ក្រសួងបរិស្ថាន បណ្តុះបណ្តាលពីនីតិវិធីប្រតិបត្តិស្តង់ដារ សម្រាប់ស៊ើបអង្កេត និងបទល្មើសសម្អាតប្រាក់ដែលពន្លាតចេញពីបទល្មើសធនធានធម្មជាតិ ជូនមន្ត្រីឧទ្យានុរក្ស៤០រូប នៅខេត្តព្រះវិហារ


(ព្រះវិហារ)៖ ក្រសួងបរិស្ថាន បានបន្តចុះបណ្តុះបណ្តាលអំពីគោលការណ៍ណែនាំស្តីពីបែបបទ និងនីតិវិធីប្រតិបត្តិស្តង់ដារសម្រាប់ស៊ើបអង្កេត និងរៀបចំសំណុំរឿងសម្អាងបទល្មើស និងបទល្មើសសម្អាតប្រាក់ដែលពន្លាតចេញពីបទល្មើសដើមនៃបទល្មើសធនធានធម្មជាតិ ជូនមន្ត្រីឧទ្យានុរក្សជាមន្ត្រីនគរបាលយុត្តិធម៌ និងមន្ត្រីអនុវត្តច្បាប់ចំនួន ៤០រូប របស់មន្ទីរបរិស្ថានខេត្តព្រះវិហារ។

ការបណ្តុះបណ្តាលនេះប្រព្រឹត្តឡើងនៅមន្ទីរបរិស្ថានខេត្តព្រះវិហារ នៅព្រឹកថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២២ ក្រោមអធិបតីភាព ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការ និងជាអនុប្រធានអចិន្ត្រៃយ៍ក្រុមការងារប្រឆាំងការសម្អាតប្រាក់ នៃក្រសួងបរិស្ថាន ក្នុងក្របខណ្ឌនៃការពង្រឹងសមត្ថភាពមន្ត្រីនគរបាលយុត្តិធម៌ ដើម្បីចូលរួមប្រឆាំងនឹងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្មដែលកើតចេញពីផលនៃបទល្មើសធនធានធម្មជាតិ។

ឯកឧត្តម នេត្រ ភក្ត្រា បានគូសបញ្ជាក់ថា ក្នុងកិច្ចខិតខំប្រឹងប្រែងប្រយុទ្ធប្រឆាំងនឹងបទល្មើសសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្មពាក់ព័ន្ធនឹងបទល្មើសធនធានធម្មជាតិ ក្រសួងបរិស្ថានបានចូលរួមយ៉ាងសកម្មជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធរបស់រាជរដ្ឋាភិបាល ដើម្បីពង្រឹងយន្តការ និងប្រព័ន្ធការងារអចិន្ត្រៃយ៍របស់ក្រសួងបរិស្ថាន ក្នុងការប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម និងបង្កើនប្រសិទ្ធភាពនៃការទប់ស្កាត់បទល្មើសនៃការសម្អាតប្រាក់។

នៅក្នុងការបណ្តុះបណ្តាលនេះ ក្រុមការងារប្រឆាំងការសម្អាតប្រាក់ នៃក្រសួងបរិស្ថាន បានធ្វើបទបង្ហាញពាក់ព័ន្ធនឹងច្បាប់ស្តីពីតំបន់ការពារធម្មជាតិ ច្បាប់ស្តីពីការប្រឆាំងនឹងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម និងនីតិវិធីប្រតិបត្តិសង្ត់ដារសម្រាប់អនុវត្តនៅក្នុងការប្រឆាំងការសម្អាតប្រាក់។

ឯកឧត្តម នេត្រ ភក្ត្រា បានលើកឡើងថា មន្ត្រីនគរបាលយុត្តិធម៌នឹងត្រូវពន្លាតលើបទល្មើសនៃការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម ក្នុងករណីរកឃើញថា បទល្មើសដើមនៃបទល្មើសព្រៃឈើ និងបទល្មើសត្វព្រៃខុសច្បាប់មានតម្រុយពាក់ព័ន្ធនឹងការសម្អាតប្រាក់។

បន្ថែមពីនេះ ឯកឧត្តមរដ្ឋលេខាធិការ បានគូសបញ្ជាក់ថា បច្ចុប្បន្ននេះ បទល្មើសធនធានធម្មជាតិទ្រង់ទ្រាយធំលែងកើតមានទៀតហើយ គឺនៅមានបទល្មើសខ្នាតតូចដែលយើងចាំបាច់ត្រូវបន្តទប់ស្កាត់ និងបង្ក្រាប។

ឯកឧត្តម នេត្រ ភក្ត្រា បានបានជំរុញឱ្យមន្ត្រីនគរបាលយុត្តិធម៌ និងមន្ត្រីអនុវត្តច្បាប់ ត្រូវតែបង្កើនការយកចិត្តទុកដាក់ និងបន្តអនុវត្តច្បាប់ឱ្យបានម៉ត់ចត់ និងប្រកបដោយការទទួលខុសត្រូវ និងវិជ្ជាជីវៈដើម្បីបង្កើនប្រសិទ្ធភាពខ្ពស់ក្នុងកិច្ចការពារ និងអភិរក្សធន ធានធម្មជាតិ និងជាពិសេសទប់ស្កាត់ និងបង្ក្រាបបទល្មើសទាក់ទង នឹងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្មពាក់ព័ន្ធនឹងបទល្មើសធនធានធម្មជាតិ។

ខេត្តព្រះវិហារ គឺជាខេត្តទី៨ នៃខេត្តដែលមានតំបន់ការពារធម្មជាតិ ដែលមន្ត្រីនគរបាលយុត្តិធម៌របស់ក្រសួងបរិស្ថានទទួលបានការបណ្តុះបណ្តាលពង្រឹងសមត្ថភាពលើការប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្មក្នុងបទល្មើសធនធានធម្មជាតិពាក់ព័ន្ធនឹងបទល្មើសព្រៃឈើ និងបទល្មើសជួញដូរសត្វ ព្រៃខុសច្បាប់។ មន្ត្រីនគរបាលយុត្តិធម៌ នៃមន្ទីរបរិស្ថាន ដែលបានទទួលការបណ្តុះបណ្តាលរួចហើយរួមមាន៖ ខេត្តកំពង់ស្ពឺ ខេត្តកែប ខេត្តកំពត ខេត្តក្រចេះ ខេត្តស្ទឹងត្រែង ខេត្តរតនគិរី ខេត្តមណ្ឌលគិរី នៅក្នុងគោលបំណងដើម្បីពង្រឹងបន្ថែមយន្តការ និងប្រព័ន្ធការងារ បង្កើនសមត្ថភាពមន្ត្រីអនុវត្តច្បាប់ប្រឆាំងនឹងបទល្មើសធនធានធម្មជាតិ និងបទល្មើសពាក់ព័ន្ធនឹងការសម្អាតប្រាក់។

គួរបញ្ជាក់ថា ក្រសួងបរិស្ថានមានមន្ត្រីនគរបាល និងមន្ត្រីអនុវត្តច្បាប់សរុបជាង១,៤២២នាក់៕