ក្រសួងទេសចរណ៍បានរៀបចំសិក្ខាសាលាបូកសរុបចលនាប្រឡងប្រណាំង “បដិសណ្ឋារកិច្ចល្អ” ឆ្នាំ២០១៦ ឆមាសទី១ ឆ្នាំ២០១៧ និងទិសដៅឆមាសទី២ ឆ្នាំ២០១៧-២០១៨


កាលពីព្រឹកថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៧ ក្រសួងទេសចរណ៍បានរៀបចំសិក្ខាសាលាបូកសរុបចលនាប្រឡងប្រណាំង “បដិសណ្ឋារកិច្ចល្អ” ឆ្នាំ២០១៦ ឆមាសទី១ ឆ្នាំ២០១៧ និងទិសដៅឆមាសទី២ ឆ្នាំ២០១៧-២០១៨។ ដោយអនុវត្តតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ សម្តេចតេជោនាយករដ្ឋមន្ត្រី ដែលបានថ្លែងក្នុងពិធីអបអរសាទរកម្ពុជាជាគោលដៅទេសចរណ៍ល្អបំផុតលើពិភពលោកឆ្នាំ២០១៦ កាលពីថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៦ ថា៖ «…ចលនាប្រឡងប្រណាំងបដិសណ្ឋារកិច្ចល្អ ជារបៀបវារៈថ្មីមួយរបស់ជាតិ (National Agenda) ដោយយើងត្រូវយល់ថា “បដិសណ្ឋារកិច្ចល្អ គឺជាកាតព្វកិច្ចរបស់យើងទាំងអស់គ្នា”។ ក្រសួងទេសចរណ៍បានប្រកាសដាក់ចេញចលនាប្រឡងប្រណាំង “បដិសណ្ឋារកិច្ចល្អ”តាមប្រព័ន្ធ QR-Code សម្រាប់វាយតម្លៃចលនាប្រឡងប្រណាំងបដិសណ្ឋារកិច្ចល្អក្នុងវិស័យទេសចរណ៍លើកទី១ និងចលនាប្រឡងប្រណាំងបដិសណ្ឋារកិច្ចល្អសម្រាប់ច្រកទ្វារអន្តរជាតិលើកទី២ ភ្ញៀវទេសចរជាតិ និងអន្តរជាតិអាចចូលរួមផ្តល់មតិ និងធ្វើ Rating កម្រិតនៃការផ្តល់សេវាលើប្រព័ន្ធ QR-Code បដិសណ្ឋារកិច្ចល្អ” (www.cambodiabesthospitality.org

 

) ដោយឈរលើអភិក្រម “ធ្វើឱ្យបាន ធ្វើឱ្យលឿន ធ្វើឱ្យមានតម្លាភាព”។
ប្រតិបត្តិករទេសចរណ៍ ដែលជាម្ចាស់អាជីវកម្មទេសចរណ៍ មានកាតព្វកិច្ចក្នុងការចូលរួមប្រឡងប្រណាំងក្នុងចលនាប្រឡងប្រណាំង ដោយអាចចុះបញ្ជី (Register) លើប្រព័ន្ធ QR Code បដិសណ្ឋារកិច្ចល្អ”(www.cambodiabesthospitality.org

 

) ដោយងាយស្រួល។
ដោយឡែក ចលនាប្រឡងប្រណាំង “បដិសណ្ឋាកិច្ចល្អសម្រាប់ច្រកទ្វារអន្តរជាតិ” លើកទី២ នេះ មានចំនួន០៦ច្រកទ្វារអន្តរជាតិ គឺអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ អាកាសយានដ្ឋានអន្តរជាតិសៀមរាប អាកាសយានដ្ឋានអន្តរជាតិក្រុងព្រះសីហនុ ច្រកទ្វារព្រំដែនអន្តរជាតិបាវិត ច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត និងច្រកទ្វារព្រំដែនអន្តរជាតិចាំយាម ដោយភ្ញៀវទេសចរជាតិ និងអន្តរជាតិអាចផ្តល់ការវាយតម្លៃលើកម្រិតនៃភាពពេញចិត្តលើសេវា៖ សេវា Check in សេវា X-ray មន្រ្តីអន្តោប្រវេសន៍ មន្រ្តីគយ និងចត្តាឡីសក្តិ។
ឯកឧត្តមរដ្ឋមន្រ្តីក្រសួងទេសចរណ៍បានណែនាំបន្ថែម ដើម្បីគាំទ្រដល់ចលនាប្រឡងប្រណាំងបដិសណ្ឋារកិច្ចល្អរបស់ច្រកទ្វារអន្តរជាតិត្រូវបន្តសម្រួលការធ្វើដំណើរតាមច្រកទ្វារអន្តរជាតិ ដោយជំរុញការសាងសង់ច្រកទ្វារប៉ោយប៉ែតឱ្យបានលឿន ទី២.នៅតាមច្រកអាកាសយាន្តដ្ឋាននានា ត្រូវមានច្រកពិសេស (Special Line)សម្រាប់ភ្ញៀវទេសចរអាស៊ាន និងអាស៊ានបូកបី (ចិន ជប៉ុន កូរ៉េ)។ ទី៣.ត្រូវផ្សព្វផ្សាយការផ្តល់ Multiples Visa និងប្រព័ន្ធ Visa on arrival ឱ្យបានទូលំទូលាយនៅទីផ្សារទេសចរចិន ជប៉ុន និងកូរ៉េ និងត្រូវខិតខំចូលរូមអនុវត្ត (China Ready) ដោយស្នើរៀបចំឱ្យមានសញ្ញាជាភាសាចិននៅតាមអាកាសយាន្តដ្ឋានអន្តរជាតិឱ្យបានល្អ។
ទន្ទឹមនឹងនេះ ដើម្បីគាំទ្រដល់ចលនាប្រឡងប្រណាំង “បដិសណ្ឋារកិច្ចល្អ” និងពង្រឹងការគ្រប់គ្រងអាជីវកម្ម និងសេវាកម្មទេសចរណ៍ ឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ ស្របតាមការវិវត្តថ្មីៗនៃវិស័យទេសចរណ៍កម្ពុជា និងពិភពលោកនាពេលបច្ចុប្បន្ន ក្រសួងទេសចរណ៍បានចុះកិច្ចព្រមព្រៀងស្តីពីភាពជាដៃគូជំរុញការបណ្តុះបណ្តាល និងអភិវឌ្ឍជំនាញបដិសណ្ឋារកិច្ចរវាងក្រសួងទេសចរណ៍ និងសាលាបណ្តុះបណ្តាលវិជ្ជាជីវៈទេសចរណ៍ចំនួន០៩ រួមមាន វិទ្យាស្ថាន ប៉េ អេស អឺ សាកលវិទ្យាល័យ និងសាលាបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈទេសចរណ៍ និងបដិសណ្ឋារកិច្ចល្អអាស៊ីអ៊ឺរ៉ុប វិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា សាលាបដិសណ្ឋារកិច្ច និងទេសចរណ៍ ប៉ូល ឌុយ ប្រ៊ូយ សាលាដុនបុស្កូខេត្តព្រះសីហនុ សាកលវិទ្យាល័យបៀលប្រាយខេត្តសៀមរាប សាកលវិទ្យាល័យបៀលប្រាយខេត្តព្រះសីហនុ វិទ្យាស្ថានសហប្រតិបត្តិការអន្តរជាតិកម្ពុជា និងភ្នាក់ងារប្រឹក្សាយោបល់ជំនាញវិជ្ជាជីវៈអាស៊ាន អេ ធី ភី ដើម្បីពង្រឹងការបណ្តុះបណ្តាលបដិសណ្ឋារកិច្ចល្អឱ្យកាន់តែខ្លាំង គាំទ្រដល់ចលនាប្រឡងប្រណាំង “បដិសណ្ឋារកិច្ចល្អ” ឆ្ពោះទៅស្វាគមន៍កីឡា (SEA GAME) ឆ្នាំ២០២៣ និងដើម្បីត្រៀមទទួលស្វាគមន៍ភ្ញៀវទេសជាតិ និងអន្តរជាតិ៧លាននាក់ នៅឆ្នាំ២០២០ និង១១លាននាក់នៅឆ្នាំ២០២៥។