នៅព្រឹកថ្ងៃសុក្រ ទី០៨ ខែកក្កដា ឆ្នាំ២០២២នេះ អូស្ត្រាលី បានប្រគល់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ប្រភេទ Pfizer សម្រាប់កុមារ ចំនួន ១៩៦,៨០០ដូស នៃចំនួនដែលនឹងប្រគល់សរុប ៤៨២,៤០០ដូស ដល់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីចូលរួមទប់ស្កាត់ការរាតត្បាតជំងឺកូវីដ១៩។
វ៉ាក់សាំងនេះ ត្រូវបានដឹកមកដល់ប្រទេសកម្ពុជា ព្រមទាំងបានប្រគល់ជូនកម្ពុជារួចរាល់ហើយ ដោយឯកឧត្តម ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល និងឯកអគ្គរដ្ឋទូតអូស្ត្រាលី ប្រចាំនៅកម្ពុជា អញ្ជើញប្រគល់ និងទទួលនូវជំនួយវ៉ាក់សាំងនេះ។
សេចក្តីប្រកាសព័ត៌មានរបស់ស្ថានទូតអូស្រ្តាលី បានបញ្ជាក់ថា ការប្រគល់ប្រគល់ជូនវ៉ាក់សាំងនៅពេលនេះ គឺជាការបន្ថែមទៅលើជំនួយ វ៉ាក់សាំង Pfizer-BioNtech ចំនួន២,៣៥ដូស ទូបង្កកត្រជាក់ និងទូបង្កកត្រជាក់បំផុត សរុបទាំងអស់ចំនួន១៣៣គ្រឿង និងគ្រឿងបរិក្ខាចាំបាច់ផ្សេងៗទៀត ដែលជាជំនួយទ្វេភាគីរបស់ប្រទេសអូស្រ្តាលី។ ជំនួយទាំងនេះគឺជាផ្នែកមួយនៃជំនួយអូស្រ្តាលី ដែលមានថវិកាចំនួន៣៥,៧លានដុល្លារអូស្រ្តាលី ដែលជាការប្តេជ្ញាចិត្តគ្រប់ជំហានទាំងអស់ ឆ្ពោះទៅរកយុទ្ធនាការចាក់វ៉ាក់សាំងប្រកបដោយសុវត្ថិភាព ប្រសិទ្ធភាព និងសមភាពនៅកម្ពុជា។
កាលពីខែធ្នូ ឆ្នាំ២០២១ អូស្ត្រាលី ក៏បានផ្តល់ជំនួយវ៉ាក់សាំង Pfizer ចំនួន ២.៣៥លានដូសផងដែរ។
កម្ពុជាកំពុងទទួលបានជោគជ័យខ្ពស់លើការប្រយុទ្ធប្រឆាំងការរាតត្បាតជំងឺកូវីដ១៩។ បើទោះបីទទួលបានជោគជ័យយ៉ាងណាក្តី តែរាជរដ្ឋាភិបាលនៅតែបន្តយកចិត្តទុកដាក់ខ្ពស់ លើការប្រយុទ្ធប្រឆាំង និងទប់ស្កាត់ការរាតត្បាតជំងឺកូវីដ១៩។ ការងារអាទិភាពក្នុងការប្រយុទ្ធប្រឆាំងនេះ គឺការបន្តផ្តល់វ៉ាក់សាំងជូនប្រជាពលរដ្ឋ។
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បន្តស្វះស្វែងរកវ៉ាក់សាំងទុកក្នុងឃ្លាំង ហើយប្រកាសជំរុញការចាក់វ៉ាក់សាំងដូសជំរុញជូនប្រជាពលរដ្ឋ ដើម្បីធានាបាននូវការការពារសុខភាពប្រជាពលរដ្ឋពីមេរោគកូវីដ១៩។
លោកស្រី យក់ សម្បត្តិ បានឱ្យដឹងថា មកដល់ពេលនេះទាំងជំនួយ និងការបញ្ជាទិញ កម្ពុជារកបានវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ សរុបជិត ៥៣លានដូស។ ក្នុងនោះនៅសល់ក្នុងឃ្លាំងប្រមាណជា ៨លានដូស។ បើតាមលោកស្រី យក់ សម្បត្តិ នៅមានវ៉ាក់សាំងសរុបប្រមាណ ២០លានដូសទៀត ដែលជាជំនួយ និងជាការបញ្ជាទិញ មិនទាន់បានដឹកមកប្រទេសកម្ពុជានៅឡើយ។
ដោយឡែកការងារចាក់វ៉ាក់សាំងវិញ គិតត្រឹមថ្ងៃទី០៦ ខែកក្កដា កម្ពុជាចាក់បានជាង ៩៤ភាគរយនៃចំនួនប្រជាពលរដ្ឋសរុប។ ក្នុងនោះចាក់ជូនកុមារអាយុចាប់ពី ៣ឆ្នាំឡើង ដល់ក្រោម ៥ឆ្នាំ បានជាង ៧០ភាគរយ, កុមារអាយុ ៥ឆ្នាំ បានជាង ១៣៥ភាគរយ, កុមារអាយុពី ៦ឆ្នាំ ទៅ១២ឆ្នាំ បានជាង ១០៩ភាគរយ, កុមារ និងយុវវ័យ អាយុ ១២ឆ្នាំ ដល់ ១៨ឆ្នាំ បានជាង ១០០ភាគរយ និងអាយុ ១៨ឆ្នាំឡើង បានជាង ១០៣ភាគរយ។
ក្រៅតែពីដូសមូលដ្ឋាន ពេលនេះកម្ពុជា បានឈានដល់ចាក់ដូសជំរុញទី៥ផងដែរ។ ក្នុងនោះដូសជំរុញទី៣ ចាក់បានជាង ១០លាននាក់, ដូសជំរុញទី៤ ចាក់បានជិត ៣លាននាក់, ដូសជំរុញទី៥ បានជាង ៣៤ម៉ឺននាក់។
សម្តេចតេជោ ហ៊ុន សែន បានប្រកាសប្តេជ្ញាបន្តផ្តល់ដូសជំរុញជូនប្រជាពលរដ្ឋជាបន្តបន្ទាប់ទៀត ដោយមិនគិតថ្លៃនោះឡើយ។ សម្តេចតេជោ ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋទៅទទួលវ៉ាក់សាំងដូសជំរុញបន្តទៀត នៅពេលដល់់ពេលត្រូវចាក់ ដើម្បីបង្កើនប្រព័ន្ធភាពស៉ាំក្នុងរាងកាយការពារជំងឺកូវីដ១៩៕