ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីការបរទេសនិងសហប្រតិបត្តិការអន្តរជាតិកម្ពុជា នឹងអញ្ជើញធ្វើជាសហប្រធានជាមួយ លោក សាលើមសៃ គុំម៉ាស៉ីត ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីការបរទេសនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ដឹកនាំកិច្ចប្រជុំលើកទី១៤ នៃគណៈកម្មការចម្រុះសម្រាប់កិច្ចសហប្រតិបត្តិការទ្វេភាគី (14th JCBC) កម្ពុជា និងឡាវ ដែលនឹងប្រព្រឹត្តទៅ នៅថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២២ នៅរាជធានីភ្នំពេញ។
រដ្ឋមន្ត្រីការបរទេសឡាវ នឹងមកប្រជុំនៅរាជធានីភ្នំពេញ តបតាមការអញ្ជើញរបស់ឯកឧត្តម ប្រាក់ សុខុន។ សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសកម្ពុជា បានឲ្យដឹងថា នៅមុនកិច្ចប្រជុំកិច្ចប្រជុំគណៈកម្មការចម្រុះលើកទី១៤ លោក សាលើមសៃ គុំម៉ាស៉ីត នឹងអញ្ជើញចូលជួបសម្តែងការគួរសមចំពោះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា។
កិច្ចប្រជុំគណៈកម្មការចម្រុះលើកទី១៤ រវាងកម្ពុជា និងឡាវ នឹងពិនិត្យឡើងវិញនូវវឌ្ឍនភាព ដែលសម្រេចបានស្របតាមកំណត់ហេតុនៃកិច្ចប្រជុំ JCBC កាលពីលើកមុន និងរិះរកវិស័យនានា ដែលមានសក្តានុពលភាព សម្រាប់កិច្ចសហប្រតិបត្តិការនាពេលអនាគត សំដៅបន្តពង្រឹង និងជំរុញបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការដ៏ជិតស្និទ្ធ និងគ្រប់ជ្រុងជ្រោយរវាងប្រទេសទាំងពីរ ដើម្បីផលប្រយោជន៍ទៅវិញទៅមកសម្រាប់ប្រជាជននៃប្រទេសទាំងពីរ។
នៅចុងបញ្ចប់នៃកិច្ចប្រជុំគណៈកម្មការចម្រុះលើកទី១៤ សហប្រធានទាំងពីរ នឹងចុះហត្ថលេខាលើកំណត់ហេតុនៃកិច្ចប្រជុំលើកទី១៤ នៃគណៈកម្មការចម្រុះសម្រាប់កិច្ចសហប្រតិបត្តិការ ទ្វេភាគីកម្ពុជា និងឡាវ៕