លោក ចាន់ ស៊ីណាត ដឹកនាំគណៈប្រតិភូធនាគារអភិវឌ្ឍន៍អាស៊ី ចុះត្រួតពិនិត្យតំបន់ប្រព័ន្ធធារាសាស្រ្តតាំងក្រសាំង


នៅថ្ងៃទី ១៩ ខែកក្កដា ឆ្នាំ ២០១៧ លោក ចាន់ ស៊ីណាត អគ្គនាយករងកិច្ខការបច្ចេកទេស បានដឹកនាំគណៈប្រតិភូធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ក្រុមការងារ PMU-ADB MOWRAM មន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ធំ និងសហគមន៍កសិករប្រើប្រាស់ទឹក ចុះត្រួតពិនិត្យតំបន់ប្រព័ន្ធធារាសាស្រ្តតាំងក្រសាំង ស្ថិតក្នុងខេត្តកំពង់ធំ ។ សូមជម្រាបជូនថា ប្រព័ន្ធធារាសាស្រ្តតាំងក្រសាំង កំពុងត្រូវបានក្រសួងធនធានទឹក និងឧតុនិយម ធ្វើការសាងសង់ឡើងវិញ ក្រោមហិរញ្ញប្បទានពីធនាគារអភិវឌ្ឍន៍អាសុី ដែលបច្ចុប្បន្ន ការសាងសង់សម្រេចបានប្រមាណ ៨៥% ហើយ ។
បន្ទាប់ពីបានត្រួតពិនិត្យរួចមក ADB និងភាគីទាំងអស់ បានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ក្រសួងធនធានទឹក និងឧតុនិយម ក្នុងការសាងសង់ប្រព័ន្ធធារាសាស្ត្រនេះឡើងវិញ ជាមួយនឹងបច្ចេកវិទ្យាចុងក្រោយ ដែលធ្វើឱ្យប្រព័ន្ធនេះ ក្លាយជាប្រព័ន្ធមួយមានលក្ខណៈគ្រប់ជ្រុងជ្រោយ (Complete Irrigation Systems) ។ ជាមួយគ្នានេះ បងប្អូនប្រជាកសិករនៅក្នុងសហគមន៍កសិករប្រើប្រាស់ទឹក និងអ្នកទទួលផលទាំងអស់ ក៏បានថ្លែងអំណរគុណដល់ក្រសួង ដែលបានសាងសង់នូវប្រព័ន្ធធារាសាស្ត្រដ៏មានសក្តានុពលនេះឡើង ពិសេសប្រព័ន្ធប្រឡាយបេតុង ដែលធានានូវការប្រើប្រាស់បានយូរអង្វែង និងមិនងាយគោករាក់ ៕