ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ បានដាស់តឿនបន្ថែមដល់ប្រធានក្រុមប្រឹក្សាឃុំ មេឃុំ និងសមាជិក សមាជិក ដែលទើបនឹងជាប់ឆ្នោតក្នុងការប្រកួតប្រជែងក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ ត្រូវបម្រើប្រជាពលរដ្ឋ ឱ្យទាន់ពេលវេលា សូមកុំមានភាពស្ពឹកស្រពន់ លើការផ្តល់សេវានានាជូនប្រជាពលរដ្ឋឱ្យសោះ។
ការដាស់តឿនបែបនេះរបស់ឯកឧត្តម វ៉ី សំណាង បានធ្វើឡើងនៅព្រឹកថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២២នេះ ក្នុងឱកាសឯកឧត្តមបានអញ្ជើញជាអធិបតីប្រកាសសុពលភាពសមាជិកក្រុមប្រឹក្សាឃុំត្រែងត្រយឹង និងឃុំយាយម៉ៅពេជ្រនិល ក្នុងស្រុកភ្នំស្រួច។
ក្នុងពិធីនោះ ក៏មានការអញ្ជើញចូលរួមពីសំណាក់ លោកស្រីក្រុមការងាររដ្ឋបាលខេត្ត លោកប្រធានក្រុមប្រឹក្សាស្រុក លោក លោកស្រីអភិបាលរងស្រុក ក្រុមការងាររដ្ឋបាលស្រុក លោក ស្រីមេភូមិ អនុភូមិ និងសមាជិកភូមិប្រធាន អនុប្រធាន និងសមាជិកបណ្ដាញក្រុមបញ្ញវ័ន្តឃុំផងដែរ។
នាឱកាសនោះ ឯកឧត្តមអភិបាលខេត្តកំពង់ស្ពឺ បានណែនាំបន្ថែមដល់ដែលមន្ត្រីឃុំដែលទើបចូលកាន់តំណែងថ្មីថា «ចាប់ពីពេលនេះត្រូវបម្រើប្រជាពលរដ្ឋឱ្យបានត្រឹមត្រូវ ហើយយកចិត្តទុកដាក់ឱ្យប្រសើរលើសមុន។ ក្នុងនោះកិច្ចការសាធារណៈលើឯកសារផ្សេងៗត្រូវបម្រើពួកគាត់ឱ្យបានឆាប់រហ័ស ជៀសវាងយឺតយ៉ាវដែលធ្វើគាត់ធុញទ្រាន់ ខាតពេលវេលារកស៊ីរបស់គាត់»។
សូមបញ្ជាក់ថា ឃុំយាយម៉ៅពេជ្រនិល ក្នុងស្រុកភ្នំស្រួច ដែលជាឃុំទើបតែបង្កើតថ្មីនឹងត្រូវដំណើរការ ព្រមទាំងបម្រើសេវាជូនប្រជាពលរដ្ឋក្នុងមូលដ្ឋានចាប់តាំងពីពេលនេះតទៅផងដែរ៕