(ភ្នំពេញ)៖ ឯកឧត្តមបណ្ឌិត Muhammad bin Abdul Karim Issa អគ្គលេខាធិការនៃអង្គការសម្ព័ន្ធពិភពឥស្លាម បានវាយតម្លៃខ្ពស់ចំពោះកម្ពុជាថា ជាគម្រូដ៏ល្អមួយរបស់ពិភពលោកសម្រាប់សុខដុមនីយកម្ម និងសន្តិសហវិជ្ជមានក្នុងចំណោមប្រជាជន ដែលមានដើមកំណើត និងសាសនាផ្សេងគ្នា។
នៅក្នុងជំនួបជាមួយ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅថ្ងៃទី ២១ ខែមិថុនា ឆ្នាំ២០២២ លឯកឧត្តមអគ្គលេខាធិការ ដែលជាអតីតរដ្ឋមន្រ្តីក្រសួងយុត្តិធម៌នៃព្រះរាជាណាចក្រអារ៉ាប៊ីសាអូឌីត បានគូសបញ្ជាក់ថា គោលនយោបាយសុខដុមនីយកម្មរបស់រាជរដ្ឋាភិបាលកម្ពុជា និងការប្រព្រឹត្តយ៉ាងត្រឹមត្រូវចំពោះជនជាតិម៉ូស្លីម ត្រូវបានទទួលការកោតសរសើរពីសំណាក់អង្គការសម្ព័ន្ធពិភពឥស្លាម និងប្រជាជាតិម៉ូស្លីមផងដែរ។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានគូសបញ្ជាក់ពីសារសំខាន់នៃដំណើរទស្សនកិច្ចរបស់ លោកបណ្ឌិតអគ្គលេខាធិការ សម្រាប់ការជំរុញទាំងចំពោះទំនាក់ទំនងរវាងកម្ពុជាជាមួយអង្គការសម្ព័ន្ធពិភពឥស្លាម និងរវាងសហគមន៍ម៉ូស្លីមនៅកម្ពុជា ជាមួយសហគមន៍ម៉ូស្លីមនៅលើពិភពលោកផងដែរ។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានរំលឹកពីដំណើរទស្សនកិច្ចផ្លូវការនៅកម្ពុជា របស់ព្រះអង្គម្ចាស់ ហ្វាសាល់ ប៊ីន ហ្វាហាន់ អាល់ សូដ (Faisal bin Farhan Al Saud) រដ្ឋមន្ត្រីការបរទេសនៃព្រះរាជាណាចក្រអារ៉ាប៊ីសាអូឌីត កាលពីថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២២ កន្លងទៅ ដែលទស្សនកិច្ចនេះបានលើកកម្ពស់មិនត្រឹមតែទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងព្រះរាជាណាចក្រទាំងពីរប៉ុណ្ណោះទេ ថែមទាំងរវាងកម្ពុជា និងពិភពម៉ូស្លីម ផងដែរ។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានកោតសរសើរចំពោះជំនួយដែលផ្តល់ដោយអង្គការសម្ព័ន្ធពិភពឥស្លាម ជូនដល់សហគមន៍ម៉ូស្លីមនៅកម្ពុជា លើវិស័យហេដ្ឋារចនាសម្ព័ន្ធ ការអប់រំ សុខាភិបាល និងជាពិសេសការបង្កើនចំនួនកូតាសម្រាប់ប្រជាជនម៉ូស្លីមកម្ពុជា ទៅចូលរួមក្នុងពិធីបុណ្យ Haji នៅប្រទេសអារ៉ាប៊ីសាអូឌីត ជារៀងរាល់ឆ្នាំ។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានជម្រាបជូនភ្ញៀវថា ដោយសារការដឹកនាំ ប្រកបដោយចក្ខុវិស័យច្បាស់លាស់ និងគោលនយោបាយអំពីការលើកកម្ពស់កិច្ចសន្ទនា និងការយោគយល់អធ្យាស្រ័យ ជំហរប្រឆាំងនឹងភាពជ្រុលនិយម ការស្អប់ខ្ពើម និងអំពើហិង្សា ដែលត្រូវបានផ្តួចផ្តើមដោយសម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រទេសកម្ពុជា ដែលជាប្រទេសមួយមានពុទ្ធសាសនិក ៩០% និងឥស្លាមសាសនិក ៥% អាចធានាបាននូវការរួមរស់ប្រកបដោយសន្តិសហវិជ្ជមានរវាងប្រជាជនដែលមានសាសនាផ្សេងៗគ្នា។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានលើកឡើងផងដែរអំពីការយកចិត្តទុកដាក់ដ៏ល្អរបស់រដ្ឋាភិបាលកម្ពុជាចំពោះសហគមន៍ម៉ូស្លីមកម្ពុជា ដូចជាការតែងតាំងសាសនិកឥស្លាមកម្ពុជាឱ្យបម្រើការងារក្នុងស្ថាប័នរដ្ឋ និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ការគោរពនិងការសម្រួលដល់ការប្រតិបត្តិសាសនារបស់ពួកគេ ការអភិរក្សភាសាកំណើត ប្រពៃណី និងទំនៀមទម្លាប់ ជាដើម៕