លោក ហេង រតនា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុក ជាអគ្គនាយកមជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីនកម្ពុជា (ស៉ីម៉ាក់) បានបញ្ជាក់ប្រាប់បណ្តាញព័ត៌មាន Fresh News នៅរសៀលថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២២នេះថា កម្លាំងអង្គភាពស៊ីម៉ាក់ កំពុងតែសំរុកបោសសំអាតចម្ការមីន នៅឃុំប៉ោយចារ ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ ដែលតាមផែនការនឹងបញ្ចប់នៅចុងខែកក្កដានេះ។
លោក ហេង រតនា បានបញ្ជាក់ឲ្យដឹងទៀតថា ការពង្រាយកម្លាំងបោសសំអាតគ្រាប់មីន នៅតំបន់ប៉ោយចារនេះ គឺប្រើប្រាស់ថវិកាអង្គភាពស៊ីម៉ាក់ ដែលមានស្រាប់ ហើយតាមការប៉ាន់ស្មានកិច្ចប្រតិបត្តិការនេះ អាចចំណាយថវិកាប្រមាណជាង ៣៧,៥០០ដុល្លារអាមេរិក។
លោក ហេង រតនា ធ្លាប់ប្រាប់ឲ្យដឹងថា កម្លាំងជំនាញដោះមីនរបស់អង្គភាពស៊ីម៉ាក់ នឹងប្រើប្រាស់រយៈពេល១ខែ ដើម្បីបោសសំអាតគ្រាប់មីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះឲ្យអស់ នៅក្នុងឃុំប៉ោយចារ តំបន់អាងត្រពាំងថ្ម និងទូទាំងស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ បន្ទាប់មកប្រកាស ដាក់ជាតំបន់គ្មានមីន។
បើតាមលោក ហេង រតនា កម្លាំងជំនាញដោះមីនរបស់អង្គភាពស៊ីម៉ាក់ បានចូលទៅដល់ទីតាំងប្រតិបត្តិការ នៃឃុំប៉ោយចារ ស្រុកភ្នំស្រុក តាំងតែពីថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២២។
លោកបញ្ជាក់យ៉ាងដូច្នេះថា «កម្លាំងអង្គភាពស៊ីម៉ាក់ ប្រចាំទិសបន្ទាយមានជ័យ បានដាក់ពង្រាយកម្លាំងប្រតិបត្តិការបោសសម្អាតគ្រាប់មីន ក្នុងតំបន់ខាងលើនេះ ត្រូវប្រើប្រាស់កំលាំងចំនួនជាង៥០នាក់ ដោយប្រើប្រាស់កំលាំងគ្រឿងចក្រ កំលាំងសុនខ និងកំលាំងបច្ចេកទេសតាមការចាំបាច់ ដោយអាចប្រើរយៈពេល១ខែ (ក្នុងខែកក្កដា) ក្នុងការបោសសម្អាត»។
សូមបញ្ជាក់បន្ថែមថា ផ្ទៃដីដែលរងផលប៉ះពាល់ដោយសារគ្រាប់មីននៅស្រុកភ្នំស្រុកទាំងមូល ដែលបូករួមទាំងឃុំប៉ោចារ និងតំបន់អាងត្រពាំងថ្ម មានកំណត់ត្រាក្នុងប្រពន្ធ័ទិន្នន័យមានចម្ការមីនចំនួន៨ និងមានផ្ទៃដីសរុបជាង២៥ហិចតា ដែលសល់មិនទាន់ បានបោសសំអាត។
សូមជម្រាបថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាប្រធានអាជ្ញាធរមីន កាលនៅថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២២នេះ បានបញ្ជាឲ្យរដ្ឋបាលខេត្តបន្ទាយមានជ័យ សហការជាមួយអាជ្ញាធរមីន បញ្ចប់ឲ្យអស់នៅបញ្ហាគ្រាប់មីន នៅឃុំប៉ោយចារ និងតំបន់អាងត្រពាំងថ្ម ស្រុកភ្នំស្រុក ទោះត្រូវចំណាយក្នុងតម្លៃណាក៏ដោយ ដើម្បីធានាថា តំបន់នេះជាតំបន់សុវត្ថិភាព គ្មានមីន។
សម្តេចតេជោនាយកដ្ឋមន្ត្រីនៃកម្ពុជា ក៏បានអំពាវនាវដល់វិស័យឯកជន ចូលរួមជាមួយរាជរដ្ឋាភិបាល ក្នុងការបោសសំអាតមីន ឲ្យអស់ពីកម្ពុជាផងដែរ។ បន្ទាប់ពីមានការអំពាវនាវនេះ មានទាំងមន្ត្រីរាជរដ្ឋាភិបាល ពាណិជ្ជករ សិល្បករ សិល្បការិនី និងអង្គការ សមាគមន៍នានា បានចូលរួមបរិច្ចាគថវិកាជាបន្តបន្ទាប់ បង្ហាញឲ្យឃើញពីការសាមគ្គីជាតិ ក្នុងបញ្ចប់បញ្ហាគ្រាប់មីននៅកម្ពុជា៕