ឯកឧត្តម ហ៊ុន ម៉ាណែត អញ្ជើញសម្ពោធឆ្លងសាលាពុទ្ធិកអនុវិទ្យាល័យសម្តេចព្រះធម្មលិខិត លាស់ ទ្បាយ ក្នុងវត្តសន្សំកុសល


ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត តំណាងរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្តេចកិតិ្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន នៅព្រឹកថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២២នេះ បានអញ្ជើញសម្ពោធឆ្លង សាលាពុទ្ធិកអនុវិទ្យាល័យសម្តេចព្រះធម្មលិខិត លាស់ ទ្បាយ សន្សំកុសល ស្ថិតនៅក្នុងបរិវេណវត្តសន្សំកុសល សង្កាត់បឹងទំពន់ទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

ថ្លែងក្នុងឱកាសនោះ ឯកឧត្តម ហ៊ុន ម៉ាណែត សូមអបអរសាទរ និងអនុមោទនាត្រេកអរចំពោះការសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ នូវអគារពុទ្ធិកអនុវិទ្យាល័យសម្តេចព្រះធម្មលិខិត លាស់ ឡាយ ដែលបម្រើឲ្យតម្រូវការការងារ ជាក់ស្តែងប្រចាំថ្ងៃរបស់សាលា និងការសិក្សារបស់សមណសិស្ស និងសិស្សានុសិស្ស ក្នុងបុព្វហេតុនៃការបណ្តុះបណ្តាលធនធានមនុស្សឱ្យក្លាយជាបណ្ឌិតបញ្ញាវ័ន្ត ដែលជាមូលធនមនុស្សដ៏ចាំបាច់សម្រាប់ ដំណើរការកសាងអភិវឌ្ឍសង្គមជាតិ។ សមិទ្ធផលដែលលេចចេញជារូបរាងនាពេលនេះ គឺបានមកពីការផ្តួចផ្តើមតាមព្រះរាជបណ្តាំរបស់សម្តេចព្រះធម្មលិខិត លាស់ ឡាយ កាលព្រះអង្គនៅមានព្រះជន្ម។

ឯកឧត្តមបន្ដថា ព្រះអង្គមានព្រះបំណងចង់កសាងអគារពុទ្ធិកអនុវិទ្យាល័យថ្មីមួយ ដើម្បីបម្រើជាឧត្តមប្រយោជន៍ដល់ជាតិ និងសាសនា។ សូមយកឱកាសនេះសម្តែងនូវការរលឹកនឹកគុណ និងឧទ្ទិសបុណ្យកុសលជូនដល់វិញ្ញាណក្ខន្ធរបស់សម្តេចព្រះធម្មលិខិត លាស់ ទ្បាយ ដែលបានខិតខំជួយកសាងសមិទ្ធផលយ៉ាងច្រើនសន្ធឹកសន្ធាប់ នៅក្នុងវត្តសន្សំកុសលនេះ សម្រាប់បន្សល់ទុកជាកេរ្ដិ៍ដំណែលដល់អ្នកជំនាន់ក្រោយ ក្នុងការគោរពប្រតិបត្តិជំនឿសាសនា និងក្រេបជញ្ជក់ចំណេះវិជ្ជាទាំងផ្នែកពុទ្ធចក្រ និងអាណាចក្រ។

បន្ថែមពីនេះ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅប្រគេន និងជូនព្រះតេជគុណព្រះសង្ឃគ្រប់ព្រះអង្គ លោកគ្រូអ្នកគ្រូ អាជ្ញាធរមូលដ្ឋាន ដែលបានដឹកនាំ និងជ្រោមជ្រែងដល់ការកសាងសមិទ្ធផលថ្មីទាំងនេះ ព្រមជាមួយនឹងការចូលរួមចំណែករបស់សប្បុរសជន និងប្រជាពលរដ្ឋជាពុទ្ធបរិស័ទជិតឆ្ងាយ ដែលស្តែងឲ្យឃើញអំពីការរួមចំណែកមិនអាចខ្វះបានជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការទ្រទ្រង់ និងលើកស្ទួយវិស័យពុទ្ធិកសិក្សានៅកម្ពុជា ឲ្យបានរីកចម្រើនលូតលាស់តទៅមុខទៀត។ ការចូលរួមនេះ គឺជាមូលដ្ឋានគ្រឹះយ៉ាងសំខាន់ក្នុងការកសាងផ្នែករឹង គឺហេដ្ឋារចនាសម្ព័ន្ធសំណង់អាគារ ដែលបម្រើដល់ផ្នែកទន់ គឺការផ្តល់នូវចំណេះដឹង រួមទាំងការអប់រំសីលធម៌ និងគុណធម៌។

ឯកឧត្តម ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា ការរស់នៅប្រកបធម៌ វិន័យ ស្មារតីគោរពគ្នាទៅវិញទៅមក និងការគោរពច្បាប់ដោយមិនបំពានសិទ្ធិអ្នកដទៃ អាចនាំឲ្យមនុស្សទទួលបាននូវសង្គមមួយ ដែលសមប្រកបដោយសន្តិភាព សុវត្ថិភាព សុភមង្គល និងការរីកចម្រើនជឿនលឿន។ មូលដ្ឋានសីលធម៌របស់មនុស្សជាតិ ត្រូវមាននៅក្នុងការអប់រំតាំងពីវ័យក្មេងរហូតដល់ធំ ហើយមូលដ្ឋាននេះ គឺជាកត្តាចាំបាច់ចូលរួមចំណែកដល់ការរក្សាការពារស្ថិភាព សន្តិសុខ និងភាពសុខដុមរមនាក្នុងសង្គម។

ជាមួយគ្នានេះ មានតួអង្គ៣សំខាន់ ដែលដើរតួនាទីក្នុងការអប់រំបណ្តុះបណ្តាលដល់ទំពាំងស្នងប្ញស្សី គឺទី១៖ លោកគ្រូ អ្នកគ្រូដែលបានផ្តល់ចំណេះដឹងនៅក្នុងសាលារៀន, ទី២៖ ឪពុកម្តាយតាយាយសាច់ញាតិបងប្អូន ដែលបន្តអប់រំប្រៀនប្រដៅនៅផ្ទះ និងទី៣៖ កត្តាបរិយាកាសសង្គមបរិស្ថានជុំវិញ ដែលត្រូវមានលក្ខណៈអំណោយផលដល់ការក្រេបជញ្ជក់នូវបទពិសោធន៍ និងចំណេះធ្វើជាក់ស្តែង។

ជាមួយគ្នានេះ ឯកឧត្តម ហ៊ុន ម៉ាណែត បានលើកឡើងថា សម្តេចតេជោ នាយករដ្ឋមន្ត្រី មានគោលដៅ និងមានមហិច្ឆិតាចង់ឲ្យកម្ពុជា ក្លាយជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់ក្នុងឆ្នាំ២០៣០ និងជាប្រទេសមានចំណូលខ្ពស់ក្នុងឆ្នាំ២០៥០។ ក្នុងគោលដៅនេះ សម្តេចបានខិតខំប្រឹងប្រែងគ្រប់បែបយ៉ាង ដើម្បីទាក់ទាញវិនិយោគទុនទាំងក្នុង និងក្រៅប្រទេស សំដៅបង្កើនវឌ្ឍនភាពសេដ្ឋកិច្ច ហើយអ្វីដែលសំខាន់ជាងនេះ គឺការការពារអាយុជីវិតប្រជាពលរដ្ឋកុំឲ្យរងគ្រោះដោយសារសង្គ្រាមបែកបាក់ និងការស្លាប់ដោយសារជំងឺកូវីដ-១៩ ជាដើម ពីព្រោះកត្តាទាំងនេះ អាចនឹងមានផលប៉ះពាល់អូសបន្លាយរយៈពេលវែងដល់ដំណើរការនៃការអភិវឌ្ឍជាតិ។

ឯកឧត្តមថា អភិក្រមទាំង៥ (ឆ្លុះកញ្ចក់ ងូតទឹក ដុសក្អែល ព្យាបាល វះកាត់) មិនមែនកើតចេញដោយចៃដន្យនោះទេ ប៉ុន្តែនេះគឺជាចក្ខុវិស័យរបស់គណបក្សប្រជាជនកម្ពុជា ដែលតែងធ្វើការស្វ័យវាយតម្លៃចំណុចខ្វះខាតរបស់ខ្លួនឯងជាប់ជាប្រចាំ។ ឈរលើមូលដ្ឋាននៃការដឹកនាំ និងការតាក់តែងគោលនយោបាយ ដោយផ្សាភ្ជាប់ទៅនឹងការស្វ័យវាយតម្លៃខ្លួនឯងនេះហើយ ដែលជាកត្តានាំឲ្យមានការគាំទ្រពីសំណាក់ប្រជាពលរដ្ឋយ៉ាងលើសលប់នៅទូទាំងប្រទេស។

ក្នុងន័យនេះ គណបក្សតែងបានខិតខំកែប្រែចំណុចខ្វះខាត និងពង្រឹងបន្ថែមចំណុចខ្លាំងឲ្យបានទាន់ពេលវេលា និងឲ្យអស់ពីសមត្ថភាព ដើម្បីទទួលបានការគាំទ្របន្តទៅមុខទៀត និងបន្តជោគជ័យសម្រាប់ ការបោះឆ្នោតនៅឆ្នាំ២០២៣ ខាងមុខ ព្រមទាំងផ្តល់ឱកាសជូន សម្តេចតេជោ បន្តដឹកនាំដោយការតម្កល់ផលប្រយោជន៍ជាតិជាធំ និងបន្តបម្រើប្រជាពលរដ្ឋឲ្យបានសេចក្តីសុខ សុភមង្គល និងការអភិវឌ្ឍកាន់តែរីកចម្រើនជឿនលឿន៕