ថ្នាក់ដឹកនាំ និងសមាជិកបក្សប្រជាជនខេត្តបាត់ដំបង ប្តេជ្ញារក្សាសុខសន្តិភាពឲ្យនៅជាអមតៈ និងខិតខំបម្រើប្រជាពលរដ្ឋ កសាង និងអភិវឌ្ឍន៍មូលដ្ឋានបន្តកាន់តែរីកចម្រើន


គណបក្សប្រជាជនកម្ពុជាខេត្តបាត់ដំបង នៅព្រឹកថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២២នេះ បានរៀបចំប្រារព្ធ ខួបអនុស្សាវរីយ៍លើកទី៧១ថ្ងៃបង្កើតគណបក្ស ២៨ មិថុនា ១៩៥១-២០២២ ដែលមានទីតាំងស្ថិតនៅ សួននាគបាញ់ទឹក ក្រុងបាត់ដំបង។

ការប្រារព្ធខួបនេះ បានធ្វើឡើងក្រោមអធិបតីភាព ឯកឧត្តម សុខ លូ សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានគណបក្សខេត្ត, ឯកឧត្តម អ៊ុយ រី អនុ ប្រធានប្រចាំការគណបក្សខេត្ត, ឯកឧត្តម ឆាយ សារ៉េត អនុប្រធានគណបក្សខេត្ត, ឯកឧត្តម ផេង សិទ្ធី អនុប្រធានយុវជនគណបក្សក្រុងបាត់ដំបង ដោយមានការចូលរួមពីថ្នាក់ដឹកនាំបក្ស ក្រុមការងារបក្ស ក្រុង សង្កាត់ សមាជិក សមាជិការបក្ស យុវជនបក្សសិស្សនិស្សិត និងប្រជាពលរដ្ឋចូលរួមជាច្រើននាក់ចូលរួមផងដែរ។

ក្នុងឱកាសនោះ ឯកឧត្តម សុខ លូ ប្រធានគណបក្សខេត្តបានឡើងអានសារលិខិតរបស់របស់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា អបអរសាទរខួបអនុស្សាវរីយ៍លើកទី៧១ ថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា ២៨ មិថុនា ១៩៥១-២៨ មិថុនា ២០២២។

សារលិខិតនេះ ក៏បានបញ្ជាក់ពីភាពខ្លាំងក្នុងការដឹកនាំ និងត្រឹមត្រូវរបស់ថ្នាក់ដឹកនាំបក្សថ្នាក់កំពូល បានលះបង់សាច់ស្រស់ ឈាមស្រស់ក្នុងការរំដោះជាតិកសាងការពារ និងអភិវឌ្ឍន៍ប្រទេសជាតិ និងបានស្វែងរក សន្តិភាពតាមគោលនយោបាយឈ្នះឈ្នះ ជូនប្រទេសជាតិនិងប្រជាជនបានទទួលជោគជ័យពេញលេញ បរិបូណ៍ ក្រោមទិសស្លោក «អរសន្តិភាព»

តាងនាមឲ្យថ្នាក់ដឹក នាំ និងសមាជិកគណបក្សប្រជាជនខេត្តបាត់ដំបង ឯកឧត្តម សុខ លូ បានប្តេជ្ញាចិត្តរក្សាសុខសន្តិភាពឲ្យនៅស្ថិតស្ថេរជាអមតៈ និងខិតខំបម្រើប្រជាពលរដ្ឋ កសាង និងអភិវឌ្ឍន៍មូលដ្ឋានបន្តឲ្យកាន់តែមានការរីក ចម្រើនបន្ថែមទៀតផងដែរ៕