យមានការ រីកចម្រើន៕