តំណាងឲ្យសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងជាប្រធានអាជ្ញាធរមីន, ឯកឧត្តមទេសរដ្ឋមន្ត្រី លី ធុជ អនុប្រធានទី១ បានអំពាវនាវសមាជិកសភាពាណិជ្ជកម្មម៉ាឡេស៉ីនៃកម្ពុជា ជួយឧបត្ថម្ភក្នុងការបោសសម្អាតមីន។
ឯកឧត្តមទេសរដ្ឋមន្ត្រី បានអំពាវនាវបែបនេះ ក្នុងឱកាសសភាពាណិជ្ជកម្មម៉ាឡេស៉ីនៃប្រទេសកម្ពុជា (MBCC) បានបើកកិច្ចប្រជុំទូទៅប្រចាំឆ្នាំ (AGM) ឆ្នាំ២០២២ និងទទួលទានអាហារពេលល្ងាចជុំគ្នា ដែលមានការចូលរួមពី លោក Eldeen Husaini Mohd Hashim ឯកអគ្គរដ្ឋទូតម៉ាឡេស៉ីប្រចាំកម្ពុជា កន្លងទៅ។
ថ្លែងប្រាប់បណ្តាញព័ត៌មាន នៅថ្ងៃនេះ លោកឧកញ៉ា Tan Khee Meng ប្រធាន MBCC បានឲ្យដឹងថា ក្នុងពិធីទទួលទានអាហារពេលល្ងាចនោះ ឯកឧត្តម លី ធុជ បានបង្ហាញពីបេសកកម្ម និងសាវតារបស់ CMAA អំពីបញ្ហាមីន។ ឯកឧត្តមក៏បានបង្ហាញអំពីស្ថានភាពរបស់ គ្រាប់មីនមិនទាន់ផ្ទុះ (UXO) និង សំណល់ជាតិផ្ទុះពីសង្រ្គាម (ERW) នៅក្នុងប្រទេសទាំងមូល និងបានគូសបញ្ជាក់ និងយុទ្ធសាស្រ្ត ដើម្បីសម្រេចបាននូវស្ថានភាពគ្មានមីនសម្រាប់ប្រទេសកម្ពុជានៅឆ្នាំ២០២៥។
ឯកឧត្តមទេសរដ្ឋមន្ត្រី បានអំពាវនាវដល់វិស័យឯកជន ក៏ដូចជាសមាជិក MBCC ក្នុងការរៃអង្គាសប្រាក់ ដើម្បីជួយឧបត្តមដល់ CMAA ឲ្យសម្រេចបានបេសកកម្មដ៏គួរឲ្យខ្លាចនេះ។
លោកឧកញ៉ា Tan Khee Meng បានរៀបរាប់អំពីព្រឹត្តិការណ៍ ដែលបានធ្វើឡើងក្នុងរយៈពេលមួយឆ្នាំកន្លងមកនេះ ដូចដែលបានបង្ហាញរបាយការណ៍ហិរញ្ញវត្ថុដែលបានធ្វើសវនកម្មរបស់ MBCC និងព្រឹត្តិការណ៍នាពេលអនាគត និងការផ្តួចផ្តើមការផ្លាស់ប្តូររបស់ MBCC ដល់សមាជិករបស់ខ្លួន។
ក្នុងជំនួបនោះ ឧកញ៉ា Tan Khee Meng បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះឯកអគ្គរដ្ឋទូតម៉ាឡេស៉ី លោក Eldeen ដែលនឹងត្រូវបញ្ចប់តួនាទីជាឯកអគ្គរាជទូតនៅប្រទេសកម្ពុជា នៅចុងឆ្នាំ២០២២ ខាងមុខ ចំពោះការគាំទ្រដ៏ធំធេង កន្លងមក ចំពោះសហគមន៍ធុរកិច្ចម៉ាឡេស៉ី និងប្រជាជនម៉ាឡេស៉ីទាំងមូល។
ឆ្លើយតបនឹងការអំពាវនាវរបស់សម្តេចតេជោនាយករដ្ឋមន្រ្តី និងឯកឧត្តម លី ធុជ គឺលោកឧកញ៉ា Tan Khee Meng បានប្រកាសក្នុងពិធីទទួលអាហារថា MBCC គ្រោងរៀបចំពិធីជប់លៀងសប្បុរសធម៌ ដើម្បីរៃអង្គាសថវិកាសម្រាប់ជួយឧបត្តមដល់ CMAA។ ថវិកាដែលនឹងត្រូវរៃអង្គាសនៅ ពិធីទទួលទានអាហារពេលល្ងាច នាពេលខាងមុខ នឹងជំរុញឲ្យវិស័យឯកជន លើកយកបុព្វហេតុ និងចូលរួមកម្លាំងដើម្បីចូលរួមចំណែកក្នុងកិច្ចខិតខំប្រឹងប្រែងរៃអង្គាសថវិកា ដើម្បីសម្រេចបានការបោសសម្អាតមីនទាំងស្រុងក្នុងប្រទេសកម្ពុជា។
កម្មវិធី Charita Gala Dinner គ្រោងនឹងធ្វើឡើងនៅថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២២ ដែលទីកន្លែងនឹងត្រូវប្រកាសជូនសមាជិកក្នុងពេលឆាប់ៗនេះ ហើយសមាជិកទាំងអស់ត្រូវបានអញ្ជើញឲ្យចូលរួមតាមរយៈការទិញសំបុត្រជាបុគ្គល ឬតុចំនួន១០។ ប្រាក់ចំណូលសុទ្ធដែលបានមកពីការលក់សំបុត្រ នឹងត្រូវឧបត្ថម្ភដល់ភូមិមួយ ឬច្រើនដែលរងគ្រោះដោយសារគ្រាប់មីនមិនទាន់ផ្ទុះ និង សំណល់ជាតិផ្ទុះពីសង្រ្គាម នៅក្នុងខេត្តកំពង់ស្ពឺ ឬនៅក្នុងខេត្តកំពង់ចាម។
នៅក្នុងសុន្ទរកថារបស់ខ្លួន លោក Eldeen បានធ្វើបច្ចុប្បន្នភាពអំពីការអភិវឌ្ឍពាណិជ្ជកម្មទ្វេភាគីរវាងម៉ាឡេស៉ី និងកម្ពុជា ក៏ដូចជាសកម្មភាពរបស់ស្ថានទូតផងដែរ៕