នៅព្រឹកថ្ងៃពុធ ទី០៦ ខែកក្កដា ឆ្នាំ២០២២ស្អែកនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នឹងអញ្ជើញជួបសំណេះសំណាល ក៏ដូចជាផ្តល់នូវដំបូន្មានមួយចំនួនជូនដល់ប្រតិភូកីឡាអាស៊ានប៉ារ៉ាហ្គេម មុននឹងពួកគេចេញទៅប្រកួតកីឡាពិការអាស៊ាន ឬអាស៊ានប៉ារ៉ាហ្គេមលើកទី១១ នៅទីក្រុងសូឡូ ប្រទេសឥណ្ឌូនេស៊ី។
ការប្រកួតកីឡាពិការអាស៊ាន ឬអាស៊ានប៉ារ៉ាហ្គេម ដែលជាការប្រកួតរវាងកីឡាករ កីឡាការិនី ជាជនពិការក្នុងចំណោមប្រទេសសមាជិកអាស៊ាន ត្រូវបានធ្វើឡើងជាទៀងទាត់រៀងរាល់២ឆ្នាំម្តង។ ការប្រកួតបានធ្វើចំនួន១០លើក រួចមកហើយ។ ប៉ុន្តែនៅឆ្នាំ២០១៩ ការប្រកួតដែលគ្រោងធ្វើឡើងនៅប្រទេសហ្វីលីពិន ត្រូវបានខកខានដោយសារតែវិបត្តិជំងឺកូវីដ១៩។
ដោយឡែកការប្រកួតលើកទី១១ នេះ តាមពិតត្រូវធ្វើនៅប្រទេសវៀតណាម តែវៀតណាមសុំលើកពេលក្រោមហេតុផលវិបត្តិជំងឺកូវីដ១៩ ទើបលើកទៅរៀបចំនៅប្រទេសឥណ្ឌូនេស៊ីជំនួសវិញ។
លោក យី វាសនា អគ្គលេខាធិការគណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជា បានឲ្យដឹងថា ក្នុងព្រឹត្តិការណ៍ប្រកួតអាស៊ានប៉ារ៉ាហ្គេម លើកទី១១នេះ កម្ពុជាបញ្ជូនប្រតិភូកីឡាចូលរួមសរុប ១១៦នាក់។ ក្នុងនោះមានអត្តពលិក ១១៥នាក់ និងប្រតិភូកីឡា គ្រូបង្វឹក គ្រូជំនួយចំនួន ៣៩នាក់ មន្ត្រីបច្ចេកទេសចំនួន ៧នាក់ និងប្រតិភូជាតិចំនួន ៥នាក់។
លោក យី វាសនា បានឱ្យដឹងទៀតថា កម្ពុជាបញ្ជូនអត្តពលិកចូលរួមប្រកួតលើប្រភេទកីឡាចំនួន១១កីឡា រួមមាន៖ វាយកូនឃ្លីលើតុ លើកទម្ងន់ អត្តពលកម្ម ហែលទឹក បាល់ទះអង្គុយបុរសនារី បាល់បោះជនពិការភ្នែក បាល់ទាត់៧ម្ខាង បាល់បោះជិះរទេះបុរសនារី បូស្យា វាយសី និងអុក។
បើតាមលោក យី វាសនា ប្រតិភូកីឡាប៉ារ៉ាហ្គេមកម្ពុជា នឹងចេញដំណើរនៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២២។ ក្នុងនោះសម្តេចតេជោ ហ៊ុន សែន បានចាត់តាំង លោក ហ៊ុន ម៉ានី ជាអ្នកដឹកនាំប្រតិភូទៅចូលរួមការប្រកួតនៅឥណ្ឌូនេស៊ី។
សម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានយកចិត្តទុកដាក់ខ្ពស់លើវិស័យកីឡា ហើយតែងតែផ្តល់កិត្តិយសជួបសំណេះសំណាលជាមួយប្រតិភូកីឡាកម្ពុជាមុននឹងចេញទៅចូលរួមប្រកួតនូវព្រឹត្តិការណ៍នានា។ តាមរយៈជំនួបសំណេះសំណាលនេះ ប្រមុខរាជរដ្ឋាភិបាល តែងតែផ្តល់នូវការណែនាំ និងដំបូន្មានផ្សេងៗ ដើម្បីរក្សានូវកិត្តិយស និងសេចក្តីថ្លៃថ្នូររបស់កម្ពុជា ក៏ដូជាប្រតិភូកីឡា។
សូមបញ្ជាក់ថា គណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជា ត្រូវបានបង្កើតឡើងនៅថ្ងៃទី២៥ ខែតុលា ឆ្នាំ១៩៩៧ ដោយមានសម្តេចតេជោ ហ៊ុន សែន ជាប្រធាន។ គណៈកម្មាធិការប៉ារ៉ាឡាំពិកកម្ពុជា ជាំសមាជិកពេញសិទ្ធិនៃគណៈកម្មាធិការប៉រ៉ាឡាំពិកអន្តរជាតិ (IPC) សមាជិកពេញសិទ្ធិនៃគណៈកម្មាធិការប៉ារ៉ាឡាំពិកអាស៊ី និងជាសមាជិកស្ថាបនិក និងពេញសិទ្ធិ នៃសហព័ន្ធកីឡាពិការអាស៊ាន។
គណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជា តែងតែចូលរួមការប្រកួតកីឡាប៉ារ៉ាហ្គេមនេះ។ ក្នុងព្រឹត្តការណ៍អាស៊ានប៉ារ៉ាហ្គេម លើកទី៩ នៅប្រទេសម៉ាឡេស៊ី កម្ពុជាដណ្តើមបានមេដាសរុប ១០គ្រឿង ប្រាក់៥ និង៥សំរិទ្ធ៕