ព្រឹកថ្ងៃនេះសម្តេចតេជោ ហ៊ុន សែន អញ្ជើញបិទសន្និបាតបូកសរុបការងារទេសចរណ៍


(ភ្នំពេញ)៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១៤ ខែកក្កដា ឆ្នាំ២០២២នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា អញ្ជើញជាអធិបតីភាពបិទសន្និបាតបូកសរុបការងារវិស័យទេសចរណ៍ ដែលរៀបចំឡើងដោយក្រសួងទេសចរណ៍ និងប្រតិបត្តិករទេសចរណ៍។ ពិធីនេះប្រព្រឹត្តទៅនៅសណ្ឋាគារសុខា។

វិស័យទេសចរណ៍នៅកម្ពុជា ក៏ដូចជានៅលើពិភពលោក បានជួបនូវការប៉ះទង្គិចយ៉ាងខ្លាំងក្នុងរយៈពេលជាង ២ឆ្នាំកន្លងទៅនេះ ដោយសារតែវិបត្តិបណ្តាលមកពីការរាតត្បាតនៃជំងឺកូវីដ១៩។ បន្ទាប់ពីរាជរដ្ឋាភិបាលកម្ពុជា បានយកឈ្នះលើការរាតត្បាតកាលពីចុងឆ្នាំ២០២២កន្លងទៅនេះ ក្រសួងទេសចរណ៍ដែលជាសេនាធិការរបស់រាជរដ្ឋាភិបាល និងប្រតិបត្តិករក្នុងវិស័យទេសចរណ៍ បានប្រឹងប្រែងជាខ្លាំង ដើម្បីឱ្យវិស័យដែលកម្ពុជាចាត់ទុកជាមាសបៃតងនេះ មានដង្ហើមឡើងវិញ។

ក្រសួងទេសចរណ៍ និងប្រតិបត្តិករទេសចរណ៍នៅកម្ពុជា បានបើកសន្និបាតរួមគ្នាមួយ ដើម្បីបូកសរុបការងារទេសចរណ៍ បូកសរុបផែនការស្តារ និងលើកស្ទួយវិស័យទេសចរណ៍កម្ពុជា ក្នុង និងក្រោយវិបត្តិជំងឺកូវីដ១៩ ដំណាក់កាលទី១ (២០២០-២០២១) និងឆមាសទី១ ឆ្នាំ២០២២ និងលើកទិសដៅផែនការស្តារឡើងវិញនូវវិស័យទេសចរណ៍ក្នុងដំណាក់កាលទី២ (ឆមាសទី២ ឆ្នាំ២០២២-២០២៣)។

សន្និបាតដែលបានធ្វើឡើងនៅថ្ងៃទី១២ និង១៣ ខែកក្កដា ឆ្នាំ២០២២នេះ មន្ត្រី និងអ្នកជំនាញក្នុងវិស័យទេសចរណ៍ បានជជែក និងពិភាក្សាគ្នាលើប្រធានបទជាច្រើន ពាក់ព័ន្ធនឹងវិស័យទេសចរណ៍។ ជាពិសេសវិបត្តិ និងបញ្ហា ដែលបានកើតមានចំពោះវិស័យទេសចរណ៍ ដែលបានកើតមានក្នុងវិបត្តិកូវីដ១៩។ ក្នុងសន្និបាត ក៏បានពិភាក្សាដាក់ចេញនូវយន្តការផ្សេងៗ ដើម្បីជាកាលានុវត្តន៍ភាពសម្រាប់វិស័យទេសចរណ៍ចំពោះមុខភាពមិនច្បាស់លាស់នៃជំងឺកូវីដ១៩។

តាមរបាយការណ៍ដែលបានបង្ហាញក្នុងអង្គសន្និបាតនេះ បានឱ្យដឹងថា រយៈពេលប្រមាណ ៦ខែដើមឆ្នាំ២០២២ កម្ពុជាទទួលបានភ្ញៀវទេសចរអន្តរជាតិប្រមាណជាង ៥០ម៉ឺននាក់ កើនឡើង ៣៩៤% ធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២១។ តែនៅថយចុះ -៨៤.៨% ធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០១៩ (មុនវិបត្តិ) ដោយភាគច្រើនមកពីប្រភពទីផ្សារវៀតណាម ថៃ ចិន សហរដ្ឋអាមេរិក ឥណ្ឌូណេស៊ី បារាំង កូរ៉េ ម៉ាឡេស៊ី អង់គ្លេស អូស្រ្តាលី សិង្ហបុរី និងឥណ្ឌា។

ក្នុងរយៈពេលដូចគ្នានេះ កម្ពុជាទទួលបានភ្ញៀវទេសចរផ្ទៃក្នុងជាង៧លាននាក់ ក្នុងនោះទេសចរជាតិមានប្រមាណ ៦.៣៣លាននាក់ កើនឡើង ២១៩% និងទេសចរបរទេសផ្ទៃក្នុងមានប្រមាណ ៦៨ម៉ឺននាក់ កើនឡើង ៣៨០% ធៀបរយៈពេលដូចគ្នាឆ្នាំ២០២១។

កម្ពុជារំពឹងថា នឹងអាចទទួលបានភ្ញៀវទេសចរអន្តរជាតិក្នុងរង្វង់ ១លាននាក់ នៅក្នុងឆ្នាំ២០២២នេះ និងប្រមាណ ២លាននាក់ នៅក្នុងឆ្នាំ២០២៣ខាងមុខ ជាឆ្នាំដែលកម្ពុជា នឹងធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍កីឡាស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម លើកទី៣២។

ក្នុងសន្និបាតនេះ ក៏មានការវាយតម្លៃថា យ៉ាងហោចណាស់ កម្ពុជាត្រូវចាំដល់ឆ្នាំ២០២៦ ឬឆ្នាំ២០២៧ ទើបស្ថានភាពចំនួនភ្ញៀវទេសចរអន្តរជាតិ វិលទៅរកកំណើនដូចកាលពីឆ្នាំ២០១៩ ដែលមិនទាន់មានវិបត្តិជំងឺកូវីដ១៩ រីករាលដាល។ ទាំងនេះគឺដោយសារសម្ពាធពីកត្តាខាងក្រៅមួយចំនួនដែលយើងកំពុងជួបនោះ មានដូចជាចរន្តនៃការធ្វើដំណើរទេសចរចេញក្រៅសំខាន់ៗ លទ្ធភាពនៅក្នុងការផ្លាស់ប្តូរគោលនយោបាយគ្មានកូវីដ-១៩ (Zero-COVID Policy) របស់ប្រទេសចិននៅក្នុងពេលខាងមុខ ឥទ្ធិពលនៃវិបត្តិនៅអ៊ុយក្រែន ឥទ្ធិពលនៃវិបត្តិសេដ្ឋកិច្ចដែលបានធ្វើឱ្យមានការថមថយអំណាចទិញ គឺសុទ្ធបានជំរុញឱ្យមានការផ្លាស់ប្តូរគោលដៅនៃការតភ្ជាប់មកកាន់កម្ពុជាទាំងតាមផ្លូវអាកាស ផ្លូវគោក និងផ្លូវទឹក។ ម្យ៉ាងទៀត ការប្រកួតប្រជែងស្រួចស្រាលពីប្រទេសជិតខាងដែលជាគោលដៅទាក់ទាញទេសចរពីប្រភពទីផ្សារដូចគ្នា និងការផ្លាស់ប្តូរឥរិយាបទនៃការធ្វើដំណើររបស់ទេសចរជាសកលផងនោះ ក៏ជាកត្តារួមចំណែករាំងស្ទះក្នុងការទាក់ទាញកំណើននេះដែរ៕