ប្រកាសសមាសភាពក្រុមប្រឹក្សាឃុំចំការអណ្តូង ស្រុកចំការលើ ខេត្តកំពង់ចាម, អភិបាលខេត្ត ក្រើនរំឮកឱ្យសហការគ្នាធ្វើការ ដើម្បីប្រយោជន៍ពលរដ្ឋ


ក្នុងពិធីប្រកាសសុពលភាពសមាជិកក្រុមប្រឹក្សាឃុំចំការអណ្តូង ស្រុកចំការលើ នាព្រឹកថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២២, ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានប្រាប់ឱ្យបេក្ខជនជាប់ឆ្នោត មកពីគណបក្សនយោបាយនានាជាសមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ ត្រូវរួមសហការគ្នាធ្វើការ ដើម្បីប្រយោជន៍ប្រជាពលរដ្ឋ។

ឯកឧត្តម អ៊ុន ចាន់ដា បានថ្លែងថា បន្ទាប់ពីការប្រកាសលទ្ធផលជាផ្លូវការបេក្ខជនជាប់ឆ្នោត មកពីគណបក្សនយោបាយនានានឹងក្លាយជាក្រុមប្រឹក្សាឃុំ សង្កាត់ ជាអាជ្ញាធរសាធារណៈ ដែលមានកាតព្វកិច្ចតាមផ្លូវច្បាប់ធ្វើជាតំណាង ឱ្យប្រជាពលរដ្ឋទាំងអស់ នៅក្នុងមូលដ្ឋាន។ ហេតុនេះ សមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ ដែលមកពីគណបក្សផ្សេងៗគ្នា ត្រូវខិតខំរួបរួមសាមគ្គីសហការធ្វើការជាមួយគ្នា ប្រកដោយការទទួលខុសត្រូវ ដើម្បីបម្រើប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានរបស់ខ្លួនឱ្យបានល្អប្រសើរ។

ឯកឧត្តមអភិបាលខេត្ត បានបន្តថា ការផ្តល់សេវាសាធារណៈ លើគ្រប់វិស័យជូនប្រជាពលរដ្ឋ គឺជាតួនាទី និងការទទួលខុសត្រូវដ៏សំខាន់មួយ ក្នុងចំណោមតួនាទី និងការទទួលខុសត្រូវសំខាន់ៗនានា របស់រដ្ឋបាលឃុំ សង្កាត់នីមួយៗ ដើម្បីឆ្លើយតប និងដោះស្រាយនូវសំណើ សំណូមពរ និងតម្រូវការចាំបាច់នានា ជូនប្រជាពលរដ្ឋ។

ជាមួយគ្នានេះដែរ ឯកឧត្តម អ៊ុន ចាន់ដា បានបញ្ជាក់ថា តួអង្គស្នូលចំនួន៥រួមមានទី១៖ មេឃុំ ចៅសង្កាត់, ទី២៖ ស្មៀនឃុំ សង្កាត់, ទី៣៖ ប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ សង្កាត់, ទី៤៖ មណ្ឌលសុខភាព ឬប៉ុស្តិ៍សុខភាព និងទី៥៖ មេភូមិ ជាតួអង្គយ៉ាងសំខាន់ដើម្បីធ្វើឱ្យមូលដ្ឋានមានការអភិវឌ្ឍ និងមានសន្តិសុខ សណ្តាប់ធ្នាប់ល្អ។

ឯកឧត្តមអភិបាលខេត្ត បានគូសបញ្ជាក់ថា ដូច្នេះសូមឱ្យតួអង្គទាំង៥ខាងលើនេះ ខិតខំយកចិត្តទុកដាក់ អនុវត្តតួនាទី ភារកិច្ចរបស់ខ្លួន ក្នុងផ្តល់សេវាសាធារណៈនានា ជូនប្រជាពលរដ្ឋ ក្នុងមូលដ្ឋានរបស់ខ្លួន ឱ្យបានល្អប្រសើរ ប្រកបដោយក្រមសីលធម៌វិជ្ជាជីវៈ និងកែលម្អឥរិយាបថ ក្នុងការប្រាស្រ័យទាក់ទងជាមួយប្រជាពលរដ្ឋ ប្រកបដោយតម្លាភាព គណនេយ្យភាព និងយុត្តិធម៌ ដោយមិនត្រូវមានការរើសអើង ការបែងចែកបក្សពួក គ្រួសារនិយម និងនិន្នាការនយោបាយឡើយ៕